ខេត្តបាត់ដំបង ៖ ខ្មាន់កាំភ្លើងមួយក្រុមដែលគេមិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានសាក្សី និយាយថា ជិះរថយន្តស៊េរីទំនើបៗចំនួន២គ្រឿង ប្រដេញគ្នាទៅឈប់លើផ្លូវជាយក្រុងមួយកន្លែង ស្ថិតក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង កាលពីវេលាម៉ោង១០យប់ថ្ងៃទី៤ សីហា ដោយពួកគេបានប្រើប្រាស់អាវុធវែងខ្លីបាញ់គំរាមគ្នា ដែលគេសង្ស័យថា ក្នុងជម្លោះអ្វីមួយ។ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ហ៊ានធ្វើការសន្និដ្ឋានបែបណានៅឡើយទេ ក្នុងករណីនេះ។
ប្រភពពីសមត្ថកិច្ចថា ក្រុមប្រដាប់អាវុធជិះរថយន្ត១គ្រឿង និងម៉ូតូ២គ្រឿង។ តែប្រជាពលរដ្ឋនៅក្បែរនោះអះអាងថា ខ្មាន់កាំភ្លើងជិះរថយន្តស៊េរីទំនើប២គ្រឿងគ្មានម៉ូតូទេ។ សាក្សីនិយាយថា ដំបូងគេឃើញរថយន្ត១គ្រឿងបើកចេញពីផ្លូវរង្វង់មូលនាងគង្ហីងបត់ទៅទិសខាងជើង ហើយបានឈប់នៅកន្លែងស្ងាត់ចន្លោះពីផ្ទះអ្នកភូមិប្រហែល២០០ម៉ែត្រ ភ្លាមនោះក៏មានរថយន្តមួយគ្រឿងបើកតាមពីក្រោយទៅហួសបន្តិច ក៏បត់ទៅវិញ ដោយឈប់បើកភ្លើងរថយន្តបាញ់ដាក់គ្នា។ប្រភពដដែលបន្តថា គ្រានោះគេឮសំលេងប្រកែកគ្នាមួយប្រាវ ក៏ស្រាប់តែឮសំលេងបាញ់កាំភ្លើងតែម្ដង។ សាក្សីដដែលថា ពួកគេបានផ្អាកការបាញ់ ពេលមានរថយន្តដឹកទំនិញមួយគ្រឿងបើកឆ្លងកាត់ទីនោះទៅជើង។ លុះរថយន្តនោះបើកទៅផុតបន្តិច ស្រាប់តែឮស្នូរផ្ទុះកាំភ្លើងមួយប្រាវទៀតប្រហែលពី៣ទៅ៤គ្រាប់ និងមានការប្រកែកគ្នាទៀត រួចក៏នាំគ្នាឡើងរថយន្តជិះត្រឡប់ក្រោយវិញអស់ទៅ តែប្រហែល១០នាទីក្រោយទើបឃើញកម្លាំងសមត្ថកិច្ចចុះទៅដល់ព្រោងព្រាត។សាក្សីបញ្ជាក់ដែរថា គេមិនដឹងថា ក្រុមប្រដាប់អាវុធមានបក្សពួកប៉ុន្មាននាក់ទេ ហើយតាមស្ដាប់ស្នូរផ្ទុះកាំភ្លើង គឺពួកគេអាចប្រើប្រាស់អាវុធចំនួន២ដើមបាញ់គំរាមគ្នា។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ