ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពល​រដ្ឋ​​ប្រមាណ​ជាង​១០០​នាក់​ លើក​គ្នា​មកតវ៉ា បន្ទាប់​​ពី​បែក​ធ្លាយ​​គម្រោង​លក់​ដី​ឈាបន​ដ្ឋាន​វត្ត​ខ្ទរ​ជាង​៤​ហិកតា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រជា​ពល​រដ្ឋ​​ប្រមាណ​ជាង​១០០​នាក់ ​ចំណុះ​ជើង​វត្ត​ពោធិ៍​ព្រឹក្ស​ហៅ​វត្ត​ខ្ទរ ក្នុង​ភូមិ​ខ្ទរ ​សង្កាត់​ព្រែក​លៀប ​ខណ្ឌ​​ឫស្សី​កែង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ សីហា បាន​លើក​គ្នា​មក​កាន់​ទី​វត្ត​ដោយ​ចោទ​ប្រកាន់​ទៅ​​លើ​គណៈ​កម្ម​ការ​អាចារ្យ និង​ចៅ​អធិ​ការ​​វត្ត​ខ្ទរ​ដែល​បាន​រួម​​គ្នា​ជា​មួយ​ក្រសួង​ធម្ម​ការ និង​សាសនា​លក់​ដី​​ឈាបន​ដ្ឋាន​មុខ​វត្ត​ចំនួន​ជាង​៤​ហិកតា  ព្រម​ទាំង​​នាំ​គ្នា​ប្រឆាំង​​ដាច់​ខាត​លើ​​ចេតនា​​ណា​មួយ​ចង់​បាន​ដី​រួម​នោះ​​ដោយ​ប្រើ​រូប​ភាព​ដោះ​ដូរ ។

ការ​ផ្ទុះ​ចេញ​នូវ​ការ​បះ​បោរ​នេះ​បន្ទាប់​ពី​​បែក​ធ្លាយ​​ពី​គម្រោង​ក្រសួង​ធម្ម​ការ និង​សាសនា​​សហ​ការ​ជា​មួយ​​ក្រុម​ហ៊ុន​​មួយ​ដែល​​ប្រជា​ពល​រដ្ឋ​អះ​អាង​ថា ក្រុម​ហ៊ុន​​អេង ​កាំង​ បាន​រៀប​ចំ​លក់​ដី​ឈាបន​ដ្ឋាន​​ដោយ​ប្រើ​រូប​ភាព​ដោះ​ដូរ​ដី​មួយ​កន្លែង​​នៅ​មុខ​វត្ត​បាក់​ខែង ។ ​តាម​ស្ត្រី​ឈ្មោះ​តេង ​ផល្លី អាយុ​៥៧ឆ្នាំ ​ជា​តំណាង​ប្រជា​ពល​រដ្ឋ​​បាន​ឱ្យ​​ដឹង​ថា កាល​ពី​ថ្ងៃ​ទី៣ សីហា ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​បាន​ឮ​ដំណឹង​ថា ដី​ឈាបន​ដ្ឋាន​វត្ត​ពោធិ​ព្រឹក្ស ​ហៅ​វត្ត​ខ្ទរ ​ត្រូវ​បាន​គេ​ដោះ​ដូរ​ដី​មួយ​កន្លែង​​នៅ​មុខ​វត្ត​បាក់​ខែង ដោយ​សារ​តែ​ចៅ​អធិ​ការ​វត្ត​បាក់​ខែ​ង​បាន​​សួរ​នាំ​​ពុទ្ធ​បរិ​​ស័ទ ។ បន្ទាប់​ពី​បាន​ទទួល​​ដំណឹង​ប្រជា​ពល​រដ្ឋ​ចំណុះ​ជើង​វត្ត​ខ្ទរ​ទាំង​អស់​បាន​នាំ​គ្នា​​ជ្រួល​ច្របល់​ហើយ​​​លើក​គ្នា​ទៅ​​កាន់​វត្ត​ ដើម្បី​​សួរ​នាំ​ព្រម​ទាំង​​ប្រឆាំង​ដាច់​​ខាត​មិន​ឱ្យ​ដូរ​នេះ​ទេ ។ ការលើក​​គ្នា​មក​នេះ​តាំង​ពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៤ សីហា រហូត​ដល់​ម៉ោង​​១​​រសៀល​ ទើប​បំបែក​​គ្នា​ដោយ​​ប្រជា​ពល​រដ្ឋ​បាន​ធ្វើ​​ការ​ចោទ​ប្រកាន់​​​ថា ​ចៅ​អធិ​ការ​វត្ត​រួម​ទាំង​គណៈ​​កម្មការ​ អាចារ្យ​​​បាន​ឃុប​ឃិតគ្នា​ដោះ​​ដូរ​ដី​រួម​ដើម្បី​​ផល​ប្រយោជន៍ ។

ស្ត្រី​រូប​នេះ​បន្ត​ទៀត​ថា ដី​វត្ត​ជា​ដី​រួម​មិន​មាន​​នរណា​ម្នាក់​មាន​សិទ្ធិ​​លក់​ ឬ​ដោះ​ដូរ​ឡើយ ហើយ​ប្រជា​ពល​រដ្ឋ​​ប្រឆាំង​​ដាច់​ខាត​ចំពោះ​​ការ​លក់​​ដោយ​ប្រើ​រូប​ភាព​ដោះ​ដូរ​នេះ ។ ​បើ​សិន​ជា​រដ្ឋ​ ឬ​​ក្រសួង​យក​ដី​នេះ​ធ្វើជា​មន្ទីរ​ពេទ្យ​ សាលា​រៀន ប្រជា​ពល​រដ្ឋ​មិន​ជំទាស់​នោះ​ទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕