ខេត្តស្ទឹងត្រែង ៖ ស្របពេលដែលក្រុមនិស្សិតស្ម័គ្រចិត្តរួមជាមួយមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅជាក់ស្តែងលើដីដែលមានទំនាស់ជាមួយក្រុមហ៊ុននោះ ការចាប់យកដីនៅចំណុចផ្លូវជាតិលេខ៧ រហូតដល់ចំណុចដុងក្រឡក៏មានសកម្មភាពគគ្រឹកគគ្រេងជាង១ខែមកហើយ ។ ការចាប់យកដោយសង់ផ្ទះថ្មីលើដីទាំងនោះត្រូវបានសមត្ថកិច្ចចម្រុះក្រុងស្ទឹងត្រែងនាំយកគ្រឿងចក្រទៅឈូសបំផ្លាញចោលវិញក្រោមទិដ្ឋភាពនៃការស្រែកយំយ៉ាងទ្រហឹងដោយខឹងសម្បាចំពោះទង្វើរបស់សមត្ថកិច្ចហើយបានសំណូមពរទៅដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតជួយអន្តរាគមន៍ ដោយពួកគាត់អះអាងថា មានលិខិតស្នាមសំអាងជាលាយលក្ខណ៍អក្សរចុះហត្ថលេខាលើការកាន់កាប់ដីធ្លីទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំ ។ ទោះបីជាបែបណាមន្ត្រីដែលចុះអនុវត្តក្នុងការរុះរើលំនៅឋានទាំងនោះបានអះអាងថា ជាការអនុវត្តទៅតាមច្បាប់ ។
ប្រជាពលរដ្ឋដែលបានទៅសង់លំនៅឋានថ្មីតាមដងផ្លូវជាតិលេខ៧ចាប់ពីភូមិគីឡូម៉ែត្រលេខ៨ រហូតដល់ចំណុចដុងក្រឡ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងបាននិយាយទាំងទឹកភ្នែកថា សមត្ថកិច្ចគ្មានមនុស្សធម៌ក្នុងខ្លួនជាជនជាតិខ្មែរបន្តិចទេ ។ ប្រជាជនទាំងនោះបានអះអាងពីភាពស្របច្បាប់របស់ខ្លួនថា កាលពីឆ្នាំ២០០៨ ពួកគាត់នៅទីនេះតែជម្រក និងដំណាំរបស់ពួកគាត់ត្រូវសមត្ថកិច្ចរុះរើឬត្រូវដុតចោល ហើយជាបន្តបន្ទាប់ក៏មានការគំរាមកំហែងធ្វើឱ្យពួកគាត់លែងហ៊ានសង់ផ្ទះរស់នៅតទៅទៀត។ ក្រុមប្រជាពលរដ្ឋឯទៀតបន្តទៀតថា ចំណែកដីធ្លីប្រជាពលរដ្ឋខ្លះទៀតដែលបានត្រួសត្រាយដាំដំណាំធ្វើស្រែស្រូវតាំងពីឆ្នាំ២០០៦ដែលមានលិខិតស្នាមបញ្ជាក់ពីមេភូមិ និងមេឃុំ ក៏ត្រូវក្រុមហ៊ុនដីសម្បទានដាក់គ្រឿងចក្រឈូសលើផលដំណាំ និងដុតផ្ទះចម្ការរបស់ពួកគាត់ម្តងមកហើយដែរ ។
មហាជនមួយចំនួនបានចាប់អារម្មរណ៍លើអាជ្ញាធរថា ក្នុងនាមជាអាជ្ញាធរគួរតែប្រកាស ឬហៅប្រជាពលរដ្ឋមកពន្យល់ណែនាំឱ្យពួកគាត់បានដឹងពីគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់បទបញ្ជាពីបញ្ហាដីធ្លីនេះថា ដីណាដែលប្រជាពលរដ្ឋមិនអាចទទួលការវាស់វែងជូនបាន ដើម្បីឱ្យពួកគាត់ដែលជាប្រជាពលរដ្ឋបានយល់ក្នុងការចាប់ទីតាំងសម្រាប់រស់នៅ និងមិនមានការសោកស្តាយក្រោយពេលសង់លំនៅឋានរួច។
លោក ឡូយ សុផាត អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា លោកទទួលស្គាល់ចំពោះអាជ្ញាធរថា បានចុះទៅរុះរើលំនៅឋានថ្មីៗទាំងនោះមែនព្រោះប្រជាពលរដ្ឋទាំងនោះគាត់បានទៅកាប់រានដីព្រៃដោយខុសច្បាប់ ហើយក្រុមហ៊ុនមិនបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទេ ។
ចំណែកលោក សួ ស័ក្ក ប្រធានក្រុមនិស្សិតស្ម័គ្រចិត្តប្រចាំទិសក្រុងស្ទឹងត្រែងបានប្រាប់នៅរសៀលថ្ងៃទី៥ សីហា ថា ភារកិច្ចក្រុមយុវជនរបស់លោក គឺបានត្រឹមចុះវាស់ដីណាដែលប្រជាពលរដ្ឋមានដី និងផ្ទះដែលមិនទាន់មានប្លង់ និងកំពុងកាន់កាប់ជាក់ស្តែង គឺក្រុមរបស់លោក និងមន្ត្រីជំនាញរួមសហការគ្នាវាស់ដីនោះជូនប្រជាពលរដ្ឋ ។
ចំណែកលោក ហូ សំអុល មន្ត្រីស៊ើបអង្កេតសមាគមអាដហុកប្រចាំខេត្តស្ទឹងត្រែង បានថ្លែងថា ករណីដែលប្រជាពលរដ្ឋទៅចាប់ដីតាំងលំនៅនោះ គឺពួកគាត់មិនបានដឹងខុសច្បាប់ ឬត្រូវច្បាប់នោះទេ ។ តែបន្ទាប់ពីសម្តេចលោកមានប្រសាសន៍ថា ដីអ្នកណាត្រូវវាស់ឱ្យអ្នកនោះទើបពួកគាត់ទៅធ្វើលើដីដែលគាត់មានពីមុន ចំណែកអាជ្ញាធរលោកមិនបានបំពេញភារកិច្ចឱ្យបានច្បាស់លាស់ទេ ពួកគាត់គួរតែហៅប្រជាពលរដ្ឋមកណែនាំថា ដីនោះមិនអាចធ្វើបានទេ ទោះបីខំប្រឹងក៏អត់ប្រយោជន៍ដែរ ដើម្បីចៀសវាងការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋ៕




ចែករំលែកព័តមាននេះ