រាជធានីភ្នំពេញ ៖ ពលករ-ពលការិនីចំនួន១៩នាក់ ដែលចង់ទៅធ្វើការនៅប្រទេសកូរ៉េ និងបានចំណាយប្រាក់ឱ្យមេខ្យល់ក្នុងម្នាក់ៗចាប់ពីជាង១ពាន់ដុល្លារ រហូតដល់៣ពាន់ដុល្លារ ក្រោយមកស្រាប់តែមានការជ្រួលច្របល់កើតឡើង ដោយសារតែដល់ពេលត្រូវណាត់គ្នាឡើងយន្តហោះចេញដំណើរទៅប្រទេសកូរ៉េ បែរជាគ្មានយន្តហោះជិះ ។ ចំណែកឯមេខ្យល់ធំបានគេចខ្លួនបាត់ស្រមោលទៀត នៅសល់តែបក្សពួក៤នាក់ប៉ុណ្ណោះ ពួកគេក៏បានប្តឹងសមត្ថកិច្ចប៉ូលិសខណ្ឌពោធិ៍សែនជ័យ និងប៉ូលិសប៉ុស្តិ៍សង្កាត់កាកាបឱ្យឃាត់ខ្លួនដើម្បីសួរនាំ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី៣ សីហា នៅក្នុងផ្ទះល្វែងបុរីអាកាសចរណ៍ មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ពលករ-ពលការិនីទាំងនោះបានឱ្យដឹងថា មេខ្យល់ដែលបោកពួកគេថា នាំទៅធ្វើការនៅប្រទេសកូរ៉េនោះ មេខ្លោងធំមិនត្រូវបានស្គាល់ឈ្មោះទេ ស្គាល់តែបក្សពួកប៉ុណ្ណោះ គឺ១-ឈ្មោះ ឡុក ស៊ីដូ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកលក់ដូរនៅផ្សារជម្ពូវ័ន មានទីលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះ គុជ សុផា ភេទស្រី អាយុប្រមាណ៣៥ឆ្នាំ ជាកម្មករ ៣-ឈ្មោះ ពុត សុផល ភេទស្រី អាយុ២៦ឆ្នាំ ជាកម្មករ និង៤-ឈ្មោះ ម៉េង សាវ៉ុន ភេទប្រុស អាយុ២៨ឆ្នាំ ជាកម្មករ ពួកគេមានទីលំនៅក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្រុមពលករទាំងនោះ បានឱ្យដឹងទៀតថា កន្លងមកក្រុមមេខ្យល់ទាំង៤នាក់ខាងលើអះអាងថា ពួកគេមានក្រុមហ៊ុននាំពលករទៅធ្វើការនៅក្រៅប្រទេសត្រឹមត្រូវ និងបានបំផុសឱ្យពួកគេចុះឈ្មោះចូលធ្វើការដោយប្រាប់ថា បានប្រាក់ខែច្រើន តែអ្នកដែលចង់ទៅធ្វើការនៅប្រទេសកូរ៉េនោះត្រូវគោរពលក្ខខណ្ឌរបស់ក្រុមហ៊ុនដោយត្រូវបង់ប្រាក់ថ្លៃសេវាផ្សេងៗទៅឱ្យក្រុមហ៊ុន ។ ពេលនោះ ដោយសារចង់បានការងារធ្វើ បានប្រាក់ខែច្រើននោះ ពួកគេបានស្ទុះស្ទារកប្រាក់បង់ឱ្យក្រុមហ៊ុនដែលអ្នកខ្លះអស់ចំនួនជាង១ពាន់ដុល្លារ ឬ២ពាន់ដុល្លារ និងខ្លះទៀតអស់ដល់ទៅ៣ពាន់ដុល្លារឯណោះ ។ ពលករខាងលើបានបន្តថា ពួកគេមិនខ្លាច នឹងការចំណាយប្រាក់នោះទេ ព្រោះឮមេខ្យល់និយាយថា ទៅធ្វើការនៅប្រទេសកូរ៉េនោះបានប្រាក់ខែក្នុង១ខែចាប់ពីជាង១ពាន់ដុល្លារឡើងទៅ ហើយពេលនោះមានមេខ្យល់៤នាក់គឺឈ្មោះ ឡុក ស៊ីដូ ឈ្មោះ គុជ សុផា ឈ្មោះ ពុត សុផល និងឈ្មោះ ម៉េង សាវ៉ុន ជាអ្នកដើរប្រមូលប្រាក់ពីពួកគេយកទៅឱ្យមេខ្យល់ធំម្នាក់ទៀត ។
ពួកគេនិយាយថា មិនបានគិតដល់ថាត្រូវចាញ់បោកក្រុមមេខ្យល់នោះឡើយ ព្រោះកន្លងមកមេខ្យល់ឈ្មោះ ឡុក ស៊ីដូ នោះធ្លាប់នាំពលករចេញទៅប្រទេសកូរ៉េបានជោគជ័យម្តងរួចមកហើយ ទើបពេលនេះពួកគេមិនមានការព្រួយបារម្ភអ្វីទាំងអស់ ។ ពួកគេម្នាក់ៗមានចិត្តត្រេកអរខ្លាំងណាស់ ព្រោះនឹកថាបានសម្រេចដូចបំណង ។ មិនតែប៉ុណ្ណោះម្នាក់ៗបានលាក្រុមគ្រួសារទាំងអាឡោះអាល័យទៀតផង ព្រោះទៅធ្វើការនៅស្រុកគេមិនដឹងថាពេលណាបានវិលត្រឡប់មកស្រុកវិញឡើយ ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺក្រោយពេលយួរវ៉ាលីសទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពួកគេបានចាំជិះយន្តហោះយ៉ាងអន្ទះសាបំផុត ព្រោះរហូតដល់យប់ទៅហើយមិនទាន់បានចេញដំណើរទៀត ស្រាប់តែមេខ្យល់ធំបានគេចខ្លួនទៅបាត់ស្រមោលចោលពួកគេ ទើបដឹងថាចាញ់បោកមេខ្យល់ក៏ប្តឹងប៉ូលិសឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនបក្សពួក៤នាក់ ដែលបម្រុងគេចខ្លួនដែរនោះ ទៅសាកសួរ ។
មន្ត្រីប៉ូលិសនិយាយថា ពេលនេះក្រុមមេខ្យល់នោះកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងតាមច្បាប់ ។ ឯក្រុមពលករទាំងអស់សំណូមពរសុំឱ្យសមត្ថកិច្ចជួយដោះស្រាយ ដោយសុំឱ្យមេខ្យល់ទាំង៤នាក់នោះ ចេញសងប្រាក់ដែលប្រមូលពីពួកគេនោះមកវិញ។ ចំណែកជនជាប់ចោទបានយល់ព្រមសងប្រាក់វិញដោយនិយាយថា ពេលនេះសងពាក់កណ្តាល ហើយរយៈពេល១អាទិត្យក្រោយនឹងសងពាក់កណ្តាលទៀត ។
ក្រុមអ្នកវិភាគនិយាយថា គួរកុំជឿមេខ្យល់ មេបោកឱ្យសោះ ព្រោះកាលណាបានដោះលែងប្រាកដជាដាក់មេប្រូចបាត់មិនខាន ។ បើទារប្រាក់វិញ គួរទារឱ្យបានគ្រប់ បើពុំដូច្នេះទេប្រាកដជាដូចស្រាយកន្លុះក្របីលែងឱ្យរត់មិនខានឡើយ ៕


ចែករំលែកព័តមាននេះ