ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីសង្ស័យថា បានបៀតបៀនកេរ្តិ៍ខ្មាសក្មេងស្រីអាយុ៩ឆ្នាំម្នាក់រហូតដល់សន្លប់ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី៣ សីហា នៅក្នុងឃុំជ្រៃសីមា ស្រុកសំពៅលូន ដោយប្រើម្រាមដៃ ។មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា យុវជនម្នាក់នេះឈ្មោះងឿន ភន អាយុ២៤ឆ្នាំ នៅឃុំជ្រៃសីមា ហើយការឃាត់ខ្លួនជននេះគឺបន្ទាប់ពីឪពុកក្មេងស្រី បានដាក់ពាក្យប្តឹងចោទប្រកាន់ក្រោយពីកូនស្រីគាត់ និងសាក្សីបានប្រាប់ ។
ឪពុកក្មេងស្រីបានប្រាប់សមត្ថកិច្ចថា គាត់បានដឹងរឿងនេះ ពេលឃើញកូនស្រីដេកលើគ្រែងើបមិនរួច ដោយមានឈាមប្រឡាក់ជោកខោផង ។ គាត់និយាយថា កូនស្រីគាត់បានប្រាប់ថា ឈ្មោះភន បានចាប់នាងរំលោភនៅក្បែរដំបូកក្រោយភូមិ ហើយដោយមិនបង្អង់យូរគាត់ក៏ទៅប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនអគតិនោះតែម្តង ។
តាមក្មេងស្រីរៀបរាប់ថា យុវជននោះបានចាប់នាងរំលោភក្នុងពេលដែលនាងដើរមកពីសុំទឹកគេហូបនៅចម្ងាយពីផ្ទះនាងប្រហែល៤០០ម៉ែត្រ។ ពេលដើរមកដល់ក្បែរដំបូកស្ងាត់ ជននោះក៏ចាប់ដៃរួចវាយកញ្ចឹងកនាង២ដៃបណ្តាលឱ្យដួល ហើយច្របាច់កនាង និងយកម្រាមដៃមកបៀតបៀនកេរ្តិ៍ខ្មាសនាងរហូតនាងសន្លប់ ។ លុះពេលដឹងខ្លួនវិញឃើញមានឈាមហូរប្រឡាក់ជោក តែមិនឃើញជនគំរក់នោះទេ ហើយនាងក៏ដើរទៅផ្ទះវិញដើម្បីប្រាប់ឪពុក ។
ជនសង្ស័យឈ្មោះងឿន ភន បានសារភាពថា ខ្លួនពិតជាបានធ្វើបែបនេះទៅលើនាងមែនដោយប្រើម្រាមដៃ ។ បច្ចុប្បន្នជននេះត្រូវបានមន្ត្រីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តហើយ ។គួរកត់សម្គាល់ថា គិតចាប់ពីដើមខែមករា រហូតដល់ថ្ងៃទី៣ សីហា ឆ្នាំ២០១២ ទូទាំងខេត្តបាត់ដំបងមានអំពើរំលោភសេពសន្ថវៈចំនួន២១ករណីហើយ ។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យជំនាញ ។ ចំនួននេះត្រូវបានមន្ត្រីជំនាញអះអាងថា ជាចំនួនដែលមានការកើនឡើងខុសពីបណ្តាឆ្នាំមុន បើគិតក្នុងអំឡុងពេលប្រហែលគ្នា ។ ក្នុងរបាយការណ៍នេះគេរកឃើញថា ជនរងគ្រោះចំនួន១៨នាក់ជា«អនីតិជន» មានអាយុក្រោម១៨ឆ្នាំ និងចំនួន៣នាក់ជា«នីតិជន» ។
រីឯជនប្រព្រឹត្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងបញ្ជូនទៅសាលាដំបូងខេត្ត ។ ការកើនឡើងនៃអំពើរំលោភសេពសន្ថវៈនេះធ្វើឱ្យសមត្ថកិច្ចមានការព្រួយបារម្ភយ៉ាងខ្លាំងដែលតម្រូវឱ្យមានការចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះជនប្រព្រឹត្ត ៕
ចែករំលែកព័តមាននេះ