ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ប្រពន្ធ​ប្រមឹក​​ស្រា​ចាក់​ប្តី​​​ដោយ​កាំបិត​​រងរបួស​ធ្ងន់​​

13 ឆ្នាំ មុន

ខេត្ត​​កណ្តាល​​ ៖ ​បុរសម្នាក់​​បាន​រង​របួស​ជាទម្ងន់​និង​ត្រូវ​បានបញ្ជូនទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ដើម្បីសង្គ្រោះ​បន្ទាន់ ​បន្ទាប់​ពី​​ត្រូវ​ប្រពន្ធ​ដែល​ស្រវឹងចាក់​នឹង​កាំបិត​ចិតបន្លែ​ចុង​ស្រួច​ចំទ្រូង​ខាងឆ្វេង​ ។  ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើងកាលពី​វេលាម៉ោង​១១​ព្រឹកថ្ងៃទី៥ សីហា  នៅរោង​ស្នាក់​នៅ​ក្នុងក្រុមហ៊ុន​ប្រាយ​វ៉េហ្វើនីឈ័រ​ដែល​មាន​ទីតាំងស្ថិត​ក្នុង​ភូមិទឹកជា​ ឃុំពើក​​ ស្រុក​អង្គស្នួល ។ កន្លង​មក ​​​គេធ្លាប់​​​តែ​​​ឮ​ថា​​ ប្តី​ស្រវឹង​វាយ​ប្រពន្ធ​ តែពេល​នេះ​​​​ស្ត្រី​ជា​​ប្រពន្ធ​​​​​ដែល​​​ស្រវឹង​បាន​​ប្រើ​​​ហិង្សា​​​​​ទៅលើ​​បុរស​ជាប្តី​ ​វិញ​ ។

បុរសជាប្តីឈ្មោះសាយ សិលារ័ត្ន អាយុ៤៥​ឆ្នាំ រងរបួសទ្រូង​ខាង​ឆ្វេង​យ៉ាង​ធ្ងន់​ ចំណែកឯ​ប្រពន្ធដែល​​ចាក់​ប្តីនោះ​ឈ្មោះ​ជា សុភា អាយុ​៣៧ឆ្នាំ ២​នាក់​​​ប្តី​ប្រពន្ធ​​​​នេះ​ជាកម្មករ​ហាល​ដំឡូង​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ និង​មាន​ទីលំនៅ​ភូមិ​កំពង់​សិលា ឃុំកំពង់​សិលា ស្រុក​ស្រែអំបិល ខេត្ត​​ព្រះសីហនុ ។ តាម​ប្រភពព័ត៌​មាន​ឱ្យដឹងថា នៅ​មុន​ពេល​កើត​ហេតុ ​បន្ទាប់ពីឈប់​សម្រាក​ពី​ការ​ងារ​ស្រ្តី​ជាប្រពន្ធបាន​ផឹកស្រា​ស្រវឹង​ជោក​ជាំ​ហើយ​ក៏​រក​រឿងជេរ​ប្រមាថ​បុរស​ជាប្តី​ដោយ​គ្មានមូលហេតុ ។ ដោយ​សារនៅ​សុខៗត្រូវ​ប្រពន្ធ​ជេរ​ប្រមាថ​បែបនេះ​ បុរស​ជា​ប្តី​​ក៏​​ស្តីបន្ទោស​វិញ​បន្តិចបន្តួច ​ធ្វើ​ឱ្យ​ប្រពន្ធខឹងក៏​ទាញកូន​កាំបិតចិត​បន្លែចុង​ស្រួច​ចាក់​ទៅលើ​ប្តីចំដើម​ទ្រូងខាង​ឆ្វេង​បណ្តាលឱ្យរង​​របួស​យ៉ាង​ធ្ងន់ ។

មន្ត្រី​សមត្ថកិច្ចបានឱ្យ​​ដឹង​ថា ក្រោយ​ពេល​កើត​ហេតុជនរង​គ្រោះជាប្តី​ត្រូវបាន​បញ្ជូន​ទៅ​កាន់មន្ទីរ​ពេទ្យដើម្បី​សង្គ្រោះ​បន្ទាន់​ ចំណែក​ឯ​ស្រ្តីជាប្រពន្ធ​ត្រូវបាន​ចាប់ខ្លួន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅតុលាការ​ ។ កន្លង​មក​តាម​ការបំភ្លឺពី​សាក្សី​ដែលជាកម្មករ​ធ្វើការ​ជាមួយ​គ្នា​​គឺស្រ្តីជា​ប្រពន្ធ​រូបនេះ​តែង​តែ​ផឹក​ស្រាស្រវឹងជេរ​ប្រមាថ​បុរស​ជា​ប្តីស្ទើរ​រាល់ថ្ងៃ ចំណែកឯ​ប្តីមិនសូវ​តបត​ទេ​ព្រោះ​ដឹងថា​ប្រពន្ធ​របស់ខ្លួនឱ្យ​តែពេលផឹក​ស្រា​ស្រវឹង​ម្តងៗតែងតែជេរបញ្ចោ​រប្តីបែប​នេះ​ មិន​តែប៉ុណ្ណោះ​ស្រ្តីរូប​នេះ​ធ្លាប់បាន​ប៉ុនប៉ង​រត់​ចូល​​ឱ្យ​រថយន្ត​បុកដើម្បី​សម្លាប់ខ្លួន​ទៀត​ផង​ ។

លុះ​ដល់ពេលកើតហេតុ ក៏មិនខុសពីពេលមុនៗ​ដែរ ស្រ្តីរូបនេះ​ពេល​ផឹកស្រាស្រវឹងក៏​ជេរ​ប្រមាថរក​រឿងប្តីទៀត ហើយ​ដោយអត់​ទ្រាំ​លែង​បានបុរស​ជាប្តីក៏​តបត​បន្តិច​បន្តួច​ស្រាប់​តែ​​ត្រូវ​​ប្រពន្ធ​​ទាញកូន​កាំបិតចុង​ស្រួច​ចាក់​បណ្តាល​ឱ្យរងរបួសបែបនេះតែម្តង ៕