រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានបុរសម្នាក់បែកក្បាលធ្លាយខួរចេញមកក្រៅគួរឱ្យញញើតបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ដោយត្រូវរថយន្តមួយគ្រឿងម៉ាកកាម៉ាស់ដឹកខ្សាច់បានបើកលឿន ហើយជ្រុលទៅបុកម៉ូតូវីវ៉ាពីក្រោយពេញទំហឹងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៥ សីហា ២០១២ នៅចំណុចផ្លូវជាតិលេខ២ ទល់មុខផ្ទះលេខ១០៦៩ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
នគរបាលមូលដ្ឋានដែលចុះទៅដល់កន្លែងកើតហេតុនេះបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មខាងលើនេះមានឈ្មោះពិន ប៊ុនលាភ អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិ៨ ឃុំស្រុក ខេត្តកំពង់ចាម និងម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ធ្ងរ ហើយអ្នកទាំង២នាក់នេះជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ។ ចំណែករថយន្តបង្កហេតុម៉ាកកាម៉ាស់ ពណ៌ស បើកដោយបុរសមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនចោលរថយន្ត។
សាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនចុះពីលើស្ពានអាកាសក្បាលថ្នល់ពីជើងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ២ ហើយខណៈនោះស្រាប់តែមានរថយន្តបង្កហេតុម៉ាកកាម៉ាស់ដឹកខ្សាច់មួយគ្រឿងបានបើកបោះពួយយ៉ាងលឿនតាមពីក្រោយម៉ូតូជនរងគ្រោះ លុះជិះមកដល់ចំណុចកើតហេតុខាងលើនេះមិនដឹងថា មានរឿងអ្វី នោះទេ បានជារថយន្តបង្កជ្រុលល្បឿនទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង ហើយរថយន្តមិនបន្ថយល្បឿនក៏បន្តទៅមុខទៀតធ្វើឱ្យកិនចំក្បាលបុរសឈ្មោះពិន ប៊ុនលាភ បែកធ្លាយខួរចេញមកក្រៅស្លាប់ភ្លាមៗ និងម្នាក់ទៀតជាអ្នកជិះពីក្រោយបានហក់ចុះពីលើម៉ូតូរងរបួសជើងម្ខាង ។ ប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុនោះម្ចាស់រថយន្តបង្កបានចុះរត់គេចខ្លួនចោលរថយន្ត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ