រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១១ ប៉ូលិសព្រហ្មទណ្ឌខណ្ឌទួលគោកក្រោមបញ្ជាលោកអធិការហួត ចាន់យ៉ារ៉ាន់ បានចុះចាប់ស្ត្រីមេកន្ទុយលេខដ៏ធំម្នាក់នៅចំណុចមុខបង្គន់អនាម័យផ្សារដើមគ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
នៅកន្លែងកត់កន្ទុយលេខរបស់ស្ត្រីនោះប៉ូលិសបានដកហូតក្រដាសសំរាប់កត់កន្ទុយលេខជាច្រើនផ្ទាំង និងបានឃាត់ខ្លួនស្ត្រីមេកន្ទុយលេខនោះបញ្ជូនទៅអធិការដ្ឋានខណ្ឌតាមរយៈរថយន្តកាមរីឆ្លាមមួយគ្រឿង។ យោងតាមប្រភពពីមន្ត្រីប៉ូលិសបានបង្ហើបឱ្យដឹងថា ស្ត្រីមេកន្ទុយលេខនេះឈ្មោះឈុំ ណយ អាយុ៣៥ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំពោះការចាប់ខ្លួនស្ត្រីមេកន្ទុយលេខខាងលើនេះ លោកហួត ចាន់យ៉ារ៉ាន់ បានប្រាប់ឱ្យដឹងថា លោកកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោសទៅតាមច្បាប់។
គួរបញ្ជាក់ថា កន្លែងកត់កន្ទុយលេខបានកើតឡើងសឹងគ្រប់ទីកន្លែងនៅជុំវិញផ្សារដើមគទៅហើយ។ បើតាមប្រភពព័ត៌មានឱ្យដឹងថា មានចំនួន៦ទៅ៧កន្លែង ប៉ុន្តែប៉ូលិសបានធ្វើការបង្ក្រាបតែ១កន្លែងនេះចាត់ទុកថា អ្នកកត់កន្ទុយលេខដទៃទៀតនៅជុំវិញផ្សារដើមគអាចបញ្ឈប់ដោយស្វ័យប្រវត្តិ ព្រោះខ្លាចមានវាសនាដូចស្ត្រីខាងលើនេះ ៕
ចែករំលែកព័តមាននេះ