ខេត្តបាត់ដំបង ៖ ខ្មាន់កាំភ្លើងមួយក្រុមដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវសាក្សីនិយាយថា បានជិះរថយន្តស៊េរីទំនើបៗចំនួន២គ្រឿង បើកប្រដេញគ្នាទៅឈប់លើផ្លូវជាយក្រុងមួយកន្លែងក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៤សីហា រួចប្រើប្រាស់អាវុធវែងខ្លីបាញ់គំរាមគ្នាដែលគេសង្ស័យថា ជាជម្លោះមួយ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ហ៊ានធ្វើការសន្និដ្ឋានបែបណានៅឡើយទេក្នុងករណីនេះ ។
ប្រភពពីសមត្ថកិច្ចថា ក្រុមប្រដាប់អាវុធជិះរថយន្ត១គ្រឿង និងម៉ូតូ២គ្រឿង តែប្រជាពលរដ្ឋនៅក្បែរនោះអះអាងថា ខ្មាន់កាំភ្លើងជិះរថយន្តស៊េរីទំនើប២គ្រឿង គ្មានម៉ូតូទេ ។ សាក្សី និយាយថា ដំបូងគេឃើញរថយន្ត១គ្រឿងបើកចេញពីផ្លូវរង្វង់មូលនាងគង្ហីងបត់ទៅទិសខាងជើង ហើយឈប់នៅកន្លែងស្ងាត់ចន្លោះពីផ្ទះអ្នកភូមិប្រហែល២០០ម៉ែត្រ ភ្លាមនោះក៏មានរថយន្តមួយគ្រឿងទៀតបើកតាមពីក្រោយទៅហួសបន្តិចក៏បត់ទៅវិញ ដោយឈប់បើកភ្លើងរថយន្តបញ្ចាំងដាក់គ្នា ។
ប្រភពដដែលបន្តថា គ្រានោះគេឮសំឡេងប្រកែកគ្នាមួយប្រាវក៏ស្រាប់តែឮសំឡេងបាញ់កាំភ្លើងតែម្ដង ប៉ុន្តែពួកគេបានផ្អាកការបាញ់ ពេលមានរថយន្តដឹកទំនិញមួយគ្រឿងបើកឆ្លងកាត់ទីនោះទៅទិសខាងជើង ។ លុះរថយន្តនោះបើកទៅផុតបន្តិច ស្រាប់តែឮផ្ទុះកាំភ្លើងមួយប្រាវទៀតប្រហែល៣ទៅ៤គ្រាប់ និងមានការប្រកែកគ្នាទៀត រួចក៏នាំគ្នាឡើងរថយន្តជិះត្រឡប់ក្រោយវិញអស់ទៅ ហើយប្រហែល១០នាទីក្រោយមកទើបឃើញកម្លាំងសមត្ថកិច្ចចុះទៅដល់ព្រោងព្រាត ។ សាក្សីបញ្ជាក់ដែរថា គេមិនដឹងថា ក្រុមប្រដាប់អាវុធមានបក្សពួកប៉ុន្មាននាក់ទេ ហើយតាមស្ដាប់ស្នូរផ្ទុះកាំភ្លើងគឺពួកគេអាចប្រើប្រាស់អាវុធចំនួន២ដើមបាញ់គំរាមគ្នាទៅលើមេឃ ។
ក្រុមសមត្ថកិច្ចបានអះអាងថា នៅកន្លែងកើតហេតុគេបានរកឃើញសំបកគ្រាប់កាំភ្លើងធុនM.16 ចំនួន៤ និងសំបកគ្រាប់កាំភ្លើងខ្លីធុន«ឡុក»ច្នៃបាញ់កាំភ្លើងខ្លីធុន«K59» ចំនួន ១ផងដែរ។ សំបកគ្រាប់ទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថយកមករក្សាទុកជាវត្ថុតាង ។ លោកឡាច ប្រុស នាយការិយាល័យកងរាជអាវុធហត្ថប្រឆាំងបទល្មើសព្រហ្មទណ្ឌ ដែលបានចុះអន្តរាគមន៍ក្នុងករណីផ្ទុះអាវុធដ៏កក្រើកនេះ មិនអាចសុំការបំភ្លឺបានទេកាលពីព្រឹកថ្ងៃទី៥ សីហា ដោយមិនមានអ្នកលើកទូរស័ព្ទ ។
លោកជេត វណ្ណនី ស្នងការរងនគរបាលខេត្តបានឱ្យដឹងដែរថា សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណ ឬសមាសភាពក្រុមខ្មាន់កាំភ្លើងនោះនៅឡើយទេ ហើយក៏មិនទាន់ដឹងថា ក្រុមនេះចេញពីប្រភពណាដែរ តែកម្លាំងជំនាញកំពុងស្រាវជ្រាវបញ្ហានេះហើយ ។ លោកស្នងការរងបានបញ្ជាក់ដែរថា លោកមិនទាន់អាចសន្និដ្ឋានជាផ្លូវការថា តើការផ្ទុះអាវុធដ៏ព្រហើនក្បែរក្រុងទាំងកណ្ដាលអធ្រាត្រនេះជាករណីបែបណាដែរ ប៉ុន្តែលោកថា វាអាចជារឿងជម្លោះមួយហើយ។
ទោះជាបែបណា អ្នកភូមិបានរំលឹកដែរថា នៅលើកំណាត់ផ្លូវជាយក្រុងតំបន់នោះ គេតែងប្រទះឃើញមានរឿងបែបនេះញឹកញាប់ណាស់ ព្រោះកន្លែងនោះស្ងាត់ចន្លោះពីផ្ទះអ្នកភូមិ។ អ្នកភូមិនិយាយថា សកម្មភាពបែបនេះភាគច្រើនបង្កឡើងដោយក្រុមអ្នកស្រវឹងនៅពេលយប់ស្ងាត់ឬពាក់កណ្ដាលអធ្រាត្រ។ ពេលខ្លះមានប្រុស មានស្រីជិះម៉ូតូឬរថយន្តទៅឈប់វាយតប់គ្នាទៀត ផង ។ ជារឿយៗគេតែងឮសំឡេងមនុស្សស្រីស្រែកយំ ដែលទំនងជាត្រូវប្រុសៗចាប់ធ្វើបាប។ ម្យ៉ាងទៀតគេកម្រឃើញសមត្ថកិច្ចជិះល្បាតតាមដងផ្លូវជាយក្រុងនេះណាស់ លើកលែងតែមានគ្រាអាសន្នដូចលើកនេះ ទើបគេឃើញមុខសមត្ថកិច្ច ។ បើមិនដូចច្នេះទេ យប់ឡើងស្ងាត់ដូចចោរលួចសេះ ដែលជាការងាយស្រួលដល់ជនល្មើសក្នុងការបង្កអសន្តិសុខគ្រប់បែបយ៉ាងនៅតាមផ្លូវនោះ ៕
ចែករំលែកព័តមាននេះ