យូសេន បូលបានផ្តល់ជាភស្តុតាងអំពីឋានៈរបស់ខ្លួនក្នុងនាមជាអត្តពលិករត់ចម្ងាយដ៏អស្ចារ្យបំផុតលើលោក ខណៈរូបគេការពារបាននូវមេដាយមាសអូឡាំពិករត់ចម្ងាយ១០០ម៉ែត្រជាថ្មីបានដោយជោគជ័យនៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ២០១២ នៅទីក្រុងឡុង ប្រទេសអង់គ្លេស កាលពីថ្ងៃអាទិត្យទី៥សីហាកន្លងមកនេះ ។
អត្តពលិកជាតិហ្សាម៉ាអុីករូបនេះបានប្រើអស់ថិរវេលា ៩.៦៣វិនាទីល្អជាងថិរវេលាដែលគេធ្វើបានកាលពីអូឡាំពិកក្រុងប៉េកាំងឆ្នាំ ២០០៨ ដែលរូបគេប្រើអស់ថិរវេលា ៩.៦៩វិនាទី ។ បើប្រៀបធៀបនឹងថិរវេលាដែលគេធ្វើបានកាលពីប្រកួតជ្រើសរើសជើងឯកពិភពលោកឆ្នាំ ២០០៩ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ឃើញថា យឺតជាង ០.០៥វិនាទី ។
បូលវ័យ២៥ឆ្នាំ បានថ្លែងថា៖«ខ្ញុំសប្បាយចិត្តដែលដណ្តើមបានជ័យជម្នះក្នុងជុំទី១។ ខ្ញុំដឹងថា ខ្ញុំពិតជាអាចធ្វើបាន។ ពេលចាប់ផ្តើម ខ្ញុំ បារម្ភខ្លះៗដែរ ។ ខ្ញុំពិតជាមិនចង់ឱ្យកំហុសពេលចាប់ផ្តើមកើតឡើងម្តងទៀតទេ។ ដូច្នេះខ្ញុំបានបង្អង់មួយភ្លែត ។ គ្រូបង្វឹករបស់ខ្ញុំបានប្រាប់ថា ខ្ញុំមិនត្រូវបារម្ភចំពោះការចាប់ផ្តើមនោះទេ។ គាត់ថា ផ្នែកមួយដ៏សំខាន់នៃការប្រកួតគឺទី ព្រ័ត្រ »។
បើទោះជាដណ្តើមបានជោគជ័យដ៏ត្រចះត្រចង់នៅពេលនេះយ៉ាងណាក្តី បូលនៅតែទន្ទឹងចូលរួមដណ្តើមយកជ័យជម្នះជាថ្មីក្នុងការប្រកួតនាពេលខាងមុខ ។ គេបាននិយាយថា៖«វាមានន័យថា មួយជំហានឆ្ពោះទៅរកការប្រែក្លាយខ្លួនជាវីរជនល្បីឈ្មោះ ។ ដូច្នេះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ។ តែយ៉ាងណា ជ័យជម្នះលើកនេះគឺគ្រាន់តែជាជំហានទី១ប៉ុណ្ណោះ ។ ខ្ញុំត្រូវតែដណ្តើមយកជ័យជម្នះក្នុងចម្ងាយ២០០ម៉ែត្រមួយផ្សេងទៀត »។
ចំណែកមេដាយប្រាក់បានទៅអត្តពលិកមកពីប្រទេសហ្សាម៉ាអុីកដដែលគឺ យ៉ូហាន់ ប្លេក។ ប្លេកប្រើថិរវេលា ៩.៧៥វិនាទីនាំមុខអត្តពលិកអាមេរិក យ៉ាស្ទីន ហ្គាតលីនដែលប្រើថិរវេលា ៩.៧៩វិនាទីដណ្តើមបានមេដាយសំរឹទ្ធិ ៕
ចែករំលែកព័តមាននេះ