ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជញ្ជីង​​ចល័ត​​ចាត់​វិធាន​ការ​​លើ​រថយន្ត​​ដឹក​លើស​​ទម្ងន់​​​រក​ឃើញ​​បទ​ល្មើស​​ព្រៃ​ឈើ​​

13 ឆ្នាំ មុន

​​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ដោយ​សារ​​តែ​​​រថយន្ត​យក្ស​​ជា​ច្រើន​​គ្រឿង​ដែល​​ដឹក​ឈើ​​ និង​​ទំនិញ​​លើស​ទម្ងន់​បាន​​បំ​ផ្លាញ​​ផ្លូវ​ជាតិ​លេខ​​៥ ​និង​លេខ​៦​ ទើប​​កាល​ពី​​វេលា​​ទៀប​ភ្លឺ​​ថ្ងៃ​ទី​​១ សី​ហា ​កន្លង​ទៅ​​​​ក្រុម​ជញ្ជីង​​ចល័ត​​ពិសេស​​របស់​​​ក្រសួង​​សាធារណ​​​ការ​និង​ដឹក​ជញ្ជូន​​បាន​​ប្រើ​វិធាន​​ការ​ក្តៅ​​ឆ្មក់​​ថ្លឹង​រថយន្ត​​ ត្រង់ច​ំណុច​​ផ្លូវ​បំបែក​​ជា​​៣​​ក្នុង​ទីរួម​ក្រុង​​សិរី​សោ​ភ័ណ​ ។​

តាម​​ក្រុម​ការងារ​ថ្លឹងរថយន្ត​ចល័ត​ពិសេស​របស់​ក្រសួង​សាធារណ​ការនិង​ដឹក​ជញ្ជូន​​​បានឱ្យ​​ដឹងថា​ ក្រុម​ការ​ងារនេះ​ គឺជាក្រុម​ការងារ​ចម្រុះ​មក​ពីគ្រប់​ស្ថានីយ​ថ្លឹងរថយន្ត​គ្រប់ទី​កន្លែង​របស់​ខេត្ត​នីមួយៗ ​ជំនួស​ឱ្យ​ស្ថានីយ​ចល័តតាម​បណ្តា​ខេត្តទូទាំង​ប្រទេស​ ។​ ដោយឡែក ​ខេត្តបន្ទាយ​មានជ័យ​ក្រុមចល័ត​ពិសេសរបស់​ក្រសួង​សាធារណ​ការបាន​យកទីតាំង​ផ្លូវបំបែក​ជា៣​នៅ​សង្កាត់​កំពង់​ស្វាយ​ ក្រុង​សិរី​សោ​ភ័ណ​ ព្រោះថា​ចំណុច​ផ្លូវនេះ​ជាកន្លែង​ចេញពីខេត្ត​បន្ទាយ​មាន​ជ័យឆ្ពោះ​ទៅខេត្តសៀម​រាប​ និងខេត្ត​បាត់​ដំបង​តាមផ្លូវ​ជាតិ​​លេខ៥​ និងលេខ​៦​​ ។​

ក្នុង​​ការចុះ​ថ្លឹងរថយន្ត​ចល័តនេះ ​សមត្ថកិច្ច​​ឃាត់​រថយន្ត​បាន​១១​គ្រឿង​ សុទ្ធ​សឹងជា​រថយន្ត​យីឌុប​ធុនធំ​ ហើយ​សុទ្ធតែ​ដឹក​លើស​ទម្ងន់​ដែល​ច្បាប់​បានកំណត់ ។​ ជាក់ស្ដែង ​គ្រាន់តែ​រថ​យន្ត​​ដឹក​ឈើ​ចំនួន២​គ្រឿង ​ដែលមាន​អ្នករត់​ការ​ឈ្មោះ​ហេង​​ ដឹកឆ្លង​កាត់​ខេត្តបន្ទាយ​មានជ័យ​តាម​ផ្លូវ​ជាតិ​លេខ​​៦ ក្នុង​មួយគ្រឿង​ដែលផ្ទុក​ឈើ១៩​ម៉ែត្រគូប​ គឺលើស​ទម្ងន់​ដល់​ទៅ២០​តោន​ ហើយ​រថយន្តដឹក​​ឈើមួយគ្រឿង​ទៀត​ដែល​ផ្ទុក​ពេញ​ហើយ​លៀនចេញក្រៅ​ទ្រុ​​ង​ គឺ​លើស​​ទម្ងន់​រហូត​ដល់ទៅ​២៥តោន​ ។​ ចំពោះ​រថយន្ត​ដែល​ដឹក​កសិផល​ក៏ដូចជា​រថយន្តដឹក​ទំនិញ​ឯទៀត​ ដែរ​ គឺលើស​ពី៥​តោន​ ទៅ​១០​តោន​ ។

​ជាមួយ​នឹងការដឹកលើស​ទម្ងន់​បែប​នេះ ​ពិសេស​រថយន្ត​ដឹក​ឈើរបស់​ក្រុមហ៊ុន​មួយ​ចំនួន​ដែលមាន​ច្បាប់​ និងរថយន្ត​លួច​ដឹកឈើ​ចូល​ខេត្តបន្ទាយ​មានជ័យ​ ដែល​គ្មាន​ច្បាប់​ ក្នុងមួយ​យប់ៗ​​រាប់​សិបគ្រឿង​ឆ្លងកាត់​ខេត្ត​នេះ​ គឺសុទ្ធ​តែដឹក​លើស​ទម្ងន់​ទាំងអស់​ ធ្វើឱ្យ​កំណាត់​ផ្លូវជាតិ​លេខ​៦ពី​សៀម​រាប​មកបន្ទាយ​មាន​ជ័យ​រងការ​ខូចខាត​រាប់សិប​កន្លែង​ ។​ ពិត​ជាមានការ​ភ្ញាក់​ផ្អើល​ពេក​ណាស់​ ពេល​ក្រុម​ការ​​ងារ​​ថ្លឹង​ជញ្ជីង​​ចល័ត​ មក​ឆ្មក់​អនុវត្ត​​ទើប​ដឹងថា​ខេត្ត​បន្ទាយ​​មានជ័យ​មានបទ​ល្មើស​ព្រៃ​ឈើ​ឆ្លង​កាត់​ដែរ​ មិនមែន​មានតែ​ទំនិញ​ទេ​ ។ ការ​ថ្លឹង​រថយន្ត​ទាំង​១១​​គ្រឿង​ឃើញថា​ លើស​ទម្ងន់​ពិត​មែន រួច​ហើយ​ក្រុមការងារ​បានបញ្ជូន​រថយន្ត​ទាំង​​អស់​យក​​ទៅមន្ទីរ​សាធារណ​ការ​ខេត្ត ដើម្បី​ធ្វើ​ការ​​ផាកពិន័យ​ទៅតា​ម​​​ច្បាប់​​​ ។

គួរបញ្ជាក់​​ថា ស្ថា​នីយ​ថ្លឹងរថយន្ត​អចល័ត​មួយ​កន្លែងស្ថិត​នៅភូមិ​កូនដំរី ​ក្នុងខេត្តបន្ទាយ​មាន​​ជ័យ ដែល​​រងគ្រោះ​ដោយសារ​រថយន្ត​ដឹក​អេតចាយ​បុកទម្លាយ​កាលពីប៉ុន្មាន​ខែ​មុន​ក៏​​បាន​ស្ថាបនា​រួចរាល់ហើយ​​ដែរ​ ប៉ុន្តែរថយន្ត​ដឹកទំនិញ​ទាំងនោះ​មិនបាន​ចូលថ្លឹង​លើជញ្ជីង​ឱ្យ​បានត្រឹម​ត្រូវទេ​ គឺអ្នក​បើកបរ​​ពេលធ្វើ​ដំណើរ​ដល់​មុខស្ថានីយ​តែងបង្អង់​ល្បឿន​បន្តិចស្វា​គមន៍​មន្រ្តី​ជំនាញ​នៅទីនោះ​ រួច​​ក៏បន្ត​ដំណើរ​ទៅមុខ​ទៀត​ ​។ បើ​​តាម​ម្ចាស់​រថយន្ត និងអ្នក​ដឹក​ទំនិញ​និយាយ​ថា​ ពួកគេមិន​ចង់ដឹក​លើស​ទេ ព្រោះ​​វា​ខូច​ទាំង​ផ្លូវ​ ទាំង​រថយន្ត​ ​តែបើគេ​ដឹក​ត្រឹមត្រូវ​វាមិន​ចំណេញ​ ​ព្រោះ​ត្រូវបង់លុយ​តាមផ្លូវ​​ហូរ​ហែ​​ប្រៀប​​​ដូច​រក​បាន​ពីក្អែក​ចែក​តាវៅ​​ ៕