រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវប្តីវ័យចំណាស់លបជះទឹកអាស៊ីតលើផ្ទៃមុខ ដោយសារតែកើតរោគប្រចណ្ឌនឹងប្រពន្ធវ័យក្មេងជាង កាលពីវេលាម៉ោង៩និង៣០នាទីយប់ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ស្ត្រីដែលត្រូវប្តីលបជះទឹកអាស៊ីតដាក់មុខឈ្មោះរឿង ម៉ាប់ អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកជនបង្កជាប្តីនោះមានឈ្មោះប៊ី សឿន ហៅតាចំប៉ា អាយុ៥១ឆ្នាំ។ បើតាមសាក្សីឈ្មោះចាន់ ស្រីលក្ខណ៍ ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាកូនប្រសារបស់ជនបង្កហើយជាអ្នកទៅមើលថែស្ត្រីរងគ្រោះនៅមន្ទីរពេទ្យបានបង្ហើបឱ្យដឹងថា ឈ្មោះប៊ី សឿន ត្រូវជាឪពុកក្មេករបស់នាងហើយបានលែងលះជាមួយម្តាយក្មេកទៅយកប្រពន្ធក្រោយទៀតឈ្មោះរឿង ម៉ាប់ ។ ប៉ុន្តែពីរនាក់ប្តីប្រពន្ធនេះ រស់នៅមិនចុះសម្រុងនឹងគ្នាចេះតែឈ្លោះប្រកែកគ្នាជាញឹកញាប់ ពីព្រោះប្តីពូកែប្រចណ្ឌប្រពន្ធក្មេងពេក រហូតឈានដល់លែងលះគ្នារយៈពេល២ខែមកហើយ តែឈ្មោះប៊ី សឿន នៅតែតាមរករឿងឈ្លោះប្រកែកជាមួយប្រពន្ធឈ្មោះរឿង ម៉ាប់ នេះទៀត។
ប្រភពបន្តទៀតថា នៅយប់កើតហេតុឈ្មោះរឿង ម៉ាប់ បានដើរទៅលេងផ្ទះមិត្តភក្តិនៅទល់មុខផ្សារទំនើបសុវណ្ណា ស្រាប់តែឈ្មោះប៊ី សឿន បានទៅតាមឈ្លោះប្រកែកគ្នានៅទីនោះ ធ្វើឱ្យម្ចាស់ផ្ទះជួយឃាត់ទើបបុរសជាប្តីដើរចេញទៅបាត់ ហើយក្រោយមកប្តីរូបនេះជះទឹកអាស៊ីតដាក់ប្រពន្ធតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ