ខេត្តសៀមរាប ៖ រណ្តៅសពនៅសល់តែឆ្អឹងមួយកន្លែងមានមនុស្សស្លាប់រាប់រយនាក់ ត្រូវបានគេសម្លាប់រួមគ្នា ហើយត្រូវបានអ្នកភូមិប្រទះឃើញគួរឱ្យរន្ធត់ និងភ្ញាក់ផ្អើលកាលពីថ្ងៃទី៤ សីហា ២០១២ នៅឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ក្បែរភ្នំទ្រុងបាត ចម្ងាយប្រមាណ៦០គីឡូម៉ែត្រ ពីក្រុងសៀមរាប។
ពេលនេះអាជ្ញាធរកំពុងចុះត្រួតពិនិត្យរណ្តៅសព ហើយធ្វើចត្តាឡីស័ក រក្សាការពារស្ថានភាពដើមរង់ចាំសមត្ថកិច្ចជំនាញទៅធ្វើកោសល្យវិច័យ ដើម្បីបញ្ជាក់ថា រណ្តៅសពរួមគ្នាច្រើននាក់នេះ ទើបតែសម្លាប់ថ្មីៗ ឬសម្លាប់យូរមកហើយ? តាមប្រភពព័ត៌មានបានឱ្យដឹងថា សពនៅសល់តែឆ្អឹងកប់ក្នុងរណ្តៅរួមគ្នានេះ គឺជាសពដែលត្រូវបានគេសម្លាប់អំឡុងឆ្នាំ១៩៧៥ ដល់ចុងឆ្នាំ១៩៧៨ ក្នុងរបបប្រល័យពូជសាសន៍សម្លាប់រង្គាលខ្មែរក្រហម ។
ប្រជាពលរដ្ឋក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ បានឱ្យដឹងថា ទីកន្លែងដែលប្រទះឃើញរណ្តៅសពនេះកាលជំនាន់ខ្មែរក្រហមមានមនុស្សប្រមាណជាង៣ម៉ឺននាក់ត្រូវបានគេយកទៅឃុំឃាំងនៅទីនោះ ហើយសម្លាប់ចោលយកសពធ្វើជី ដូច្នេះរណ្តៅសពរាប់រយនាក់សល់តែឆ្អឹងនេះ ត្រូវគេគិតថា ត្រូវខ្មែរក្រហមសម្លាប់អំឡុងការគ្រប់គ្រងអំណាចរបស់ពួកគេ ។
នេះជាទឡ្ហីករណ៍ថ្មីមួយទៀតសម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហមពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ… ហើយសាលាក្តីខ្មែរក្រហមគួរនឹងមានភារកិច្ចជាបន្ទាន់ក្នុងការប្រមូលយកភស្តុតាងពីរណ្តៅសពនេះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ