ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រុក​​បះ​បោរ​ប្រឆាំង​គម្រោង​ដោះ​ដូរ​ដី​វត្ត​ខ្ទរ​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​​ ៖ អ្នក​ភូមិ​ប្រមាណ​ជាង​១០០​នាក់ចំណុះជើង​វត្តពោធិ៍ព្រឹក្ស ហៅវត្តខ្ទរ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌឫស្សី​កែវ កាលពីព្រឹកថ្ងៃទី៤ សីហា បាន​លើកគ្នាមក​កាន់ទីវត្តដោយធ្វើការចោទប្រកាន់មកលើគណៈ កម្មការអាចារ្យ​ និងចៅអធិការ​វត្តខ្ទរថា បានរួម​​ដៃ​គ្នាជាមួយក្រសួង​លក់ដីឈាបនដ្ឋាន​មុខ​វត្ត​ដែល​មាន​ទំហំ​ជាង៤ហិក​តា​  ដោយ​​បាន​ប្រកាស​​ថា ពួក​គាត់​ប្រឆាំងដាច់ខាត​​ដល់​ការមាន​ចេត​នា​ណាមួយចង់​លក់​ដីរួមនោះដោយ​ប្រើរូបភាព​ដោះដូរ ។

ការផ្ទុះចេញនូវការបះបោរនេះ បន្ទាប់ពី​បែក​ធ្លាយពីគម្រោង​ដោះ​​​​ដូរ​​មួយ​ស្ងាត់​ៗ​ជា​មួយ​​ក្រុម​ហ៊ុនមួយ​ដែល​ពួក​គេ​រៀបចំលក់ដីឈាបនដ្ឋាន​ ដោយ​ប្រើ​រូប​ភាពដោះដូរ​ដី​មួយ​កន្លែងនៅមុខ​វត្តបាក់​ខែង ។

តាមស្ត្រីឈ្មោះ តេង ផល្លី អាយុ៥៧ឆ្នាំ ជា​តំណាងប្រជាពលរដ្ឋបានឱ្យដឹងថា កាលពី​ថ្ងៃទី​៣ សីហា ប្រជាពលរដ្ឋនៅក្នុងភូមិបាន​ឭដំណឹង​ថា ដីឈាបនដ្ឋាន​វត្តពោធិ​ព្រឹក្ស ហៅវត្តខ្ទរ​ត្រូវ​បានគេដោះដូរ​ជា​មួយ​ដីមួយ​កន្លែងនៅ​មុខ​វត្ត​បាក់​ខែងហើយ​​ដឹង​​រឿង​​នេះ​ដោយសារតែ​ចៅ​អធិ​ការវត្តបាក់ខែងបានសួរនាំពុទ្ធបរិសទ ។ បន្ទាប់​ពី​បានទទួលដំណឹង​​​ពី​បាក់​ខែង​​​ម​ក​វិញ​បែប​នេះ​ ទើប​​ប្រជា​ពល​រដ្ឋ​ចំណុះ​ជើង​វត្តខ្ទរទាំង​អស់បាននាំគ្នា​ជ្រួល​ច្របល់ហើយ​បាន​លើក​គ្នា​មកកាន់វត្តដើម្បីសួរនាំ ព្រមទាំង​ប្រឆាំង​ដាច់​ខាត​មិន​ឱ្យ​ដោះ​ដូរ​ទេ។ ការលើកគ្នា​នេះ តាំង​ពី​វេ​លា​ម៉ោង៧ព្រឹកថ្ងៃទី៤​ សីហា រហូត​ដល់​ម៉ោង១​រសៀល ទើបបំបែក​គ្នា​ដោយប្រជា​ពល​រដ្ឋ​បាន​ធ្វើការ​ចោទប្រកាន់​មក​លើចៅ​អធិ​ការ​​វត្តរួម​ទាំង​គណៈ​កម្មការ​អាចារ្យ​ដោយ​​​ចោទ​​​​​​ថា ​បាន​ឃុប​ឃិត​គ្នាដោះ​ដូរដីរួម​ដើម្បីផល​ប្រយោជន៍ ។

ស្រ្តីរូបនោះបានបន្តទៀតថា ដីវត្តជា​ដីរួម​មិន​មាន​នរណាម្នាក់មានសិទ្ធិលក់ ឬ​ដោះដូរ​ឡើយ​ហើយ​ប្រជាពលរដ្ឋប្រឆាំង​ដាច់ខាតចំពោះ​ការ​លក់​ដោយប្រើរូបភាពដោះដូរ​ណាមួយ​នេះ។ បើសិន​ជា​រដ្ឋ​ឬក្រសួងយកដីនេះធ្វើជាមន្ទីរពេទ្យ សាលារៀន ប្រជា​ពល​រដ្ឋមិនជំទាស់​នោះ​ទេ ។ ម្យ៉ាង​ទៀតដីនេះ ជាដីកេររបស់វត្ត នៅពេល​ដែល​​វត្ត​នេះ​ត្រូវ​ច្រាំងបាក់ដាច់អស់ អាច​ដូរ​​យក​ដី​​នេះ​ទៅ​ជា​ទីវត្តបាន មិនត្រូវលក់នោះទេ ។

លោកសាម គាត ហៅតាភុល គណៈ​កម្មការ​អាចារ្យវត្តពោធិព្រឹក្ស ហៅវត្តខ្ទរ និយាយ​ថា នេះ​ជា​រឿងរបស់ក្រសួង​ធម្មការ និងសាសនាទេ ដែល​កាលពីប្រមាណ៣ខែ​មុន ខាង​ក្រសួង​បាន​មក​ប្រជុំជា​មួយចៅអធិការ ប្រុងដោះ​ដូរដី​ឈាប​នដ្ឋាន​ទៅមុខវត្តបាក់​ខែង ដោយប្រាប់ថា មិន​អត់​ប្រយោជន៍​នោះទេ ។ ចំណែក​ព្រះតេជ​គុណ​ទិន សារ៉ុម ចៅអធិការវត្តខ្ទរមានថេរ​ដី​កាឱ្យ​ដឹង​ថា រឿងនេះព្រះអង្គគ្មានសិទិ្ធលក់ ឬដោះដូរដីវត្ត​ឡើយ តែខាងក្រសួងធម្មការ និងសាសនា​បាន​មក​ជួបប្រជុំចំនួន​៣ទៅ​៤ដងដើម្បីសុំដូរដី ។

ព្រះតេជគុណប៊ុន ខេន ព្រះចៅអធិការ​វត្ត​បាក់​​ខែង​បានមានថេរដីកាឱ្យ​ដឹងតាម​ទូរស័ព្ទថា ព្រះអង្គបានឃើញពីគម្រោងនៃការដោះដូរឈាបនដ្ឋាននេះ ដោយមាន​ប្លង់ឈាប​នដ្ឋានថ្មី​មួយ​ មាន​សួន​ច្បារមាន​តូបយាយជី និងមាន​សាលា​ឆាន់​ព្រមទាំង​មានការឯកភាពពីមន្រ្តីសង្ឃ តែ​មិនបាន​ឃើញ​ឯក​សារណាបង្ហាញ​ពីការ​ដោះ​ដូរ​ឈាប​នដ្ឋាន​​​​​​​​​​​​វត្ត​ខ្ទរនេះ​ឡើយ ។

លោកឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវ ឱ្យ​ដឹងថា ចំពោះការដោះដូរនេះ គឺខាង​ក្រសួង​ធម្មការ និងសាសនាមានបំណង​មែនរហូត​ដល់​ពេល​នេះ អាជ្ញាធរខណ្ឌ​ពុំទាន់បាន​ឃើញឯក​សារ​ពីការដោះដូរនេះមកដល់ខណ្ឌឡើយ ។ លោក​អភិបាលបាននិយាយ​ទៀតថា ជំហរ​របស់​អាជ្ញា​ធរ​​ទប់​ស្តាត់​ដាច់​ខាតរាល់ការលក់ដូរដីវត្តនេះ​​ព្រោះ​​​ជា​អំពើបាបធំណាស់ ។ គួរនាំគ្នាជួយ​ថែ​រក្សា​ដើម្បី​ទុក​ធ្វើជាសាលារៀន មន្ទីរពេទ្យ​ជា​ដើម ទើប​​​​សុច​រិត​​ជាង​ ។ ទោះបីជា​យ៉ាងណា​កោះ​សន្តិភាព ពុំទទួលការ​បំភ្លឺណាមួយ​ពីក្រសួង​ធម្មការ និងសាសនានៅ​ឡើយ​ទេ ដែល​យើ​សង្ស័យ​​ថា ប្រហែល​​​ជា​​មាន​ក្រុម​ហ៊ុន​​ណា​មួយ​​​​​​​រត់​ការ​ឆ្លើយ​​ដាក់​​​មក​លើ​ក្រសួង​​​​ហើយ​​មើល​ទៅ ៕