ខេត្តសៀមរាប ៖ នៅទីបំផុត សំណុំរឿងឃាតកម្មលើមន្ដ្រីរដ្ឋបាលព្រៃឈើសង្កាត់អង្គរធំ ដែលស្ថិតនៅក្នុងភាពអាថ៌កំបាំងអស់រយៈកាលជិតពីរឆ្នាំមកនេះ បានលេចចេញនូវពន្លឺខ្លះៗហើយ គឺជនសង្ស័យជាឃាតករជាមន្ដ្រីរដ្ឋបាលព្រៃឈើដូចគ្នា ។
ទាក់ទិនទៅនឹងករណីឃាតកម្មខាងលើកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១២ កន្លងទៅ មន្ដ្រីរដ្ឋបាលព្រៃឈើសង្កាត់អង្គរធំមួយរូប ឈ្មោះខៀវ មុត ត្រូវបានហៅឱ្យចូលខ្លួនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដ ហើយចាប់ខ្លួនភ្លាមៗបញ្ជូនទៅតុលាការ លុះចុងបញ្ចប់នៃការសាកសួរ តុលាការបានសម្រេចធ្វើការឃុំខ្លួនមន្ដ្រីរូបនេះនៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការស៊ើបអង្កេត ។
លោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដ បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យឈ្មោះខៀវ មុត ជាមន្ដ្រីរដ្ឋបាលព្រៃឈើសង្កាត់អង្គរធំនោះ គឺជាការអនុវត្ដតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ២៦៦ ចុះថ្ងៃទី២៩ មិថុនា ឆ្នាំ២០១២ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដ លោក រ៉ែម សុភ័ក្ត្រ ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១០ កន្លងទៅ ។ លោកបន្ដថា ថ្វីបើយើងបានចាប់ខ្លួនជនសង្ស័យខាងលើ ប៉ុន្ដែខាងលោកមិនបានសួរដេញដោលទៅលើករណីនោះឱ្យបានស៊ីជម្រៅពីបទល្មើសនោះទេ គឺបានត្រឹមតែធ្វើកំណត់ហេតុឃាត់ខ្លួន រួចបញ្ជូនទៅកាន់សាលាដំបូងតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១០ កន្លងទៅ មានជនមិនស្គាល់មុខមួយ ក្រុមបានប្រើវត្ថុរឹង ទំនងជាពូថៅ លបលួចវាយសម្លាប់មន្ដ្រីរដ្ឋបាលព្រៃឈើមួយរូបឈ្មោះស៊ឹម អាន អាយុ៥០ឆ្នាំ នៅក្នុងព្រៃរបោះមួយកន្លែង ក្នុងភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ។ នៅគ្រានោះសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជនល្មើសអាចមានគ្នាចាប់ពី២នាក់ឡើងទៅក្នុងការធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ហើយទំនងជារឿងគំនុំផ្ទាល់ខ្លួន ។
មន្ដ្រីរដ្ឋបាលព្រៃឈើមួយរូបដែលអះអាងថាជាមិត្ដភក្តិរបស់ជនរងគ្រោះបានបង្ហើបថា ភ្លាមៗក្រោយពីការសម្លាប់ឈ្មោះស៊ឹម អាន សមត្ថកិច្ចបានដាក់ការសង្ស័យទៅលើមនុស្សមួយក្រុម ក្នុងនោះក៏មានឈ្មោះខៀវ មុត ដែលត្រូវបានចាប់ខ្លួននោះដែរ ហើយករណីនេះត្រូវបានគេតាមដានជាសម្ងាត់រហូតមក ។ មន្ដ្រីដដែលនោះបានបន្ថែមថា ក្រោយពីជនរងគ្រោះត្រូវបានសម្លាប់ជនសង្ស័យបានរត់គេចខ្លួនអស់មួយរយៈដោយប្រាប់គេឯងថាទៅព្យាបាលជំងឺនៅប្រទេសវៀតណាម តែកម្លាំងសម្ងាត់បានតាមឃើញទៅសំងំនៅឯស្រុកកំណើតទៅវិញ ជាពិសេសសកម្មភាពចុងក្រោយនេះជនសង្ស័យបានធ្វើសកម្មភាពរុះរើរោងអុជធូបដែលមន្ដ្រីសង្កាត់ធ្វើសម្រាប់់សពលោក ស៊ឹម អាន ចោលទៀត ដូចជាមានគំនុំជាមួយខ្មោចអីុចឹង ។
ទោះជាយ៉ាងណា នៅរសៀលថ្ងៃទី៥ សីហា ការហៅទូរស័ព្ទជាច្រើនលើកទៅកាន់ចៅក្រមសើុបសួរ លោករ៉ែម សុភ័ក្រ្ត ដែលកាន់សំណុំរឿងឧក្រិដ្ឋខាងលើនោះមិនអាចទាក់ទងបានឡើយដោយគ្មានអ្នកទទួល ដូច្នេះមិនអាចសុំការពន្យល់បន្ថែមជុំវិញការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នលើមន្ដ្រីរដ្ឋបាលព្រៃឈើខាងលើនោះបានទេ។ ថ្វីបើយ៉ាងនេះក្ដី នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោកទា គឹមសុទ្ធ បានមានប្រសាសន៍ប្រាប់នារសៀលថ្ងៃទី៥ សីហា ថា នៅក្នុងករណីនេះជនសង្ស័យឈ្មោះខៀវ មុត មន្ដ្រីសង្កាត់រដ្ឋបាលព្រៃឈើអង្គរធំនោះមិនបានសារភាពអំពីកំហុសឆ្គង ដូចអ្វីដែលបានចោទប្រកាន់នោះទេ ដូច្នេះករណីនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដ៏ម៉ត់ចត់មួយតាមប្រពន្ធ័តុលាការ ដើម្បីស្វែងរកយុត្ដិធម៌ដល់ជនរងគ្រោះនិងជនសង្ស័យ ។
ទាក់ទិនទៅនឹងអំពើឃាតកម្មដូចគ្នានេះដែរ ក្រុមអ្នកតាមដានសង្គមបានបញ្ជាក់ថា កាលពីឆ្នាំ ២០១១កន្លងមក មានអំពើឃាតកម្មដ៏ឃោរឃៅយ៉ាងតិចចំនួន៣បានកើតឡើងនៅខេត្ដ សៀមរាប ក្នុងនោះមានស្ដ្រីយ៉ាងតិច៦នាក់ ត្រូវបានសម្លាប់ ។ ករណីទី១ សម្លាប់ដោយអារ.ក និងរំលោភស្ដ្រីចំនួន៣នាក់ ជាអ្នកលក់គ្រឿងទេសនៅខាងក្រោយសាលារៀនវត្ដស្វាយ ក្នុងភូមិវត្ដស្វាយ សង្កាត់សាលាកំរើក។ ទី២ សម្លាប់និស្សិតស្រីនៃសាកលវិទ្យាល័យបៀលប្រាយ និងទី៣ ករណីឃាតកម្មដោយវាយដំអារ.ក និងរំលោភក្រុមគ្រួសារស្ដ្រីមេម៉ាយថៅកែសិប្បកម្មផលិតទឹកបរិសុទ្ធយីហោ«ប៉ៃលិន» នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ដោយឡែកនៅក្នុងរយៈពេលជាងមួយខែចុងក្រោយ ក្នុងឆមាសទី១ឆ្នាំ២០១២នេះ គេឃើញមានអំពើឃាតកម្មយ៉ាងតិច៣ ករណីដែរបានកើតឡើងនៅលើទឹកដីខេត្ដទេសចរណ៍មួយនេះ ។ ជាក់ស្ដែងកាលពីអំឡុងខែឧសភាកន្លងទៅ ស្ដ្រីម្នាក់ត្រូវបានឃាតកររឹតករួចរំលោភនៅស្រុកសូទ្រនិគម ។ នៅថ្ងៃទី៣១ ឧសភា ស្ដ្រីបម្រើការនៅក្លិបរាត្រីម្នាក់ ក៏ត្រូវបានឃាតករសម្លាប់ដោយរឹតកនឹងខ្សែក្រវាត់នៅក្នុងបន្ទប់ជួល ក្នុងសង្កាត់ស្វាយដង្គំ និងចុងក្រោយជាករណីប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹក ។ ក្នុងចំណោមបទឧក្រិដ្ឋទាំងនោះ មានសំណុំរឿងខ្លះសមត្ថកិច្ចបានចាត់ការរួចហើយ ប៉ុន្ដែមួយចំនួនធំនៅមិនទាន់បានបំបែកនៅឡើយ ជាក់ស្ដែងដូចជាករណីឃាតកម្មនៅខាងក្រោយរបងសាលារៀនវត្ដស្វាយជាដើម ៕
ចែករំលែកព័តមាននេះ