យោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថា ខាត់ណាខៀវគឺជាប្រភេទបន្លែមួយនៅក្នុងពពួកបន្លែជាច្រើនដែលផ្តល់អត្ថប្រយោជន៍សុខភាពដល់អ្នកទទួលទាន ។ តាមអ្នកវិទ្យាសាស្ត្រអាមេរិកបញ្ជាក់ថា ផ្កាស្ពៃប្រភេទនេះមានអត្ថប្រយោជន៍ពីរយ៉ាង៖
១-ប្រឆាំងនឹងជំងឺមហារីក ៖
អ្នកវិទ្យាសាស្ត្របានអះអាងថាសមាសធាតុ sulforaphaneអាចជួយ ជាពិសេសលើការបន្សាបជាតិពុលនៃសារធាតុដែលបង្កឱ្យទៅជាជំងឺមហារីក ហើយក៏អាចជួយធ្វើឱ្យសែនទប់ទល់មហារីកមានសកម្មភាពឡើងអាចប្រតិបត្តិតាមមុខងារពិតប្រាកដរបស់វាបាន តែប្រសិទ្ធភាពវាមានកាន់តែខ្លាំងឡើង ប្រសិនជាគេទទួលទានវាទាំងឆៅ ។
អ្នកប្រហែលជាគិតថា ទទួលទានផលិតផលសុខភាពពីធម្មជាតិ(ដែលមានសមាសធាតុក្នុងបន្លែ)ជាវិធីសាស្ត្រងាយស្រួលមួយដើម្បីទទួលបានផលប្រយោជន៍សុខភាពពីបន្លែជាជាងការទទួលទានវាដោយផ្ទាល់ ។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តបានរកឃើញថា សារធាតុគីមីដ៏សំខាន់នៅក្នុងបន្លែ ជាពិសេសផ្កាស្ពៃខាត់ណាខៀវនិងស្ពៃក្តោបជាដើមមិនអាចត្រូវបានស្រូបយកយ៉ាងងាយស្រួលក្នុងទម្រង់ជាថ្នាំគ្រាប់ ឬក៏ជាផលិតផលសុខភាពពីធម្មជាតិនោះទេ។
អ្នកដឹកនាំការស្រាវជ្រាវ Emily Hoមកពីសាកលវិទ្យាល័យ Oregon State Universityនិយាយថា៖«បញ្ហាគឺថាសារធាតុចិញ្ចឹមរាងកាយដ៏សំខាន់ៗអាចត្រូវបានទទួលតាមរយៈការទទួលអាហារ ឬក៏ថ្នាំគ្រាប់វីតាមីនបន្ថែមដែលជាផលិតផលសុខភាពពីធម្មជាតិ។ វីតាមីននិងអាហារូបត្ថម្ភទាំងឡាយដូចជាអាស៊ីតហ្វូរិចដែលជារឿយៗប្រើសម្រាប់ស្រ្តីពេលមានគភ៌ពិតជាត្រូវបានស្រូបយកយ៉ាងល្អបំផុតក្នុងទម្រង់ជាថ្នាំគ្រាប់ជាជាងក្នុងទម្រង់ជាអាហារ ប៉ុន្តែសមាសធាតុពិសេសទាំងឡាយដែលយើងជឿថាបានផ្តល់ឱ្យផ្កាខាត់ណាខៀវ និងបន្លែផ្សេងទៀតនូវគុណប្រយោជន៍សុខភាព ចាំបាច់ត្រូវតែបានមកពីអាហារ(ពីការទទួលទានវាដោយផ្ទាល់)»។
ពពួកបន្លែដែលចេញផ្កាដូចជាស្ពៃខាត់ណាខៀវទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកវិទ្យាសាស្ត្រពីព្រោះវាផ្ទុកទៅដោយសមាធាតុគីមីកើតពីធម្មជាតិដែលហៅថាglucosinolatesក្នុងកម្រិតមួយយ៉ាងខ្ពស់។តាមការសិក្សាទាំងឡាយសុទ្ធតែបានលើកឡើងថាសមាធាតុគីមីកើតពីធម្មជាតិglucosinolates អាចកាត់បន្ថយអត្រាគ្រោះថ្នាក់ពីជំងឺមហារីកក្រពេញប្រូស្តាត មហារីកដោះ មហារីកសួត និងមហារីកពោះវៀន។
តាមការពិសោធរបស់ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Oregon State Universityបានរកឃើញថា នៅពេលទទួលទានបន្ទាប់ពីចំអិន១ត្រឡប់ ឬក៏នៅឆៅអង់ហ្ស៊ីមនៅក្នុងផ្កាខាត់ណាខៀវបានជួយបំបែក glucosinolatesទៅជាសមាសធាតុពីរយ៉ាងដែលមានតម្លៃលើផ្នែកសុខភាព គឺសមាសធាតុឈ្មោះ sulforaphane និង erucin ។
យោងតាមលោកស្រីសាស្ត្រាចារ្យEmily Ho ឱ្យដឹងថា បន្លែគួរតែចំអិនក្នុងរយៈពេល២ទៅ៣នាទីបានហើយ ឬក៏គ្រាន់តែចំហុយឱ្យវាផុយបន្តិច។ ធ្វើយ៉ាងនេះទើបអាចរក្សាបានអង់ហ្ស៊ីមដ៏ចាំបាច់របស់វា ប៉ុន្តែលោកស្រីបញ្ជាក់ថា ផលិតផលសុខភាពពីធម្មជាតិមានដូចជាវីតាមីនD និងប្រេងអូមេហ្គា3ជាដើម សុទ្ធតែមានការពិបាកក្នុងការស្រូបយកដោយរាងកាយតាមរយៈជាទម្រង់អាហារ ។
២-ជួយទប់ស្កាត់ជំងឺបាត់ការចងចាំ ៖
បណ្តាអ្នកវិទ្យាសាស្ត្រជឿថា សារធាតុគីមីមួយប្រភេទដែលបានមកពីបន្លែអាចជួយរក្សាខួរក្បាលឱ្យនៅមានសភាពក្លៀវក្លាដដែលពេលមានវ័យចាស់។ ខាត់ណាខៀវត្រូវគេជឿថា ជាគន្លឹះលុបបំបាត់ជំងឺបាត់ការចងចាំបាន។ អ្នកវិទ្យាសាស្ត្រសង្ឃឹមថា sulforaphaneដែលត្រូវបានផលិតនៅក្នុងរាងកាយពីសារធាតុមួយរកឃើញនៅក្នុងសណ្តែកបណ្តុះនិងស្ពៃក្បោបនឹងធ្វើឱ្យប្រព័ន្ធការពារពីធម្មជាតិរបស់រាងកាយមានដំណើរការ។
វានឹងអាចការពារកោសិកាសំខាន់ៗរបស់ខួរក្បាលពីការវាយប្រហារនិងបំផ្លាញពីរ៉ាឌីកាល់សេរី(ជាម៉ូលេគុលអុកស៊ីសែនដ៏គ្រោះថ្នាក់ដែលត្រូវបានផលិតឡើងនៅពេលអាហារបំលែងទៅជាថាមពល)។សារធាតុប្រឆាំងអុកស៊ីដកម្មមានដូចជាវីតាមីន CនិងEអាចកំទេចចោលនូវរាល់ពពួកវាយប្រហារទាំងឡាយ ប៉ុន្តែប្រភេទវីតាមីនទាំងនេះមានការប្រើប្រាស់ក្នុងចំនួនកំណត់មួយយ៉ាងច្បាស់លាស់នៅក្នុងខួរក្បាល ៕
ចែករំលែកព័តមាននេះ