Michael Phelpsបានបញ្ចប់អាជីពរបស់ខ្លួនជាមួយនឹងជ័យជម្នះមេដាយមាសលើកទី១៨ក្នុងវិញ្ញាសាហែលបណ្តាក់ជាក្រុមចម្ងាយ១០០ម៉ែត្រកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងមក ។ វាជាមេដាយមាសលើកទី៤សម្រាប់កីឡាករអាមេរិករូបនេះក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងឡុងឆ្នាំ ២០១២ ។ សរុបទាំងលើកនេះ Michael Phelpsដណ្តើមបានមេដាយអូឡាំពិកចំនួន ២២គ្រឿងក្នុងអាជីព។
ថ្លែងពីអាជីពរបស់ខ្លួន កីឡាករវ័យ២៧ឆ្នាំរូបនេះបានបញ្ជាក់ថា ៖«ខ្ញុំប្រហែលជាអាចសង្ខេបវាត្រឹមតែពាក្យ២ម៉ាត់ហើយនិយាយថា ខ្ញុំធ្វើវាបាន ។ ឆ្លងកាត់ការបរាជ័យនិងជោគជ័យ ខ្ញុំនៅតែអាចធ្វើបានអ្វីគ្រប់យ៉ាងដែលខ្ញុំធ្លាប់បានបំពេញក្នុងពេលកន្លងមក។ ខ្ញុំអាចធ្វើអ្វីដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន ហើយនោះក៏ជាអ្វីដែលខ្ញុំតែងតែចង់ធ្វើ។ អនុស្សាវរីយ៍ដែលខ្ញុំមាននៅសប្តាហ៍នេះនឹងស្ថិតនៅជាមួយខ្ញុំជានិច្ច »។
បន្ទាប់ពីទទួលបានមេដាយមាសចុងក្រោយរបស់ខ្លួន Michael Phelpsត្រូវបានសហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA)ប្រគល់ជូននូវពានរង្វាន់សមិទ្ធផលមួយជីវិត។ នៅលើពាននោះមានសរសេរពាក្យថា «វីរបុរសអូឡាំពិកគ្រប់ជំនាន់»។គេបានថ្លែងថា៖«ខ្ញុំអាចក្លាយជាអ្នកហែលទឹកដ៏ល្អជាងគេគ្រប់ពេលដោយមានគ្រូបង្វឹកដ៏ល្អឈ្មោះ Bob Bowman។ ខ្ញុំសូមថ្លែងអំណរគុណចំពោះរូបគាត់ ។ បើគ្មានការរៀបចំពីគាត់នោះទេ ខ្ញុំនឹងមិនអាចមកកាន់ទីនេះបានទេ ។ ខ្ញុំស្រឡាញ់គាត់លុះខ្ញុំស្លាប់បាត់។ បន្ថែមពីលើនេះទៀត ខ្ញុំសូមថ្លែងអំណរគុណផងដែរដល់អ្នកដែលបានគាំទ្ររូបខ្ញុំ។ និយាយជារួមមក ខ្ញុំថ្លែងអំណរគុណដល់ពួកគេមិនគ្រប់នោះឡើយ »៕
ចែករំលែកព័តមាននេះ