ខេត្តបាត់ដំបង ៖ ជាទម្លាប់រៀងរាល់ឆ្នាំពេលដល់ថ្ងៃប្រឡងម្តងៗគេសង្កេតឃើញសិស្សានុសិស្សរាប់រយនាក់បាននាំគ្នាទៅអុជធូបបន់ស្រន់នៅខាងមុខរូបសំណាកលោកតាដំបងគ្រញូង ដើម្បីសុំឱ្យបារមីលោកតាជួយឱ្យបានប្រឡងជាប់ ។ ជាមួយគ្នានោះពួកគេក៏បានស្វះស្វែងផងដែរ ក្នុងការរកទិញវិញ្ញាសាប្រឡងដែលជនទុច្ចរិតមួយចំនួនថតចម្លងលក់ដែលអះអាងថា ជាវិញ្ញាសាត្រឹមត្រូវ ។
មុនថ្ងៃប្រឡង២ថ្ងៃគេឃើញយុវសិស្សរាប់រយនាក់ដែលខ្លះមានចេក មាន់ស្ងោរ ឬដង្វាយផ្សេងៗយកមកថ្វាយលោកតាដំបងគ្រញូងបន់ស្រន់សុំឱ្យបារមីលោកតាជួយឱ្យបានប្រឡងជាប់ថ្នាក់ ។ យុវសិស្សឈ្មោះកុសល អាយុ១៩ឆ្នាំ ប្រឡងនៅមណ្ឌលវិទ្យាល័យសម្តេចឪបាននិយាយអំពីការបន់ស្រន់នេះថា «ខ្ញុំអុជធូបបន់ស្រន់នេះគឺសុំឱ្យបារមីលោកតាដំបងគ្រញូងជួយទប់ស្មារតីកុំឱ្យភិតភ័យចាញ់ច្រាបគេ ពេលចូលបន្ទប់ប្រឡង តែក៏សុំឱ្យលោកតាជួយខ្ញុំបានប្រឡងជាប់ដែរ» ។ រីឯកញ្ញា សុគន្ធា អាយុ១៩ឆ្នាំ វិញនិយាយដែរថា នាងមានជំនឿខ្លាំងលើបារមីលោកតាដំបងគ្រញូង ។ នាងថា «បារមីលោកតាគឺជាផ្នែកមួយផ្តល់កម្លាំងចិត្តដល់នាងខ្ញុំ ដែលធ្វើឱ្យខ្ញុំមានជំនឿថា នឹងប្រឡងជាប់ជាមិនខាន» ។
ប៉ុន្តែយុវសិស្សមួយចំនួនទៀតពិតមែនតែបានអុជធូបនៅចំពោះមុខរូបសំណាកលោកតាដំបងគ្រញូង តែពួកគេនិយាយបែបផ្សេងថា គេមានជំនឿខ្លាំងដែរ លើបារមីលោកតា តែយើងក៏ត្រូវពឹងផ្អែកទៅលើសមត្ថភាពខ្លួនឯងដែរ ។ ពួកគេពន្យល់ថា លោកតាដំបងគ្រញូងចាត់ទុកជាអ្នកផ្តល់កម្លាំងចិត្តដ៏ធំពេលប្រឡង ព្រោះវាជាទម្លាប់របស់ខ្មែរទៅហើយរឿងអបិយជំនឿ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ