រាជធានីភ្នំពេញ ៖ បន្ទាប់ពីកោះសន្តិភាពបានចុះផ្សាយអត្ថបទមួយមានចំណងជើងថា«មន្ត្រីប៉ូលិសសង្កាត់ទំនប់ទឹក និងបក្សពួកជួញដូរថ្នាំញៀនត្រូវបានចាប់ខ្លួន» ចេញផ្សាយថ្ងៃទី៤-៥ សីហា ឆ្នាំ២០១២ លោក ឡូយ សារឿន ចៅសង្កាត់ទំនប់ទឹក និងលោកអនុសេនីយ៍ទោម៉ី ប៊ុនរិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកព្រមទាំងមន្រ្តីនគរបាលប៉ុស្តិ៍ទាំងអស់ បានធ្វើការបដិសេធថា ឈ្មោះថូ ប្រសិទ្ធ ដែលមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យផ្តល់ព័ត៌មានទៅអ្នកកាសែតចុះផ្សាយថាជាមន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹករកស៊ីជួញដូរថ្នាំញៀននោះ គឺជាព័ត៌មានមិនពិតឡើយ ។
តាមការអះអាងរបស់លោកអនុសេនីយ៍ទោ ម៉ី ប៊ុនរិន បានឲ្យដឹងថា ឈ្មោះថូ ប្រសិទ្ធ គ្មាន ក្របខណ្ឌជាមន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹកទេឈ្មោះនេះគ្រាន់តែមានទីលំនៅក្នុងសង្កាត់ទំនប់ទឹកប៉ុណ្តោះ ។ មន្រ្តីក្រុមប្រឹក្សាសង្កាត់ទំនប់ទឹក និងមន្រ្តីនគរបាលប៉ុស្តិ៍ទំនប់ទឹកទាំងអស់ បានសម្តែងនូវការសោកស្តាយចំពោះមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលផ្តល់ព័ត៌មានខុសពីការពិតដល់ក្រុមអ្នកកាសែតយកទៅចុះផ្សាយជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹកនិងមន្រ្តីក្រុមប្រឹក្សាសង្កាត់។
ដើម្បីកុំឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំថាឈ្មោះថូ ប្រសិទ្ធ ជាមន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹក ទើបលោកចៅសង្កាត់ទំនប់ទឹកនិងលោកនាយប៉ុស្តិ៍នគរបាល រួមជាមួយមន្ត្រីក្រោមឱវាទទាំងអស់ បានធ្វើការបកស្រាយឡើងវិញថា ឈ្មោះថូ ប្រសិទ្ធ អត់មានពាក់ព័ន្ធនឹងមន្រ្តីនគរបាលប៉ុស្តិ៍ទំនប់ទឹកទេ។ ជាមួយគ្នានេះ លោកឡូយ សារឿន និង លោក ម៉ី ប៊ុនរិន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយកសារព័ត៌មានកោះសន្តិភាព ដែលបានចុះផ្សាយតាមសំណើសុំបំភ្លឺឡើងវិញ ចៀសវាងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ៕
ចែករំលែកព័តមាននេះ