ទីរ៉ូអុីដ( Thyroid) គឺជាក្រពេញមានរាងដូចមេអំបៅស្ថិតនៅលើ.ករបស់អ្នកខាងក្រោមគ្រាប់ពោន ។ ជួនកាលក្រពេញទីរ៉ូអុីដរីកធំជាងពេលធម្មតា ហើយលក្ខខណ្ឌនេះយើងហៅថា ជំងឺពក.ក ។ បើទោះណា សាច់ពកនៅលើ.កនេះមិនបណ្តាលឱ្យមានការឈឺចាប់ក្តី ប៉ុន្តែទំហំដ៏ធំរបស់វាអាចនឹងធ្វើឱ្យអ្នកកើតជំងឺនេះក្អក ពិបាកក្នុងការដកដង្ហើម ឬលេបអាហារ ។
*រោគសញ្ញាមួយចំនួន ៖
មិនមែនគ្រប់ជំងឺពក.កទាំងអស់សុទ្ធតែបញ្ចេញរោគសញ្ញាឱ្យយើងដឹងនោះទេ ។ នេះមានន័យថា មួយចំនួនតូចមិនបញ្ចេញរោគសញ្ញាអ្វីទាំងអស់ ។
*រោគសញ្ញាមួយចំនួនដែលអ្នកកើតជំងឺនេះអាចកត់ចំណាំបានមានដូចជា ៖
– ពកហើមមើលឃើញនៅលើករបស់អ្នក ហើយដែលស្នាមពកនេះកាន់តែច្បាស់នៅពេលដែលអ្នកកោររោមឬតុបតែងមុខ ។
-មានអារម្មណ៍តឹងៗនៅក្នុងបំពង់ក ។
– ក្អក
- មានសំឡេងស្អក។
- ពិបាកក្នុងការលេបអាហារ ។
– ពិបាកដកដង្ហើម ។
*មូលហេតុបង្កទាំងឡាយ ៖
ក្រពេញទីរ៉ូអុីដរបស់អ្នកផលិតអ័រម៉ូន២សំខាន់គឺ thyroxine និង triiodothyronine(T-3)។ អ័រម៉ូនទាំង២នេះធ្វើចរាចរនៅក្នុងចរន្តឈាមរបស់អ្នកនិងជួយធ្វើឱ្យមានរបៀបរៀបរយនូវការរំលាយអាហារក្នុងរាងកាយ ។ ពួកវាបានរក្សានូវកម្រិតដែលរាងកាយប្រើប្រាស់ខ្លាញ់និងកាបូអុីដ្រាដ ជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយនិងធ្វើឱ្យមានរបៀបរៀបរយនូវផលិតផលប្រូតេអុីន ។ បន្ថែមពីលើនេះទៀត ក្រពេញទីរ៉ូអុីដក៏បានជួយផលិត Calcitonin(អ័រម៉ូនជួយគ្រប់គ្រងចំនួនកាល់ស្យូ៉មនៅក្នុងឈាម)ផងដែរ។ មានជំងឺពក.កមិនមែនមានន័យថា ក្រពេញទីរ៉ូអុីដរបស់អ្នកមិនធ្វើការនោះទេ ។ សូម្បីតែវារីកធំហើយក៏ដោយ តែវានៅតែអាចផលិតអ័រម៉ូនបានក្នុងចំនួនធម្មតាជាដដែល ។ មានកត្តាមួយចំនួនដែលធ្វើឱ្យក្រពេញទីរ៉ូអុីដរីកធំ ៖
– ខ្វះជាតិអុីយ៉ូដ ៖ អុីយ៉ូដដែលមានសារ សំខាន់បំផុតសម្រាប់ការផលិតអ័រម៉ូនទីរ៉ូអុីដមាននៅក្នុងទឹកសមុទ្រ និងដីនៅតំបន់ឆ្នេរសមុទ្រ ។
– មានជំងឺ Graves’ disease៖ ពក.កអាចកើតមាននៅពេលដែលក្រពេញទីរ៉ូអុីដរបស់ អ្នកផលិតអ័រម៉ូនទីរ៉ូអុីដច្រើនពេក (hyperthyrodism)។ នៅពេលមានជំងឺ Graves’ disease បណ្តាប្រូតេអុីនប្រឆាំងជំងឺដែលផលិតដោយប្រព័ន្ធការពាររាងកាយបានចូលទៅវាយប្រហារដោយកំហុសលើក្រពេញទីរ៉ូអុីដ ជាហេតុធ្វើឱ្យវាផលិត thyroxineច្រើនលើសលប់ ។ បញ្ហានេះហើយដែលធ្វើឱ្យទីរ៉ូអុីដហើម ។
- កើតជំងឺ Hashimoto’s disease៖ កើតជំងឺនេះបណ្តាលឱ្យការផលិតអ័រម៉ូននៃក្រពេញទីរ៉ូអុីដរបស់អ្នកថយចុះ ។
– មហារីកទីរ៉ូអុីដ ៖ មហារីកទីរ៉ូអុីដជារឿយៗលេចរូបរាងឡើងក្នុងនាមជាការរីកធំនៅលើផ្នែកម្ខាងនៃទីរ៉ូអុីដ ។
– ការមានផ្ទៃពោះ ៖ អ័រម៉ូនដែលត្រូវបានផលិតអំឡុងពេលមានផ្ទៃពោះ( HCG)អាចធ្វើឱ្យក្រពេញទីរ៉ូអុីដរបស់អ្នករីកធំបន្តិច ។
- ការរលាក ៖ Thyroiditisគឺជាលក្ខខណ្ឌនៃការរលាកមួយបែបដែលធ្វើឱ្យមានការឈឺចាប់និងហើមក្នុងទីរ៉ូអុីដ ។
*កត្តាប្រឈមមួយចំនួន ៖
ជំងឺពក.កអាចប៉ះពាល់លើមនុស្សគ្រប់គ្នាមិនថាចាស់ឬក្មេង ។ វាអាចកើតមានក្នុងពេលណាមួយនៃជីវិតរបស់មនុស្សម្នាក់ៗ បើទោះណាជាវាពេញនិយមកើតលើមនុស្សអាយុចាប់ពី៥០ឆ្នាំឡើងក្តី ។ គេសង្កេតឃើញមានកត្តាប្រឈមមួយចំនួន ៖
– ខ្វះសារធាតុអុីយ៉ូដក្នុងរបបអាហារ ។
– កត្តាភេទស្រីឬប្រុស ៖ មនុស្សស្រីងាយនឹងកើតជំងឺនេះជាងបុរស នេះក៏ព្រោះតែភាពមិនប្រក្រតីនៃក្រពេញទីរ៉ូអុីដរបស់ពួកគេ ។
– កត្តាអាយុ
– ពេលមានគភ៌និងអស់រដូវ ។
– ការប្រើឱសថព្យាបាលមួយចំនួន ៖ ការប្រើប្រាស់ឱសថមួយចំនួនក៏អាចបង្កើនអត្រាកើតជំងឺពក.កបានដែរ ៕
ចែករំលែកព័តមាននេះ