ប្រភពមួយនៅក្រុងប៉េកាំងរាយការណ៍កាលពីថ្ងៃទី៥សីហាថាលោកស្រីគីមអ៊ុកដែលសន្មត់ថាជាភរិយាទី៤របស់អតីតមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ីល រយៈពេលចុងក្រោយនេះគេប្រទះឃើញនៅក្នុងរដ្ឋធានីចិនជាច្រើនលើកប្រហែលជាមកពិនិត្យសុខភាពនៅមន្ទីរពេទ្យក្រុងប៉េកាំងហើយ ។
ប្រភពនេះគូសបញ្ជាក់ថា លោកស្រីគីមអ៊ុក ត្រូវបានគេប្រទះឃើញនាពេលថ្មីៗនេះនៅឯព្រលានយន្តហោះអន្តរជាតិក្រុងប៉េកាំងជាច្រើនលើក ហើយគេគិតថាលោកស្រីប្រហែលជាមកពិនិត្យសុខភាព ។ គេនិយាយតៗគ្នាថាលោកស្រីគីមអ៊ុកដែលមានអាយុខ្ទង់៥០ឆ្នាំកើតជំងឺច្រើនយ៉ាង ។ ស្ត្រីទីមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរបស់លោកគីមជុងអុីលក៏ត្រូវបានគេឃើញរយៈពេលចុងក្រោយនេះក្នុងពិធីផ្លូវការនានានៅទីក្រុងព្យុងយ៉ាងដែរទោះបីមានពាក្យចចាមអារ៉ាមថាលោកស្រីមានជំងឺផ្សេងៗហើយត្រូវបណ្តេញចេញក៏ដោយ ។
លោកស្រីគីមអ៊ុកអតីតលេខាធិការរបស់លោកគីមជុងអុីល ធ្លាប់កាន់តួនាទីជាស្ត្រីទីមួយកូរ៉េខាងជើងចាប់ពីឆ្នាំ២០០៤មក ក្រោយមរណភាពរបស់លោកស្រីកូយ៉ុងហ្វី ដោយសារជំងឺមហារីកដោះមក ។ លោកស្រីកូស៊ូយ៉ុងហ្វី ជាម្តាយរបស់មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្នលោកគីមជុងអ៊ុន ៕
ចែករំលែកព័តមាននេះ