ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរម្នាក់បានត្រូវឃាតករជាពលករខ្មែរដូចគ្នាអារ.ក សម្លាប់យ៉ាងព្រៃផ្សៃ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២ សីហា នៅភូមិណងវែង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ និងបុរសម្នាក់ទៀតត្រូវបានតម្រួតថៃ ចាប់ឃាត់ខ្លួននៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៤ សីហា នៅក្នុងភូមិសាស្ត្រ ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ រួមទាំងម៉ូតូ១គ្រឿងផងដែរ ។
តាមប្រភពព័ត៌មានពីនគរបាលស្រុកស្វាយចេក ឱ្យដឹងថា នៅថ្ងៃទី៤ សីហា ឆ្នាំ២០១២ បានទទួលព័ត៌មានពីលោកមេភូមិចក់ពួកថា មានពលរដ្ឋខ្មែរម្នាក់ឈ្មោះពេក ផង់ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ដែលទៅធ្វើការនៅប្រទេសថៃត្រូវឈ្មោះឃាន ញិុ ភេទប្រុស អាយុ២៦ឆ្នាំ នៅឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាកម្មករដូចគ្នាអារ.ក បណ្តាលឱ្យរងរបួសធ្ងន់លុះពេលដឹកដល់មន្ទីរពេទ្យខេត្តស្រះកែវ ក៏បានស្លាប់ដែលពេលនេះសពតម្កល់ទុកនៅមន្ទីរពេទ្យរង់ចាំសាច់ញាតិទៅទទួលយក ចំណែកឯជនដៃដល់ឈ្មោះឃាន ញិុ បន្ទាប់ពីធ្វើសកម្មភាពហើយរត់គេចខ្លួនបាត់ ។ ប្រភពព័ត៌មាននោះ បញ្ជាក់ថា តាមការផ្តល់ព័ត៌មានពីស្រុកគោកធ្យូង ថា ជនរងគ្រោះនិងជនដៃដល់កាលពីល្ងាចបានផឹកស៊ីជុំគ្នា លុះដល់យប់ឡើងស្រាប់តែឈ្មោះញ៉ិ លួចទៅសម្លាប់ឈ្មោះពេក ផង់ តែម្តង ដែលតាមការសន្និដ្ឋានសង្ស័យមានទំនាស់គ្នាពេលផឹកស៊ី ។
ចំពោះករណីមួយទៀត គឺពលរដ្ឋខ្មែរម្នាក់ទៀតត្រូវតម្រួតថៃ ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៤ សីហា រួមទាំងម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហា ផង ។ ក្រោយពីចាប់ខ្លួន តម្រួតថៃក៏បានបញ្ជូនទៅចំណុចដើមពុទ្រាប៉ុស្តិ៍ត្រួតពិនិត្យ ត.ឆ.ដ ឈុតលេខ១២ ក្នុងភូមិសាស្ត្រស្រុកតាប្រាយ៉ា ដោយចោទប្រកាន់ថា លួចឆ្លងដែនខុសច្បាប់ទៅរត់ម៉ូតូឌុបនៅក្នុងទឹកដីថៃ ។ ពលរដ្ឋខ្មែរម្នាក់នេះឈ្មោះតឿន មាន ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិបន្ទាយមានឫទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នេះបើតាមការដឹងពីលោកវរសេនីយត្រីម៉ៅ រ៉ៃ មេបញ្ជាការនគរបាលការពារព្រំដែនលេខ៨០៧។ នៅព្រឹកថ្ងៃទី៥ សីហា អ្នកយកព័ត៌មានយើងបានធ្វើទំនាក់ទំនងទៅលោកម៉ៅ រ៉ៃ ដើម្បីចង់ដឹងពីវាសនារបស់ពលរដ្ឋខ្មែរម្នាក់នោះ តើត្រូវបានថៃដោះលែងហើយ ឬបែបណា តែទូរស័ព្ទចូលហើយ គ្មានអ្នកទទួល ៕
ចែករំលែកព័តមាននេះ