ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិល​ត្រឡប់​​ជំហាន​ទី​២ របស់​ក្រុម​​យុវ​ជន​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដីធ្លី​ដើម្បី​សម្រាក​រយៈ​ពេល​៤​ថ្ងៃ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​យុវ​​ជន​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដីធ្លី​​ជូន​ប្រជា​ពល​រដ្ឋ​របស់​សម្តេច​តេជោ​ចំនួន​ជាង​៣០០​នាក់ បាន​វិល​ត្រឡប់​​មក​ជួប​ជុំ​គ្រួសារ​​​ក្រោយ​ពេល​ទទួល​បាន​​ការ​អនុ​​ញ្ញាត​ឱ្យ​ឈប់​​សម្រាក​រយៈ​ពេល​៤​ថ្ងៃ​ បន្ទាប់​ពី​ពួក​គេ​បាន​បំពេញ​បេសក​កម្ម​​ដ៏​ថ្លៃ​ថ្លា​​នេះ​រយៈ​ពេល​ពេញ​មួយ​ខែ ។

ក្រុម​យុវ​ជន​​ស្ម័គ្រ​ចិត្ត​ដែល​បាន​វិល​ត្រឡប់​ក្នុង​​ជំហាន​ទី​២ នេះ គឺ​មក​ពី​ខេត្ត​ចំនួន​៥ ក្នុង​នោះ​ខេត្ត​កំពង់ស្ពឺ​ចំនួន​៩​ក្រុម ​ស្ទឹង​ត្រែង​៥​ក្រុម ព្រះ​វិហារ​៣​ក្រុម កំពង់​ធំ​១០​ក្រុម ​និង​កំពង់ឆ្នាំង​ចំនួន​​៧​​ក្រុម ដែល​សរុប​ទាំង​អស់​​ចំនួន​៣៩៦​នាក់។ ​ក្នុងពិធី​ជួប​ជុំ​​ការ​វិល​ត្រឡប់​​នៅ​ទី​ស្តី​ការ​ក្រសួង​​ដែន​ដី​នគរូប​នីយ​​កម្ម និង​សំណង់​កាល​ពី​ថ្ងៃ​ទី​៦ សីហា ​២០១២ ​យុវ​ជន អ៊ុង វីរៈ ជា​ប្រធាន​​ក្រុម​លេខ​៩០ ​ដែល​ដឹក​នាំ​បេសក​កម្ម​ក្នុង​​អណ្តូង​ប្រេង​ ឃុំ​​ក្រាំង​លាវ ​ស្រុក​រលា​ប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​ថា ​ក្នុង​រយៈ​ពេល​ពេញ​មួយ​ខែ​ក្នុង​​បេសក​កម្ម​របស់​ក្រុម​លោក គឺ​ទទួល​​បាន​លទ្ធ​ផល​​គួរ​ជា​​ទីមោទនៈ​ ក្នុង​នោះ​​ការ​ងារ​ដែល​សម្រេច​បាន​មាន​ដូច​ជា ​កំណត់ និង​វាស់​វែង​ព្រំ​ប្រទល់​គិត​ជា​ចំណុច​បាន​ចំនួន​៨០៥​ចំណុច​ បំពេញ​សាលា​កបត្រ​បាន​ចំនួន​៧.១០០​​ក្បាល​ដី ​ដែល​ស្មើ​នឹង​៧.៨០០​គ្រួសារ បញ្ចូល​សម្រង់​​ក្នុង​បញ្ជី​​ឈ្មោះ​ម្ចាស់​ដី​បា​ន​ចំនួន​៧៨០គ្រួសារ ​គូស​ផែន​ទី​បាន​១.០១៧​ក្បាល​ដី ស្មើ​នឹង​៥៥៨,៩៨​ហិកតា កំណត់​ព្រំ និង​វាស់​វែង​គិត​ជា​ក្បាល​ដី​បា​១.១៤៥ក្បាល​ដី ស្មើ​នឹង​៦៣០​គ្រួសារ ។

យុវ​ជនអ៊ុង វីរៈ បន្ត​ថា ​ក្នុង​ការ​សម្រេច​​បាន​ជា​លទ្ធ​ផល​​ក្នុង​រយៈ​​ពេល​ពេញ​មួយ​ខែ​នេះ គឺ​ដោយ​​បាន​រួម​សហ​ការ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​​ និង​អាជ្ញា​ធរ​គ្រប់​លំដាប់​​ថ្នាក់​នៅ​ក្នុង​មូល​ដ្ឋាន ជា​ពិសេស​​នោះគឺ​ដោយ​មា​ន​ការ​លើក​ទឹក​ចិត្ត​ពី​ស្ថាប័ន​ជំនាញ​ និង​សម្តេច​​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕