ប្រភពមន្ទីរពេទ្យនិងប៉ូលិសរាយការណ៍ថា ប៉ូលិសអេហ្ស៊ីបយ៉ាងតិច១៥នាក់ បានត្រូវស្លាប់ហើយ៧នាក់ទៀតត្រូវរបួសកាលពីថ្ងៃទី៥សីហា ក្នុងការវាយប្រហារលើប៉ុស្តិ៍ព្រំដែនមួយនាភាគខាងជើងតំបន់ស៊ីណៃអុីពីសំណាក់ពួកជនប្រដាប់អាវុធដែលបន្ទាប់មកប៉ុនប៉ងឆ្លងកាត់ព្រំដែនជាមួយអុីស្រាអែល ។
អ្នកទទួលខុសត្រូវខាងសន្តិសុខអេហ្ស៊ីប ម្នាក់ដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានផ្លូវការ MENA ថ្លែងថា ការវាយប្រហារនេះធ្វើឡើងដោយពួកអ៊ិស្លាមនិយមបា៉ឡេស្ទីន ដែលមួយចំនួនមកពីហ្គាហ្សាតាមផ្លូវរូងក្រោមដីហើយមួយចំនួនទៀតមកពីតំបន់ស៊ីណៃអុី ។ ពួកមូចាអុីឌីនទាំងនោះបានជ្រៀតចូលក្នុងដែនដីអេហ្ស៊ីប មកពីហ្គាហ្សាតាមផ្លូវរូងក្រោមដីដោយរួមសហការជាមួយពួកមូចាហុីឌីននៃតំបន់អាល់ម៉ាហ៍ឌីយ៉ា និងតំបន់ភ្នំ អែលអាឡាល់ ហើយវាយប្រហារលើប៉ុស្តិ៍ព្រំដែនភាគខាងកើត ។ អ្នកទទួលខុសត្រូវរូបនេះបន្តទៀតថា ពួកសកម្មប្រយុទ្ធប៉ុនប៉ងរត់គេចខ្លួនទៅកាន់ហ្គាហ្សាតាមរថយន្ត២គ្រឿង ។ មុននេះប៉ូលិសអេហ្ស៊ីបនិយាយថា ពួកអ្នកវាយប្រហារបានប្រើរថយន្តប៉ូលិសមួយគ្រឿងដែលលួចយកមកដើម្បីធ្វើការវាយប្រហារ ។
ចំណែកលោកAVITAL LEIBOVICH អ្នកនាំពាក្យរបស់កងទ័ពអុីស្រាអែលថ្លែងថា ពួកភេរវករមួយក្រុមបានវាយប្រហារលើប៉ុស្តិ៍ប៉ូលិសហើយបន្ទាប់មកពួកនេះប្លន់យករថយន្តអេហ្ស៊ីប២គ្រឿងប៉ុនប៉ងឆ្លងកាត់ព្រំដែនអុីស្រាអែល ។ រថយន្តមួយគ្រឿងបានផ្ទុះហើយរថយន្តទី២រងការវាយប្រហារដោយយន្តហោះអុីស្រាអែលដែលសម្លាប់ពួកសកម្មប្រយុទ្ធមួយចំនួន ៕
ចែករំលែកព័តមាននេះ