រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១២និង២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ សីហា លើកំណាត់ផ្លូវលេខ២២៦កែងផ្លូវលេខ២២៣ ក្រុម៥០ ភូមិ៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានករណីទុស្សេខ្សែភ្លើងឆាបឆេះខ្សែភ្លើងលើបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅបង្កឱ្យប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុនាំគ្នារត់ជាន់ជើងគ្នា។
ទុស្សេខ្សែភ្លើងឆាបឆេះសន្ធោសន្ធៅនេះ បណ្តាលឱ្យប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុនាំគ្នាផ្អើលឆោឡោរត់យកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់១០បំពង់ មានបំពង់ធំ និងបំពង់តូច ទម្រាំតែរលត់នោះ ទាល់តែផ្អើលដល់ប៉ូលិសមូលដ្ឋានរាយការណ៍ទៅខាងអគ្គិសនីកម្ពុជាបិទបារ៉ែតផ្តាច់ចរន្តភ្លើងរត់ឆ្លងកាត់ ទើបរលត់អស់ជាស្ថាពរ ។ តែសំណាងល្អហើយដែលមិនឆាបឆេះឆ្លងរាលដាលដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ។
បើតាមជំនាញអគ្គិសនីឱ្យដឹងថា ការទុស្សេឆាបឆេះទាល់តែបិទបារ៉ែត ទើបបាញ់បំពង់ពន្លត់អគ្គិភ័យរលត់ បើសិនជាមិនបិទបារ៉ែតទេ បាញ់រលត់តែបន្តិចឆេះវិញទៀតហើយ ដោយសារមានចរន្តភ្លើងរត់កាត់ ។ បន្ទាប់ពីអគ្គិភ័យឆាបឆេះរលត់អស់ស្ថាពរហើយធ្វើឱ្យដាច់ចរន្តភ្លើងងងឹតសូន្យសុងតាមផ្ទះប្រជាពលរដ្ឋនៅតាមផ្លូវលេខ២២៦ និងផ្លូវលេខ២២៣ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ