ខេត្តកំពង់ស្ពឺ ៖ ឆ្នួនផ្ទុះសម្រាប់បំផ្ទុះថ្មភ្នំត្រូវបានរកឃើញវិញនៅរសៀលថ្ងៃទី៣ សីហា ក្រោយពីជនសង្ស័យបានគាស់ទ្វារឃ្លាំង២ជាន់លួចយកកាលពីយប់ថ្ងៃទី២ សីហា កន្លងទៅនៅ រោងចក្រកិនថ្ម ក្រុមហ៊ុនអោធី ក្នុងភូមិត្រពាំងអត់ទឹក ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ។ ទោះបីជាបែបណាក្រៅពីបាត់ ក៏ត្រូវបានចាប់ខ្លួនជនសង្ស័យ២នាក់ និងប្រមូលមកវិញនូវម្សៅផ្ទុះAN.FO ចំនួន២បាវ ស្មើនឹង៥០គីឡូក្រាម និងឆ្នួនផ្ទុះចំនួន៤៧០គីប ដែលជាវត្ថុតាងត្រូវបាននាំទៅការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត រួមទាំងជនសង្ស័យ២នាក់ ដែលជាអ្នកប្រព្រឹត្តបទល្មើសនេះផង ។
លោកវរសេនីយ៍ទោជា វណ្ណា នាយការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានប្រាប់ថា ការស្រាវជ្រាវនិងស្វែងរកមុខសញ្ញាលួចគាស់ទ្វារឃ្លាំងក្រុមហ៊ុនអោធី រោងចក្រកិនថ្មនៅស្រុកភ្នំស្រួចនោះត្រូវបានវែកមុខជនសង្ស័យ២នាក់ ក្នុងចំណោមគ្នា៤នាក់ ដែលជាអ្នកលួចទ្រព្យសម្បត្តិក្រុមហ៊ុន ។ ជនសង្ស័យ២នាក់ ម្នាក់ឈ្មោះដន សុខេត ភេទប្រុស អាយុ២៨ឆ្នាំ និងម្នាក់ទៀតឈ្មោះឡុង សារ៉េម ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងអត់ទឹក ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ។ ជនសង្ស័យបានសារភាពថា ពួកគេមានគ្នា៤នាក់ តែ២នាក់គេចខ្លួនបាត់ បានលួចសម្ភារឆ្នួនផ្ទុះប្រាកដមែន ។ បានសារភាពថា ពួកគេបានប្រគល់ឱ្យ២នាក់ដែលរត់បាត់យកទៅលក់ តែលក់ពុំទាន់ ក៏ត្រូវសមត្ថកិច្ចតាមយកពីកន្លែងលាក់ទុកនៅក្នុងត្រពាំងទឹកមួយ ។
លោកជា វណ្ណា ឱ្យដឹងថា ការលួចក្នុងឃ្លាំងក្រុមហ៊ុនអោធី ត្រូវបានម្ចាស់រោងចក្ររាយការណ៍ថា បាត់តែជាង១០០គីបទេ ហើយចំនួនលើសពីនេះមិនដឹងថាជនសង្ស័យលួចពីណាទៀត នោះឡើយ ។ ឯការចាប់វត្ថុតាងឃើញមានចំនួន៤៧០គីប រួមទាំងរំសេវសម្រាប់បំផ្ទុះចំនួន៥០គីឡូក្រាម ។ ជន២នាក់ដែលកំពុងគេចខ្លួននេះគឺជាបុគ្គលិកបម្រើការងារក្នុងរោងចក្រនេះ៕


ចែករំលែកព័តមាននេះ