ខេត្តព្រះសីហនុ ៖ ខេត្តព្រះសីហនុក៏មិនខុសពីខេត្តនានាដែរ នាព្រឹកថ្ងៃទី៦ សីហា ២០១២ មានសិស្សានុសិស្សជាច្រើនបានមកចូលរួមប្រឡងយកសញ្ញាបត្រទុតិយភូមិ ដើម្បីឈានទៅបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យនានា។
តាមការឱ្យដឹងពីលោកកែវ ឡាយ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា សិស្សានុសិស្សជាបេក្ខជនបេក្ខនារីចំនួន២.០៣៨នាក់ ស្រី៩៤៩នាក់ មកពីគ្រឹះស្ថានសិក្សាកម្រិតមធ្យមក្រុងមួយ និងស្រុក៣ គឺក្រុងព្រះសីហនុ ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ និងស្រុកកំពង់សិលា បានមកចូលរួមប្រឡងយកសញ្ញាបត្រទុតិយភូមិដោយរៀបចំមណ្ឌលប្រឡងនៅក្រុងព្រះសីហនុ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់សង្គមវិទ្យាមួយមណ្ឌល ។
ការប្រឡងនេះប្រព្រឹត្តទៅក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់លោកសំ សំអាត អភិបាលរងខេត្ត និងមន្ត្រីមន្ទីរអប់រំ យុវជននិងកីឡាខេត្តអញ្ជើញជាអធិបតីក្នុងពេលកាត់បើកវិញ្ញាសា និងត្រួតពិនិត្យការប្រឡងផងដែរ ។ តាមរបាយការណ៍របស់លោកវណ្ណ ឈួន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឱ្យដឹងថា សម័យប្រឡងសញ្ញាបត្រទុតិយភូមិនេះនៅខេត្តព្រះសីហនុ បានដំណើរការក្រោមការយកចិត្តទុកដាក់រៀបចំសហការពីក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរខេត្តខិតខំធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌សម្រាប់បេក្ខជន បេក្ខនារីចូលរួមប្រឡងទាំងអស់ ។
ឆ្នាំសិក្សា២០១២ នេះនៅខេត្តព្រះសីហនុ មានបេក្ខជនចូលរួមប្រឡងយកសញ្ញាបត្រទុតិយភូមិចំនួន២.០៣៨នាក់មកពីគ្រឹះស្ថានសិក្សាតាមបណ្តាក្រុងខេត្ត និងស្រុកក្នុងខេត្តព្រះសីហនុ ដោយរៀបចំមណ្ឌលប្រឡងចំនួន៤មណ្ឌល មាន៨២បន្ទប់រយៈពេល២ថ្ងៃកន្លះចាប់ថ្ងៃទី៦ សីហា ២០១២ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ