រាជធានីភ្នំពេញ ៖ អ៊ឹង បូរ៉ា មកពីក្លិបព្រះខ័នរាជ ទទួលជ័យជម្នះលើកីឡាករឆាំ រ៉ែម មកពីក្លិបសិង្ហកីឡា ដោយពិន្ទុ ស្ថិតនៅក្រោមការរិះគន់ពីអ្នកទស្សនាយ៉ាងខ្លាំង ខណៈគូនេះត្រូវបានគេដឹងថា ជាអតីតសិស្សរួមគ្រូពីមុនមក ទើបការប្រកួតរវាងពួកគេទាំង២នាក់មិនបានពេញដៃពេញជើងឡើយ ។ ការប្រកួតធ្វើឡើងនៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN នាថ្ងៃអាទិត្យទី៥ សីហា នៅក្នុងក្របខណ្ឌដណ្តើមខ្សែក្រវាត់ K-cement ទម្ងន់៥៤គីឡូក្រាម វគ្គជម្រុះនៅក្នុងពូលA ជុំទី 1 ។
មហាជនដែលបានចូលរួមទស្សនាបាននាំគ្នាសើចចំអកពេលឃើញគូនេះប្រកួតហាក់បីដូចជាប្រឡែងគ្នាលេងមិនសមទទួលបានតម្លៃខ្លួនច្រើនជាងគូប្រកួតធម្មតាឡើយ ព្រោះអ្នកឈ្នះទទួលបាន១លានរៀល រីឯអ្នកចាញ់ទទួលបាន៨០ម៉ឺនរៀល ។
រីឯគូប្រកួតជាលក្ខណៈមិត្តភាពនៅក្នុងថ្ងៃនោះដែរ នួន ភិរក្ស មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ដែលគេមានជំនឿចិត្តច្រើនក្នុងការប្រកួតនោះ ទីបំផុតបានត្រឹមយកស្មើពិន្ទុជាមួយឡេះ តើក មកពីក្លិបពុទ្ធសេរីវង្សកីឡា ប៉ុណ្ណោះ ។ គូនេះមិនធ្លាប់បានប៉ះគ្នាពីមុនមកឡើយគួបផ្សំខានបានឡើងសង្វៀនយូរមកហើយដូចគ្នាដែរនោះ នៅទឹកទី១ និងទី២ ពួកគេមានការប្រយ័ត្នប្រយែងរៀងៗខ្លួន ។
លុះចូលដល់ទឹកទី៣ ភិរក្ស បានបញ្ចេញស្នៀតកែង និងកណ្តាប់ដៃវាយទៅលើឡេះ តើក មុន ចំណែកឡេះ តើក មិនត្រឹមតែអាចការពារខ្លួនបានយ៉ាងល្អប៉ុណ្ណោះទេ ថែមទាំងមានឱកាសទាត់សងវិញភ្លាមៗដែរ ។ ចូលដល់ទឹកទី៤ និងទី៥ ស្ថានភាពប្រកួតរវាងគូនេះប្រហាក់ប្រហែលគ្នាគ្មានអ្វីប្រែប្រួលឡើយធ្វើឱ្យចប់ការប្រកួតទទួលបានលទ្ធផលស្មើគ្នា ។ជ័យ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡា ប្រកួតឈ្នះពិន្ទុ ធា រិទ្ធី មកពីក្លិបអេភូថងកីឡា ។ តាមពិតវណ្ណៈ ក៏មិនពូកែលើសរិទ្ធីប៉ុន្មានដែរ ទាំងបច្ចេកទេស និងកម្លាំង ប៉ុន្តែរិទ្ធី ពេលជួបវណ្ណៈ លើកនេះហាក់បីដូចជាមានភាពទន់ជ្រាយខាងកម្លាំងយ៉ាងខ្លាំង ។ នៅទឹកទី១ និងទី២ ពួកគេបានវាយសម្រុកដាក់គ្នាទៅវិញទៅមក ប៉ុន្តែវណ្ណៈ គ្រប់គ្រងការប្រកួតបានច្រើនជាងនៅទឹកទី៤ និងទី៥ ។
ទោះបីជាយ៉ាងណា វណ្ណៈទទួលជ័យជម្នះលើរិទ្ធី លើកនេះក៏មិនសូវជាស្រួលខ្លួនប៉ុន្មានដែរ ។ជន សាវុធ មកពីក្លិបអូដឹមកីឡា ប្រកួតឈ្នះពិន្ទុ យិន បូរិន មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ និង ទូច ស័ក្តិ មកពីក្លិបរស្មីកុមារកំព្រា ប្រកួតឈ្នះសូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែក ដោយពិន្ទុ ៕


ចែករំលែកព័តមាននេះ