ខេត្តស្ទឹងត្រែង ៖ សម្ពាធទឹកភ្លៀងធ្លាក់ខ្លាំងជាប់គ្នារយៈពេល៤ថ្ងៃទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានកើនឡើងគួរចាប់អារម្មណ៍ ។ ទន្ទឹមនឹងនេះដែរ គណៈបញ្ជាការឯកភាពខេត្តបានបើកកិច្ចប្រជុំមួយក្នុងសាលាខេត្ត និងផ្តល់នូវគោលការណ៍គ្រប់គ្រងស្ថានការណ៍ដើម្បីចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។ សម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាពបានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះជួយទប់ស្កាត់នៅគ្រោះទឹកជំនន់ឆ្នាំ២០១២ នេះ ។
លោកប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី៦ សីហា ២០១២ នេះ ថា ដោយសារសម្ពាធទឹកភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើប្រទេសឡាវ និងវៀតណាមបានធ្វើឱ្យទន្លេសេសាន និងទន្លេសេកុងបានស្រក់ចុះ ។ ចំណែកទន្លេមេគង្គបានធ្លាក់ចុះនៅសល់ត្រឹម៨ម៉ែត្រ៧៦ បើធៀបទៅនឹងម្សិលមិញថ្ងៃទី៥ សីហា មានកម្ពស់ដល់ទៅ៨ម៉ែត្រ៩០ មានន័យថា ស្រក់ចុះ៣តឹក៤ហ៊ុន ។ លោកបន្តថា បើទន្លេសេសាន និងទន្លេសេកុងស្រក់ចុះទន្លេមេគង្គស្ទឹងត្រែងនឹងឡើង ព្រោះទន្លេសេសាន និងទន្លេសេកុងនៅលើទន្លេមេគង្គ ។ លោកប្រធានមន្ទីរបន្តទៀតថា ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយមឱ្យដឹងថា ទឹកទន្លេមេគង្គអាចនឹងស្រក់ចុះវិញជាសន្សឹមៗ តែប្រសិនជាសម្ពាធទឹកភ្លៀងធ្លាក់គំហុកឡើងខ្លាំងជាបន្តបន្ទាប់អាចនឹងឡើងនៅអាទិត្យក្រោយវិញពេលមានភ្លៀងធ្លាក់ ។ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានបញ្ជាក់ថា សម្រាប់ខេត្តស្ទឹងត្រែង នឹងមានការប្រកាសអាសន្ន ខណៈដែលកម្ពស់ទឹកឡើងដល់១០ម៉ែត្រ៧០ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ