ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូដង់​​ទាំង​២​​រក​ឃើញ​​​កិច្ច​ព្រមព្រៀង​​មួយ​លើ​​ប្រេងកាត​

13 ឆ្នាំ មុន

ប៉ុន្មាន​​ម៉ោង​ក្រោយ​ទស្សនកិច្ច​របស់​​រដ្ឋមន្ត្រី​ការ​​​​បរទេស​​អាមេរិក​​លោកស្រី​ហ៊ីលឡារីគ្លីនតុន​​ ​នៅ​​​ស៊ូដង់​​​ខាង​ត្បូង ប្រទេស​​​ស៊ូដង់​ និង​ស៊ូដង់​​​ខាង​ត្បូង​​​​​បាន​រកឃើញ​​​​ដំណោះ​ស្រាយ​មួយ​នៃ​ជម្លោះ​​​​​​លើ​ប្រេង​​កាត​ដែល​បំពុល​​​ជានិច្ច​​ដល់​​​ទំនាក់​ទំនង​​​​រវាង​​ស៊ូដង់​​ទាំង២​មួយ​​​ឆ្នាំ​ក្រោយពី​​ស៊ូដង់​​ខាង​ត្បូង​​​ប្រកាស​​​ឯករាជ្យ​​ដាច់​​​​​ចេញ​​​ពី​ស៊ូដង់ ។​

ប្រធានាធិបតី​​អាមេរិក​​​លោក​​​បារ៉ាក់​​​អូបាម៉ា​  ​កាលពី​​​ថ្ងៃទី​៤សីហា​​ បាន​សំដែង​​ការអប​អរ​សាទរ​​​ចំពោះ​​កិច្ច​ព្រម​ព្រៀង​​នោះ​ដែល​​​​បើក​ទ្វារ​ទៅ​រក​​ភាព​រុង​​រឿងមួយ​សម្រាប់​​ប្រជាជន​ប្រទេស​​ទាំង​២ ។ ​ចំណែក​​​នៅទីក្រុង​​ឡុង​ដ៍​​រដ្ឋមន្ត្រី​ការ​បរទេស​​អង់​គ្លេស​លោក​​វីលៀម​​ហាក ​ចាត់ទុក​កិច្ច​ព្រមព្រៀង​នេះ​ថានឹង​​ជួយ​​ជំរុញ​​សេដ្ឋកិច្ច​​របស់​​​ប្រទេស​ទាំង២​ដោយ​​​​លោក​សរសើរ​ចំពោះ​​​ស្មារតី​​​​សម្រប​សម្រួល​​គ្នា​​របស់​​ភាគី​​​ទាំង២​ ។ ​​

ក្នុង​សេចក្តី​​​​​​ប្រកាស​​មួយ​​​​លោក​អូបាម៉ា ​បន្ត​ថា​ ​លោក​​​សូម​សំដែង​​ការ​ដឹងគុណ​​ចំពោះ​​​ការ​ខិតខំ​​​ប្រឹង​​​ប្រែង​​របស់​សហភាព​​អាហ្វ្រិក​​​​​ដឹកនាំ​​​​ដោយ​អតីត​ប្រមុខ​រដ្ឋ​​​អាហ្វ្រិក​ខាង​ត្បូង​​​លោក​​​ថា​បូអឹម​បេគី​​ ដែលធ្វើ​ជា​អាជ្ញាកណ្តាល​​រវាង​ស៊ូដង់​​ទាំង២ ។​​ប៉ុន្មាន​​ម៉ោង​ក្រោយ​​ទស្សនកិច្ច​​របស់​លោក​​​​ស្រី​គ្លីនតុន​នៅ​ក្រុង​​ជូបា រដ្ឋ​ធានី​ស៊ូដង់​​ខាង​ត្បូង លោកអឹម​បេគី  ប្រកាស​កាលពី​យប់​ថ្ងៃទី​​៣​មក​ទី៤សីហា​ ថា​​ស៊ូដង់​​​និងស៊ូដង់​ខាង​​​ត្បូង​ បាន​​រក​​​ឃើញ​ដំណោះ​ស្រាយ​​​​នៃទំនាស់​​​​​ប្រេង​​​កាត​រវាង​​ប្រទេស​​​ទាំង​២​ដែល​​​ទំនាស់​នោះ​​​​​ស្ទើរតែ​​​​នាំឱ្យ​មាន​​សង្គ្រាម​មួយ​ទៅ​ហើយ​​កាលពី​រដូវ​​​ផ្ការីក​​​​កន្លងមក​នេះ ​។​

យោងតាម​​​​​ស៊ូដង់​​​ខាងត្បូង​​​ថា កិច្ចព្រម​ព្រៀង​​​​ដែល​ចុះ​ហត្ថ​លេខា​​​​នៅទីក្រុង​អាឌីស​អាបេបា​​ រដ្ឋធានី​​អេត្យូពី​គ្រោង​​​​ថា​​ស៊ូដង់​​ខាងត្បូង​​ត្រូវបង់​​ប្រាក់​ឱ្យ​​​​​ស៊ូដង់​៩,៤៨ដុល្លារ​ ក្នុង​​ប្រេង​​​​កាតមួយ​​ធុង​ ដែល​​​ដឹក​ឆ្លង​​​កាត់​​ស៊ូដង់​​រយៈពេល​​​​​​៣ឆ្នាំ​​កន្លះ​​ខាង​មុខនេះ ។ ម្យ៉ាង​​​​ទៀត​ស៊ូដង់​​ខាង​ត្បូង​​​​​យល់​ព្រម​​​បង់​ប្រាក់​​​ប្រមាណ​​​៣ពាន់​​​​លាន​​ដុល្លារ​​ឱ្យស៊ូដង់​​​​ជាការ​​ជួយ​​​សង​ការ​ខូចខាត​​ប្រាក់​​ចំណូល​​​ចាប់តាំងពី​ការ​បំបែក​​​​ចេញពីគ្នា​មក ៕