ខេត្តឧត្តរមានជ័យ ៖ សពប្រជាពលរដ្ឋខ្មែរ ១-ឈ្មោះសុខ វិត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិជប់គគី ឃុំគោកមន ស្រុកបន្ទាយអំពិល និង២-ឈ្មោះនាត ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិជ្រឹង ឃុំកូនគ្រៀល ក្រុងសំរោង ដែលត្រូវទាហានសៀមបាញ់ បណ្តាលឱ្យស្លាប់ ខណៈនាំគ្នាទៅកាប់ឈើគ្រញូងនៅចំណុចក្នុងភូមិនួនថន ឃុំគោកតាឃាន ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣ សីហា ២០១២ កន្លងទៅ ត្រូវអាជ្ញាធរថៃបញ្ជូនសពមកកម្ពុជាវិញហើយកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៤ សីហា នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ។
មន្ត្រីទំនាក់ទំនងមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ បានឱ្យកោះសន្តិភាពដឹងថា មានប្រជាពលរដ្ឋចំនួន១ក្រុមបាននាំគ្នាឡើងលើភ្នំដងរែក ក្នុងគោលបំណងទៅកាប់ឈើគ្រញូងដែលស្ថិតនៅចំណុចខាងលើក៏ត្រូវក្រុមទាហានសៀមបាញ់សម្លាប់ចំនួន២នាក់ និងបានរត់រួចមកដល់លំនៅឋានវិញមួយចំនួន ។ បន្ទាប់មកត្រូវបានក្រុមគ្រួសារសពមកឱ្យក្រុមការងារទំនាក់ទំនងមាត់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃជួយអន្តរាគមន៍ទៅ អាជ្ញាធរថៃបញ្ជូនសពប្រជាពលរដ្ឋខ្មែរចំនួន២នាក់មកឱ្យកម្ពុជាវិញ ដើម្បីប្រគល់ទៅឱ្យក្រុមគ្រួសារ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ