ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី១ ខែ សីហា ឆ្នាំ២០១២ សាលារៀនសុវណ្ណភូមិ ទីតាំងក្រុងតាខ្មៅ ផ្ទះលេខ២២ ផ្លូវលេខ១០៨ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១២-២០១៣ ក្រោមអធិបតី ភាពលោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ី គ្រុប , លោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិន ធី ស៊ី គ្រុប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ៊ិន ធី ស៊ីគ្រុប និងថ្នាក់ដឹកនាំសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ និងអាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់។
ក្នុងឱកាសនោះដែរលោក ឃឹម ផុន នាយកប្រតិ បត្តិនៃអ៊ិនធីស៊ីគ្រុបមានប្រសាសន៍ថា សាលារៀនសុវណ្ណភូមិគឺជាស្ថាប័នអប់រំមួយក្នុងចំណោមស្ថាប័នផ្សេងទៀតរបស់អ៊ិនធី ស៊ីគ្រុប ដែលបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ២០០៩ មានទីតាំងសរុបចំនួន១៣កន្លែងដែលមាន៨ទីតាំងក្នុងរាជធានីភ្នំពេញ និង៥ទីតាំងទៀតនៅតាមបណ្តាខេត្តដូចជា ក្រុងតាខ្មៅ-ខេត្តកណ្តាល ក្រុងព្រះសីហនុ-ខេត្តព្រះសីហនុ ក្រុងបាត់ដំបង-ខេត្តបាត់ដំបង ក្រុងសិរីសោភ័ណ-ខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត-ខេត្តបន្ទាយមានជ័យ។
សាលារៀនសុវណ្ណភូមិ មានចក្ខុវិស័យផ្តល់សេវាអប់រំប្រកបដោយគុណភាពជូនដល់សិស្សានុសិស្សគ្រប់មជ្ឈដ្ឋានទាំងអស់ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ និងភាសាអង់គ្លេសទូទៅចាប់ពីកម្រិតមត្តេយ្យដល់មធ្យមសិក្សា ។
ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យខាងលើ សាលារៀនសុវណ្ណភូមិមានបេសកកម្មសំខាន់ៗចំនួន៤ដូចខាងក្រោម ៖
១.ផ្តល់ជូននូវកម្មវិធីសិក្សាដែលមានគុណភាពដើម្បីឲ្យសិស្សមានការអភិវឌ្ឍលើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ និងវប្បធម៌ ។
២.ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ អាចធ្វើឲ្យសិស្សានុសិស្សមានការរីកចម្រើនទៅលើការសិក្សានៅក្នុងថ្នាក់រៀន និងសកម្មភាពផ្សេងៗទៀត ។
៣.ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា សិស្សានុសិស្សទាំងអស់ត្រូវបានជំរុញ និងលើកទឹកចិត្តនូវរាល់សមិទ្ធផល និងស្នាដៃផ្សេងៗដែលពួកគេសម្រេចបាន ។
៤.ផ្តល់នូវសម្ភារឧបទេសគ្រប់គ្រាន់ សម្ភារឧបទេសទាំងអស់ត្រូវបានធានាឲ្យមានទៅតាមកម្រិតសិក្សានីមួយៗ ធ្វើយ៉ាងណាដើម្បីឲ្យការសិក្សារបស់សិស្សមានការរីកចម្រើន ។
លោកឃឹម ផុន បានបន្តទៀតថា ការសម្រេចបាននូវចក្ខុវិស័យរបស់សាលារៀនសុវណ្ណភូមិ កើតចេញពីការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញារបស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងការចូលរួមយ៉ាងសកម្មពីសំណាក់មាតាបិតាសិស្សនៅក្នុងសហគមន៍ទាំងមូល ។ជាលទ្ធផលក្នុងឆ្នាំសិក្សា២០១១-២០១២ កន្លងមកនេះ សាលារៀនសុវណ្ណភូមិបានទទួលសិស្សឲ្យចូលរៀនសរុបជាង២០.000នាក់ក្នុងចំណោម១៣ទីតាំង។ នេះក៏ដោយសារមានការទទួលស្គាល់នូវគុណភាពអប់រំផ្នែកចំណេះទូទៅខ្មែរនិងភាសាអង់គ្លេសអំពីសំណាក់មាតាបិតាសិស្សក៏ដូចជាប្អូនៗសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ។ ហេតុដូច្នេះហើយ គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិបាននិងកំពុងសិក្សាទៅលើការពង្រីកទីតាំងថ្មីៗបន្ថែមទៀតនាឆ្នាំសិក្សា២០១២-២០១៣ ខាងមុខនេះរួមមាន នៅផ្សារតូច ទួលគោក ពោធិ៍ចិនតុង ជម្ពូវ័ន និងខេត្តសៀមរាប។
សមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ គឺជាមោទនភាពរបស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ដែលមានលោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប ជាអ្នកដឹកនាំ និងបានផ្តល់នូវអនុសាសន៍ល្អៗជាច្រើនក្នុងការរៀបចំផែនការអភិវឌ្ឍសាលារៀនសុវណ្ណភូមិ ។ការពង្រីកវិសាលភាពសេវាកម្មអប់រំរបស់សាលារៀនសុវណ្ណភូមិ គឺដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អ្នកសិក្សា ដែលពួកគេចាំបាច់ត្រូវតែទទួលបាននូវការអប់រំមួយប្រកបដោយចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ដោយមានក្រសួងអប់រំយុវជននិងកីឡាជាអាណាព្យាបាលផ្ទាល់ ។ ជាពិសេសគឺអាស្រ័យដោយការផ្តល់នូវជំនឿជឿជាក់ និងទំនុកចិត្តដ៏ខ្ពង់ខ្ពស់ពីសំណាក់មាតាបិតា អាណាព្យាបាលសិស្សមកលើគុណភាពនៃការអប់រំរបស់សាលារៀនសុវណ្ណភូមិ ។ អាស្រ័យហេតុនេះ សាលារៀនសុវណ្ណភូមិសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតាអាណាព្យាបាលសិស្សដែលបានបញ្ជូន បុត្រធីតា មកសិក្សានៅទីនេះប្រកបទៅដោយជំនឿជឿជាក់មុតមាំបំផុត។
លោក ជា ធីឡាយ អគ្គនាយក អិុន ធី ស៊ី គ្រុបមានប្រសាសន៍ក្នុងឱកាសនោះថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយនូវព័ត៌មានដល់ប្អូនៗ ក្មួយៗសិស្សានុសិស្ស និងលោក-លោកស្រីជាមាតាបិតាអាណាព្យាបាលសិស្សទាំងអស់នៅទីនេះឲ្យបានជ្រាបថា សាលារៀនសុវណ្ណភូមិបានបើកឱ្យដំណើរការក្នុងទឹកដីក្រុងតាខ្មៅនេះអស់រយៈពេល១ឆ្នាំមកហើយ ហើយបានផ្តល់សេវាកម្មអប់រំប្រកបដោយគុណភាពជូនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សដែលជាបុត្រធីតារបស់លោក-លោកស្រីនៅទីនេះ ។ ជាពិសេស ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
សាលារៀនសុវណ្ណភូមិ ជាសេវាកម្មមួយដ៏ល្អសម្រាប់ការសិក្សារបស់សិស្សដែលប្រកបដោយគុណភាព ប្រសិទ្ធភាព និងការគ្រប់គ្រងអប់រំតាមបែបផែនទំនើប ដូចជាការពង្រឹង និងពង្រីកក្លិបសិក្សា ក្រុមកុមារជួយដល់កុមារ សិស្សពូកែជួយដល់សិស្សរៀនយឺត ជាពិសេសជំរុញឲ្យមានសកម្មភាពបំណិនជីវិត ។
ផ្អែកលើខ្លឹមសារនៃកម្មវិធីគាំទ្រវិស័យអប់រំ ឆ្នាំសិក្សា២០១២-២០១៣ និងប្រធានបទទាំង ៨គឺ៖
១.ការគាំពារ និងអភិវឌ្ឍកុមារតូច
២.គុណភាព ប្រសិទ្ធភាព ការគ្រប់គ្រងអប់រំនៅបឋមសិក្សា
៣.គុណភាព និងប្រសិទ្ធភាពអប់រំនៅមធ្យមសិក្សា
៤.ប្រសិទ្ធភាពសេវាកម្មអប់រំ និងការអភិវឌ្ឍគ្រូបង្រៀន
៥.ការអភិវឌ្ឍកុមារ និងយុវជន
៦.ការងារអភិវឌ្ឍអប់រំកាយ និងកីឡា
៧.ការងារអប់រំក្រៅប្រព័ន្ធ
៨.ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា
លោកអគ្គនាយកបានបន្តទៀតថា ស្ថិតក្នុងបរិយាកាសដ៏ថ្លៃថ្លានេះដែរ! តាងនាមថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃសាលារៀនសុវណ្ណភូមិ និងក្នុងនាមខ្ញុំជាអគ្គនាយក អិុន ធី ស៊ីគ្រុប ខ្ញុំសូមសន្យាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាក្នុងការជួយផ្តល់នូវចំណេះដឹងប្រកបដោយគុណភាពដល់ប្អូនៗ និងក្មួយៗសិស្សានុសិស្សទាំងអស់ដែលសិក្សានៅសាលារៀនសុវណ្ណភូមិ ឲ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងទទួលបានអនាគតភ្លឺថ្លាត្រចះត្រចង់សម្រាប់គ្រួសារ និងជាទំពាំងស្នងឬស្សីដ៏ល្អសម្រាប់ប្រទេសជាតិ ៕



ចែករំលែកព័តមាននេះ