ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​អាមេរិក​លោកជីមីខាទ័រ ​នឹង​​ទៅកាន់​​គុយ​បា​​៣ថ្ងៃ

15 ឆ្នាំ មុន

អតីត​ប្រធានាធិបតី​អាមេរិក លោក​ជីមី ខាទ័រ ​នឹងអញ្ជើញ​​​ទៅកាន់​ដែន​កោះ​គុយបា​​​នៅ​ថ្ងៃទី​​២៨ មីនា ​សម្រាប់ដំណើរទស្សន​កិច្ច​​មួយ​នៅ​ប្រទេស​នេះ​ ដើម្បីឆ្លើយ​តប​តាម​ការ​អញ្ជើញ​​​របស់​រដ្ឋាភិបាល​គុយបា​​ដឹកនាំ​ដោយ​​លោក​រ៉ា​អ៊ុល​ កាស្ត្រូ ប្អូនបង្កើត​​របស់លោក​ហ្វីដែល​កា​ស្ត្រូ ។ ​លោកជីមី​ខាទ័រ ​ធ្លាប់​ទៅបំពេញ​​ទស្សន​កិច្ច​​នៅ​ប្រទេស​​គុយបា​​ម្តង​​រួច​មកហើយ ​កាលពី​ឆ្នាំ​​២០០២​កន្លង​មក ​ដែល​កាលណោះ លោក​​ត្រូវ​ទទួលស្វាគមន៍​​ដោយ​លោក​ហ្វីដែលកាស្ត្រូ ។​
លោកជីមី​ខាទ័រ ​ជា​ប្រធានាធិបតី​​អាមេរិក​​​ដំបូងគេ ដែលអញ្ជើញ​​​បំពេញទស្សន​កិច្ច​​នៅ​គុយ​បា​​ទាំង​នៅពេល​​​​​កាន់តំណែង​ប្រធានាធិបតី​​ និង​ចប់​តំណែង​​ប្រធានាធិបតី ។​

ទោះបីជា​បែបណា ​​ដំណើរទស្ស​​ន​កិច្ច​របស់​លោកជីមី​ខាទ័រ ​​នៅ​​គុយបា​​លើកចុងក្រោយ​​​​នេះ​ញ៉ាំង​ឱ្យ​មានការ​​លេច​ឮ​ពាក្យ​​ច​ចាមអារ៉ាម​ថា ​លោកជីមី​ខាទ័រ ​អាច​ព្យាយាម​​ធានា​​ឱ្យ​​មានការ​ដោះលែង​អ្នក​​​ម៉ៅការ​​អាមេរិក​ម្នាក់​​​ឈ្មោះ Alan Gross ដែលកាលពី​​ពេលថ្មីៗ ​កន្លង​មក ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​​រយៈ​ពេល​​១៥​ឆ្នាំ​​ពីបទ​​​ធ្វេស​ប្រហែស​នឹងការងារ​ដោយ​ផ្តល់សេវា​​អ៊ីនធើរ​ណេត​​ខុសច្បាប់​​ដល់ក្រុម​ប្រឆាំង​​គុយបា ។​

តាមការប្រកាស​ព័ត៌​មាន​​មួយដោយ​ខុទ្ទកា​ល័យ​​របស់​លោកជីមី​ខាទ័រ ​​ថា លោកជីមី ខាទ័រ នឹង​ទៅបំពេញ​​ទស្សន​កិច្ច​នៅគុយបា​​​រយៈ​ពេល​​​៣ថ្ងៃ​​ ហើយ​លោក​នឹង​ជួបជាមួយ​ប្រធានាធិបតី​គុយបា​​លោក​រ៉ា​អ៊ុល កាស្ត្រូ ​និង​មន្ត្រី​​គុយបា​ជា​ច្រើន​​រូបទៀត ​ដើម្បីពិភាក្សា​​​អំពីទំនាក់ទំនង​​ទ្វេ​ភាគី​អាមេរិក​-­­គុយបា ៕​