ខេត្តស្វាយរៀង ៖ យោងតាមមន្ត្រីពន្ធដារក្រុងបាវិតឱ្យដឹងថា ចំណូលដែលបានមកពីការប្រមូលពន្ធលើមធ្យោបាយធ្វើដំណើរនៅក្រុងបាវិតក្នុងឆ្នាំ២០១២ នេះ ទទួលបានលើសផែនការដែលគ្រោងទុក ។ លោកគង់ សុផារ៉ា ប្រធានទីស្នាក់ការពន្ធដារក្រុងបាវិតថ្លែងថា ការប្រមូលពន្ធលើមធ្យោបាយធ្វើដំណើរដែលបានចាប់ផ្តើមពីខែកុម្ភៈ ២០១២ រហូតមកដល់ខែកក្កដា ឆ្នាំ២០១២ នេះ គឺទទួលបានចំនួន៤៤៦លានរៀល លើសផែនការដែលបានដាក់ចេញចំនួន៤៦លានរៀល ពោលគឺតាមផែនការប្រមូលពន្ធដែលគ្រោងទុកមានតែ៤០០លានរៀល ប៉ុណ្ណោះ ។
នេះគឺជាជោគជ័យមួយរបស់ស្នាក់ការពន្ធដារក្រុងបាវិត ដែលបានខិតខំប្រឹងប្រែងប្រមូលពន្ធលើមធ្យោបាយធ្វើដំណើរជូនរដ្ឋ ឱ្យទទួលបានលើសផែនការដែលគ្រោងទុក ។ នៅក្នុងឆ្នាំ២០១១ កន្លងមក ការប្រមូលពន្ធលើមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទរបស់ក្រុងបាវិត ទទួលបានចំណូលតែ៣៥០លានរៀល ប៉ុណ្ណោះ ហើយការប្រមូលពន្ធនៅក្នុងឆ្នាំនេះទទួលបានខ្ពស់ជាងឆ្នាំមុន គឺមកពីយានជំនិះដែលជាមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងក្រុងបាវិតមានការកើនឡើងសខ្ពស់ ។
លោកគង់ សុផារ៉ា បានថ្លែងទៀតថា បន្ទាប់ពីការប្រមូលពន្ធលើមធ្យោបាយធ្វើដំណើរបញ្ចប់ហើយនោះ ខាងស្នាក់ការរបស់លោកនឹងចាប់ផ្តើមធ្វើសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋនៅក្រុងបាវិតទាំងអស់ដែលមានកាតព្វកិច្ចបង់ពន្ធលើអចលនទ្រព្យឱ្យចូលខ្លួនមកបង់ពន្ធឱ្យបានគ្រប់គ្នា ។ ការប្រមូលពន្ធលើអចលនទ្រព្យនេះនឹងចាប់ផ្តើមពីថ្ងៃទី១ សីហា ឆ្នាំ២០១២ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១២។ លោកថ្លែងថា នៅក្នុងឆ្នាំនេះ តាមផែនការដែលបានដាក់ចេញគឺឱ្យរកចំណូលឱ្យបាន២៥០លានរៀលលើពន្ធអចលនទ្រព្យនេះ ដូច្នេះយើងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីសម្រេចទៅតាមផែនការ ៕
ចែករំលែកព័តមាននេះ