ខេត្តកំពង់ចាម ៖ កម្មករស៊ីឈ្នួលលក់សាំងម្នាក់ ឈ្មោះរី រ៉ុង ហៅច័ន្ទ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបឹងកើត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានត្រូវអតីតមិត្តភក្តិកម្មករ រួមការងារជាមួយគ្នា វាយរឹតក និងកាប់សម្លាប់ប្លន់យកលុយចំនួន៣លានរៀល កាលពីល្ងាចថ្ងៃទី៤ សីហា ២០១២ នៅចំណុចវាលយន្តហោះ ស្ថិតក្នុងភូមិរអាង ឃុំរអាង ស្រុកកំពង់សៀម ហើយក្រុមចោរបានបើករថយន្តសម្រាប់ដឹកប្រេងយកទៅប្លុងចោល នៅស្រុកព្រៃឈរ ។
លោកអនុសេនីយ៍ឯកហង្ស វ៉ាន់ចន អធិការរងនគរបាលក្រុងកំពង់ចាម ប្រាប់ឱ្យដឹងថា អ្នករងគ្រោះឈ្មោះច័ន្ទ ត្រូវបានថៅកែលក់ប្រេងឈ្មោះហេង ភេទប្រុស រស់នៅភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម ប្រើឱ្យដឹកប្រេងដាក់ឱ្យម៉ូយនៅឃុំទ្រាន ស្រុកកំពង់សៀម កាលពីរសៀលថ្ងៃខាងលើ ដោយចេញទៅជាមួយនឹងអតីតកម្មករលក់ប្រេងឈ្មោះខុប សង្សា ហៅខ្យា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឥន្ទនេល ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ។
លោកអធិការរងនគរបាលក្រុងកំពង់ចាម ប្រាប់បន្តថា រហូតដល់ល្ងាចមិនឃើញកម្មករត្រឡប់មកវិញ ដោយមានការសង្ស័យ ក៏ទូរស័ព្ទទៅ តែតេមិនចូលទៀត ។ លុះដល់ព្រឹកថ្ងៃទី៥ សីហា ថៅកែលក់ប្រេងបានមកប្តឹងនគរបាលក្រុងកំពង់ចាមឱ្យជួយអន្តរាគមន៍តាមរក និងរហូតចាប់ខ្លួនបានម្នាក់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕


ចែករំលែកព័តមាននេះ