រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ចំណុះជើងវត្តពោធិ៍ព្រឹក្សហៅវត្តខ្ទរ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែង កាលពីព្រឹកថ្ងៃទី៤ សីហា បានលើកគ្នាមកកាន់ទីវត្តដោយចោទប្រកាន់ទៅលើគណៈកម្មការអាចារ្យ និងចៅអធិការវត្តខ្ទរដែលបានរួមគ្នាជាមួយក្រសួងធម្មការ និងសាសនាលក់ដីឈាបនដ្ឋានមុខវត្តចំនួនជាង៤ហិកតា ព្រមទាំងនាំគ្នាប្រឆាំងដាច់ខាតលើចេតនាណាមួយចង់បានដីរួមនោះដោយប្រើរូបភាពដោះដូរ ។
ការផ្ទុះចេញនូវការបះបោរនេះបន្ទាប់ពីបែកធ្លាយពីគម្រោងក្រសួងធម្មការ និងសាសនាសហការជាមួយក្រុមហ៊ុនមួយដែលប្រជាពលរដ្ឋអះអាងថា ក្រុមហ៊ុនអេង កាំង បានរៀបចំលក់ដីឈាបនដ្ឋានដោយប្រើរូបភាពដោះដូរដីមួយកន្លែងនៅមុខវត្តបាក់ខែង ។ តាមស្ត្រីឈ្មោះតេង ផល្លី អាយុ៥៧ឆ្នាំ ជាតំណាងប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីថ្ងៃទី៣ សីហា ប្រជាពលរដ្ឋនៅក្នុងភូមិបានឮដំណឹងថា ដីឈាបនដ្ឋានវត្តពោធិព្រឹក្ស ហៅវត្តខ្ទរ ត្រូវបានគេដោះដូរដីមួយកន្លែងនៅមុខវត្តបាក់ខែង ដោយសារតែចៅអធិការវត្តបាក់ខែងបានសួរនាំពុទ្ធបរិស័ទ ។ បន្ទាប់ពីបានទទួលដំណឹងប្រជាពលរដ្ឋចំណុះជើងវត្តខ្ទរទាំងអស់បាននាំគ្នាជ្រួលច្របល់ហើយលើកគ្នាទៅកាន់វត្ត ដើម្បីសួរនាំព្រមទាំងប្រឆាំងដាច់ខាតមិនឱ្យដូរនេះទេ ។ ការលើកគ្នាមកនេះតាំងពីវេលាម៉ោង៧ព្រឹកថ្ងៃទី៤ សីហា រហូតដល់ម៉ោង១រសៀល ទើបបំបែកគ្នាដោយប្រជាពលរដ្ឋបានធ្វើការចោទប្រកាន់ថា ចៅអធិការវត្តរួមទាំងគណៈកម្មការ អាចារ្យបានឃុបឃិតគ្នាដោះដូរដីរួមដើម្បីផលប្រយោជន៍ ។
ស្ត្រីរូបនេះបន្តទៀតថា ដីវត្តជាដីរួមមិនមាននរណាម្នាក់មានសិទ្ធិលក់ ឬដោះដូរឡើយ ហើយប្រជាពលរដ្ឋប្រឆាំងដាច់ខាតចំពោះការលក់ដោយប្រើរូបភាពដោះដូរនេះ ។ បើសិនជារដ្ឋ ឬក្រសួងយកដីនេះធ្វើជាមន្ទីរពេទ្យ សាលារៀន ប្រជាពលរដ្ឋមិនជំទាស់នោះទេ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ