ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ទាត់​​ពាន​រង្វាន់​ Metfone CambodianLeague 2012 កាលពីថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​ក្រុម​បាល់​ទាត់​គិរី​វង់​សុខ​សែន​ជ័យ បានលត់​ក្រុម​ភ្នំពេញ​ក្រោន​ ឱ្យ​ចាញ់​ក្នុង​លទ្ធ​ផល 3-1 សម្រាប់​​ការ​ប្រកួត​​បាល់​ទាត់​ក្រប​ខណ្ឌ Metfone Cambodian League 2012 នៅ​លើ​ទី​លាន​​ពហុ​កីឡដ្ឋាន​​ជាតិ កាល​ពី​​រសៀល​ថ្ងៃ​សៅរ៍​ទី៤ សីហា កន្លង​មក​ ខណៈ​ក្រុម​ណា​ហ្គា​ខប បំបាក់​ក្រុម​ឆ្លាម​សមុទ្រ​ ក្នុង​លទ្ធ​ផល 7-0 ។

នៅ​ក្នុង​តង់ទី​១ ក្រុម​​ភ្នំពេញ​ក្រោន​ មាន​ឱកាស​បណ្តើរ​​បាល់​ទៅ​ដល់​មុខទី​គូ​ប្រកួត​​បាន​តិច​តួច​បំផុត  តែ​ទោះ​បី​ជា​យ៉ាង​ណា​ ក៏​គេ​រក​បាន​១​គ្រាប់​ដែរ ខណៈ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ រក​បាន២​គ្រាប់​នាំ​មុខ​មុន ។ ក្រុម​ភ្នំពេញ​ក្រោន​ ពេល​នេះ​​កំពុង​​ឈរ​នៅ​លេខ​រៀង​ទី​៥​ជា​បណ្តោះ​អាសន្ន​​ បន្ទាប់​ពី​​ប្រកួត​​បាន​១៦​លើក​ ឈ្នះ​៧លើក ស្មើ​២ លើក និង​ចាញ់​៧​លើក មាន​២​៣​ពិន្ទុ រី​ឯ​ក្រុម​គិរី​វង់​សុខ​សែន​ជ័យ​​ វិញ​លេង​បាន​​១៦​ប្រកួត​ដូច​គ្នា ទើប​តែ​រក​បាន​១៦​ពិន្ទុ​ប៉ុណ្ណោះ​​ ។​

ក្រុម​​ណា​ហ្គា​ខប ដែល​បាន​​បំបាក់​ក្រុម​ឆ្លាម​សមុទ្រ​​ ឱ្យ​ចាញ់​ក្នុង​លទ្ធ​ផល 7-0 នោះ​ បាន​ធ្វើ​ឱ្យ​ក្រុម​របស់​​គេ​ឡើង​​ទៅ​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១​នៃ​តារាង ព្រោះ​​លេង​បាន​១៥​ប្រកួត​​ឈ្នះ​១០លើក ស្មើ៣​លើក និង​ចាញ់​១​លើក មាន​៣៣​ពិន្ទុ ។ រី​ឯ​​ក្រុម​ឆ្លាម​សមុទ្រ​​ វិញ​ ទំនង​ជា​មិន​អាច​​គេច​ផុត​ពី​តំបន់​កាត់​ចោល​ឡើយ ។

សម្រាប់​ការ​ប្រកួត​​ថ្ងៃ​អាទិត្យ​ទី៥ សីហា ក្រុម​​បៀល​ប្រាយ​យូណា​យ​ធីត បាន​យក​ឈ្នះ​លើ​ក្រុម​ក្រសួង​​ការ​ពារ​ជាតិ​ ក្នុង​លទ្ធ​ផល 3-1 ចំណែក​​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ជាតិ យក​ឈ្នះ​ក្រុម​វេស្ទើន​ ក្នុង​លទ្ធ​ផល 1-0 ។ ក្រុម​បៀល​ប្រាយ​​យូណាយ​ធីត​ ទោះ​បី​បាត់​បង់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​១​រូប​ គឺ​កីឡា​ករ​​ BADMUS SURUJUDEEN BOLAJI ពាក់​អាវ​លេខ​២៤ ជន​ជាតិ​ប្រេស៊ីល នៅ​នាទី​ទី​២០ ដែល​​បាន​រង​របួស​​បាក់​ក​ជើង​ខាង​ស្តាំ​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជាបន្ទាន់​ក៏​ដោយ ក៏​នៅ​មាន​ឱ​កាស​គ្រប់​គ្រង​ការ​លេង​បាន​យ៉ាង​ល្អ​បំផុត ។ ប្រធាន​ក្រុម​​របស់​បៀល​ប្រាយ​យូណាយ​ធីត ជន​ជាតិ​ជប៉ុន​ គឺ​កីឡា​ករ​ ITODAN ពាក់​អាវ​លេខ​៣៦ រក​បាន​គ្រាប់​បាល​់រហូត​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង ជា​ពិសេស​​នៅ​នាទី​ទី​៨ គេ​អាច​រក​បាន​​១​គ្រាប់​នាំ​មុខ​​មុន​ដោយ​ការ​ស៊ុត​​បាល់​ប៉េណាល់​ទី​។ លុះ​ចូល​ដល់​​តង់​ទី​២ កីឡា​ករ​រូប​នេះ​​រក​បាន​​២​គ្រាប់​បន្ថែម​នៅ​នាទី​ទី​៨៥ និងនាទី​ទី​៩០​+២​ បន្ទាប់​​​ពី​កីឡា​ករ​​ពុំ​​ តុលា របស់​ក្រុម​ក្រសួង​ការ​ពារ​ជាតិ​​រក​បាន​១​គ្រាប់​​​សង​វិញ​នៅ​នាទី​ទី​៧៩​ ។

ក្រុម​បៀល​ប្រាយ​យូណាយ​ធីត ពេល​នេះ​ស្ថិត​នៅ​លេខ​រៀង​ទី​៦​នៃ​តារាង​ ដោយ​លេង​បាន​​១៥​ប្រកួត​ឈ្នះ​៧​លើក ស្មើ​២​លើក និង​ចាញ់​៦​លើក មាន​២៣​ពិន្ទុ ។ រី​ឯ​ក្រុម​ក្រសួ​ង​ការ​ពារ​ជាតិ​​ប្រកួត​​បាន​១៦​លើក​ ឈ្នះ​៥​លើក ស្មើ​៥​លើក និង​ចាញ់​៦​លើក មាន​២០​ពិន្ទុ ។ ចំណែក​​ក្រុម​អគ្គ​ស្នង​ការដ្ឋាន​​នគរ​បាល​ជាតិ​ បន្ទាប់​ពី​​យក​ឈ្នះ   1-0 លើ​ក្រុម​​វេស្ទើន​​ ត្រូវ​ស្ថិត​នៅ​លេខ​រៀង​ទី​២ ក្នុង​តារាង​ជា​បណ្តោះ​អាសន្ន​ ក្នុង​នោះ​ប្រកួត​​​បាន​១៧​លើក ឈ្នះ​៩​លើក ស្មើ​៦​លើក និង​ចាញ់​២​លើក មាន​៣៣​ពិន្ទុ​ ។ រី​ឯ​ក្រុម​វេស្ទើន​​ ចាញ់​លើក​នេះ​ទៀត​បែប​មិន​អាច​គេច​ផុត​ពី​តំបន់​កាត់​ចោល​​ឡើយ ព្រោះ​ពិន្ទុ​របស់​គេ​​នា​ពេល​​នេះ​មិន​ទាន់​ងើប​រួច​ពី​បាត​​តារាង​នៅ​ឡើយ ៕