រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣ សីហា នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានឃាត់ខ្លួនពាណិជ្ជករខ្មែរម្នាក់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធពីបទរំលោភលើសេចក្តីទុកចិត្ត (ឆបោកប្រាក់អ្នកដទៃ) ។ ជនជាប់ពាក់ព័ន្ធករណីខាងលើនេះ ឈ្មោះទ្រី រតនៈ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះលេខ៩៧ ផ្លូវលេខ២៧៨ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ការឃាត់ខ្លួនជនសង្ស័យឈ្មោះទ្រី រតនៈ ពីបទរំលោភលើសេចក្តីទុកចិត្តត្រូវបាននគរបាលព្រហ្មទណ្ឌឱ្យដឹងថា យោងលើពាក្យបណ្តឹងរបស់ឈ្មោះឡោក រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៤E ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ជាមន្ត្រីរាជការ និងមានការសម្របសម្រួលពីស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញ ។ មន្ត្រីនគរបាលព្រហ្មទណ្ឌបានឱ្យដឹងទៀតថា ពាក្យបណ្តឹងរបស់ឈ្មោះឡោក រដ្ឋា បានបញ្ជាក់ថា កាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០១១ វេលាម៉ោង៣រសៀល ឈ្មោះទ្រី រតនៈ បានទាក់ទងជាមួយឈ្មោះឡោក រដ្ឋា ដើម្បីដាក់ទុនរកស៊ីភាគហ៊ុនទិញ-លក់កាតទូរស័ព្ទ០៩៧ ពេលនោះដើមបណ្តឹងក៏យល់ព្រមតាមការណែនាំរបស់ឈ្មោះទ្រី រតនៈ ទៅ ។ ពេលឯកភាពគ្នាហើយទ្រី រតនៈ បានសន្យាថា នឹងចែកប្រាក់ភាគលាភក្នុង១ខែ៦៦០ដុល្លារ ឱ្យឈ្មោះឡោក រដ្ឋា គ្រាន់តែតម្រូវឱ្យឈ្មោះរដ្ឋា ដាក់ប្រាក់ចំនួន៥.៥០០ដុល្លារ មុន ។
មន្ត្រីនគរបាលព្រហ្មទណ្ឌឱ្យដឹងទៀតថា នៅពេលបានដាក់ទុនរកស៊ីហើយចំនួន៣ខែដំបូងឈ្មោះទ្រី រតនៈ បានឱ្យភាគលាភទៅឈ្មោះឡោក រដ្ឋា ដូចដែលបានសន្យាគ្នានោះមែន ។ លុះដល់ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១២ ឈ្មោះទ្រី រតនៈ បានតម្រូវឱ្យដើមបណ្តឹង(ឡោក រដ្ឋា)បន្ថែមប្រាក់៨.៥០០ដុល្លារ បញ្ចូលក្នុងភាគហ៊ុនទៀតដើម្បីពង្រីកមុខរបរឱ្យបានចំណេញកាន់តែច្រើន សរុបទៅទឹកប្រាក់ដែលឈ្មោះឡោក រដ្ឋា ប្រគល់ឱ្យទៅទ្រី រតនៈ មានចំនួន១៤.០០០ដុល្លារ និងប្រាក់ក្រៅកំបិុកកំប៉ុកចំនួន២.៤៤៦ដុល្លារទៀត ។ រហូតដល់ថ្ងៃទី២៧ មីនា ឆ្នាំ២០១២ ដែលត្រូវដល់ថ្ងៃកំណត់ឈ្មោះទ្រី រតនៈ យកប្រាក់ភាគលាភទៅចែកជូនឈ្មោះឡោក រដ្ឋា ជាដៃគូដាក់ទុនរកស៊ីចូលគ្នា ប៉ុន្តែបែរជាឈ្មោះទ្រី រតនៈ មិនបានឱ្យទៅឡោក រដ្ឋា ទេ ដោយបានសន្យាថ្ងៃនេះថ្ងៃនោះ មិនព្រមសងទាំងដើមទាំងចុង ។
ក្រោយពីដឹងថា ឈ្មោះទ្រី រតនៈ មិនឱ្យប្រាក់ ដើមបណ្តឹងបានយកវិក្កយបត្រចំនួន៣សន្លឹកដែលឈ្មោះទ្រី រតនៈ ឱ្យទៅសួរអតិថិជនរកស៊ីទិញលក់កាតទូរស័ព្ទ០៩៧ ផ្ទាល់ ពេលនោះទើបដឹងថា ឈ្មោះទ្រី រតនៈ មិនមានឈ្មោះ និងរកស៊ីទិញលក់កាតទូរស័ព្ទ០៩៧ នោះឡើយ រាល់ឯកសារដែលទ្រី រតនៈ បង្ហាញ និងចេញឱ្យឈ្មោះឡោក រដ្ឋា ជឿទុកចិត្ត គឺជាឯកសារក្លែងបន្លំទាំងអស់ ។ ដោយពិនិត្យឃើញថា មនុស្សដូចឈ្មោះទ្រី រតនៈ នេះជាជនឆបោក ឈ្មោះឡោក រដ្ឋា បានធ្វើពាក្យបណ្តឹងដាក់ចូលសមត្ថកិច្ចដើម្បីឱ្យនាំខ្លួនមកដោះស្រាយលើសំណងប្រាក់សរុប១៦.៤៤៦ដុល្លារវិញ ។ ទាក់ទិនករណីដូចរៀបរាប់ខាងលើនេះហើយបានជានគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឃាត់ខ្លួនឈ្មោះទ្រី រតនៈ កាលពីថ្ងៃទី៣ សីហា និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ