ខេត្តបន្ទាយមានជ័យ ៖ អ្នកសារព័ត៌មាន និងអ្នកថតទូរទស្សន៍ រួមទាំងតំណាងអង្គការសិទ្ធិមនុស្សនិងសង្គមស៊ីវិលមួយចំនួនផង សរុបជាង៣០នាក់ នៅព្រឹកថ្ងៃទី៥ សីហា បាននាំគ្នាទៅកាន់សាលាដំបូងខេត្ត ដើម្បីយកព័ត៌មានពីករណីអ្នកកាសែតក្នុងស្រុកម្នាក់ដែលត្រូវបានសមត្ថកិច្ចឃុំខ្លួន ក្រោយពីអ្នកសារព័ត៌មានរូបនេះបើករថយន្តប៉ះជនរងគ្រោះម្នាក់ឱ្យរបួស កាលពីព្រឹកថ្ងៃទី៣ សីហា នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
អ្នកសារព័ត៌មានជាច្រើននាក់ដែលនាំគ្នាតាមដានរឿងចាប់ឃុំអ្នកកាសែតម្នាក់នោះព្រោះយល់ឃើញថា ដោយសារក្រោយគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបរជាអ្នកកាសែតនោះ ត្រូវបានចាប់ឃុំខ្លួនជាការរងនូវភាពអយុត្តិធម៌ទើបនាំគ្នាតាមយកព័ត៌មានរឿងខាងលើ ។ អ្នកកាសែតដែលត្រូវគេឃុំខ្លួនឈ្មោះ គា សុភ័ក្រ្ត ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកយកព័ត៌មានឱ្យកាសែតមិនធ្លាប់ឮឈ្មោះ«ដំណឹងថ្ងៃនេះ» ប្រចាំខេត្តបន្ទាយមានជ័យ ។
គួរបញ្ជាក់ថា មុនការឃុំខ្លួនគឺកាលពីព្រឹកថ្ងៃទី៣ សីហា អ្នកកាសែតរូបនេះបានបើកបររថយន្តក្នុងគោលដៅពីជើងទៅត្បូង លុះដល់ចំណុចខាងលើមានព្រូរថយន្តធំដឹកថ្មម្នាក់ ចុះមករត់ការឯកសារជាមួយសមត្ថកិច្ច២ស្ថាប័ននៅទីនោះ ដោយដើរឆ្លងថ្នល់ក៏ជួបឧប្បត្តិហេតុគ្រោះថ្នាក់តែម្តង ។ ជនរងគ្រោះក្នុងហេតុការណ៍ត្រូវគេដឹងថា ជាព្រូរថយន្តធំដឹកថ្មពីស្រុកមង្គលបុរីទៅខេត្តសៀមរាបឈ្មោះ ស្រ៊ិន បូរី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិបឹងជ្រៃ ឃុំសោប ស្រុកព្រែកព្រះសព្វ ខេត្តក្រចេះ រងរបួសជង្គង់ខាងស្តាំ និងបាក់ដៃខាងឆ្វេងដេរចំនួន៩ថ្នេរ និងដងខ្លួនរបួសដោយអន្លើ ។ ប្រភពពីអ្នកឃើញហេតុការណ៍នេះនិយាយថា គ្រោះថ្នាក់បណ្តាលមកពីជនរងគ្រោះដើរឆ្លងថ្នល់ទៅចូលរថយន្តរបស់អ្នកកាសែត ព្រោះអ្នកកាសែតបើកបរនៅខាងស្តាំដៃត្រឹមត្រូវ ។ ចំណែកជនរងគ្រោះឈ្មោះស្រ៊ិន បូរី បាននិយាយតាមទូរស័ព្ទថា ដោយសារខ្លួនរត់យកឯកសារ និងបង់លុយឱ្យសមត្ថកិច្ច ទើបជួបឧប្បត្តិហេតុបែបនេះ ។
អ្នកកាសែតដែលត្រូវគេឃុំខ្លួននោះ នៅព្រឹកថ្ងៃទី៥ សីហា ដែលជាថ្ងៃអាទិត្យ ត្រូវបានសមត្ថកិច្ចស្នងការដ្ឋានខេត្តបញ្ជូនទៅតុលាការ ។ អ្នកកាសែតដែលត្រូវឃុំខ្លួនខាងលើនិយាយថា ក្រោយហេតុការណ៍កើតឡើងខ្លួនមិនបានរត់ទៅណាទេ ថែមទាំងជួយលើកជនរងគ្រោះជាមួយសមត្ថកិច្ច ដើម្បីយកទៅមន្ទីរពេទ្យទៀតផង ។ ខ្លួនសុខចិត្តដោះស្រាយរាល់ការបង្កគ្រោះថ្នាក់ ប៉ុន្តែបែរជាគេឃុំខ្លួនទៅវិញ ។
ស្រ្តីឈ្មោះ ថុល សុខហេង អាយុ៣៤ឆ្នាំ ជាបងប្អូនជីដូនមួយអ្នកកាសែតដែលត្រូវគេឃុំខ្លួន និងមានទីលំនៅក្នុងភូមិកើតហេតុនិយាយថា កាលពីថ្ងៃទី៤ សីហា គាត់បានទាក់ទងតាមទូរស័ព្ទជាមួយបុរសម្នាក់ដែលអះអាងថា ជាថៅកែរបស់ព្រូរថយន្តដែលរងគ្រោះ ហើយថែមទាំងធ្វើការចរចាគ្នា ក្នុងការដោះស្រាយដោយជំហានដំបូងភាគីតំណាងជនរងគ្រោះទារ១.០០០ដុល្លារ(មួយពាន់ដុល្លារ)។ ដោយសារការលើកហេតុផលនិងអង្វករទើបត្រូវថ្លៃគ្នាត្រឹម៦០០ដុល្លារ ប៉ុន្តែខណៈពេលសមត្ថកិច្ចកំពុងបំពេញឯកសារបញ្ចប់ក៏មានករណីប្រែប្រួលភ្លាមៗដោយសមត្ថកិច្ចប្រាប់ថា ខាងតុលាការឱ្យនាំទៅបញ្ចប់បញ្ហានៅឯសាលាដំបូង។ ស្ត្រីរូបនេះបន្តថា ក្រោយពីនាំគ្នាមកដល់សាលាដំបូងកាលពីល្ងាចថ្ងៃទី៤ សីហា ស្រាប់តែខាងតុលាការថាដោយសារភាគីខាងរងគ្រោះអត់មានវត្តមានក៏ឱ្យសមត្ថកិច្ចយកអ្នកកាសែតត្រឡប់ទៅវិញនិងបន្តឃុំខ្លួនទៀតនៅស្នងការដ្ឋានខេត្ត ។
នៅម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី៥ សីហា ក្រោយពីអ្នកកាសែតរូបនេះត្រូវសួរនាំរួចចុះពីតុលាការក៏ឡើងរថយន្តស៊ីរ៉ែនរបស់ប៉ូលិសនាំយកត្រឡប់ទៅស្នងការដ្ឋានខេត្តវិញ។ មុននឹងឡើងរថយន្តស៊ីរ៉ែនលោកគា សុភ័ក្រ្ត បានប្រាប់ថា បញ្ហាបានបញ្ចប់ហើយ គឺស្រុះស្រួលគ្នាបញ្ចប់ត្រឹម៦០០ដុល្លារ ដោយប្រគល់ឱ្យភាគីរងគ្រោះរួចហើយ។ លោក គា សុភ័ក្ត្រ និយាយថា នេះជាភាពអយុត្តិធម៌ណាស់ ខ្លួនក៏ជាជនរងគ្រោះដែរ ព្រោះព្រូរថយន្តនោះរត់មកចូលរថយន្តរបស់ខ្លួនមិនគួរសមត្ថកិច្ចឃុំខ្លួននោះទេ ។ អ្នកកាសែតរូបនេះបន្តថា ការបញ្ចប់បញ្ហានេះថ្វីដ្បិតតែឱ្យលុយហើយក៏ដោយ ប៉ុន្តែត្រូវបញ្ចប់នៅម៉ោង២រសៀលថ្ងៃដដែលនៅសាលាដំបូងខេត្ត ។
លោកសុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា បានផ្តល់បទសម្ភាសន៍ដល់ក្រមអ្នកសារព័ត៌មានថា បើនិយាយឱ្យចំទៅអ្នកបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍គឺប៉ូលិសចរាចរ ហើយម្ចាស់រថយន្តជាជនរងគ្រោះ ព្រោះភាគីម្ខាងទៀតគេរត់ឆ្លងថ្នល់មកចូលខាងរថយន្តដែលប្រកាន់ស្តាំ ដើម្បីបង់លុយឱ្យប៉ូលិស ហើយអ្នកបើកបរពុំមែនជាអ្នកបង្កផង ត្រូវគេចាប់ឃុំខ្លួនដាក់ក្នុងទ្រុង ដើម្បីទារសំណង ។ លោកចង់ឱ្យរដ្ឋាភិបាលពិសេសគឺក្រសួងមហាផ្ទៃពិនិត្យឡើងវិញ នេះជារឿងប៉ះពាល់អ្នកកាសែតផង ចុះបើប្រជាពលរដ្ឋធម្មតាតើវាទៅជាយ៉ាងណា ? ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាម្នាក់ លោកមិនចង់ទទួលគំនាបបែបហ្នឹង ហើយក៏មិនចង់ឃើញរូបភាពបែបហ្នឹងកើតឡើងនោះដែរ ក្នុងសង្គមកម្ពុជាសព្វថ្ងៃប្រទេសយើងមានច្បាប់គ្រប់គ្រាន់ហើយ ។ លោកសុំឱ្យអាជ្ញាធរគ្រប់ខេត្តទាំងអស់ គួរតែត្រួតពិនិត្យប៉ូលិសចរាចរ តាមដងផ្លូវដែលបង្កឱ្យមានគ្រោះថ្នាក់របៀបហ្នឹង តើគួរកាត់បន្ថយតាមរបៀបយ៉ាងម៉េច បើសិនបង្កើតឱ្យមានប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍មិនគួរមានតែម្ខាងទេ គួរតែមានទាំងសងខាង ដើម្បីកុំឱ្យរត់ឆ្លងផ្លូវទៅម្ខាងទៀតអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។
ជុំវិញបញ្ហាខាងលើនេះ លោកឈឿម សុផុន នាយការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានខេត្តបានប្រាប់តាមទូរស័ព្ទថា ការឃុំខ្លួនអ្នកបើកបររថយន្តខាងលើ គឺធ្វើឡើងតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ៕





ចែករំលែកព័តមាននេះ