រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកជាតិប្រចាំឆ្នាំ២០១២បានបញ្ចប់ហើយនៅព្រឹកថ្ងៃទី៤ សីហា បន្ទាប់ពីចាប់ផ្តើមការប្រកួតតាំងពីថ្ងៃទី៣០ ខែកក្កដា នៅសាលពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមប្រគល់ពានរង្វាន់ពីសំណាក់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកឧកញ៉ារ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ និងមន្ត្រីផ្នែកកីឡាជាច្រើនរូបទៀត ។
ចំពោះវិញ្ញាសាឯកត្តជនផ្នែកនារី ចំណាត់ថ្នាក់លេខ១ កីឡាការិនី ឡុងឌី អាន់ណា លេខ២កីឡាការិនី ហ៊ឹម សុភ័ណ្ឌ ដែលមកពីក្រុមហ៊ុនរ័ត្នសុខន ខបភើរេសិនស៊ីអូអិលធីឌី ជាមួយគ្នា និងលេខ៣ កីឡាការិនី ចាន់ ណារី មកពីក្លិបស៊ីធីស្ព័ត ។ វិញ្ញាសាឯកត្តជនបុរស ក្របខណ្ឌក២ ចំណាត់ថ្នាក់លេខ១ កីឡាករ គឹម សុវណ្ណា ចំណាត់ថ្នាក់លេខ២ កីឡាករអ៊ឹង ស្រូយហួរ លេខ៣ កីឡាករសឺន តុលា ទាំង៣នាក់មកពីក្រុមហ៊ុនរ័ត្នសុខន ខបភើរេសិនស៊ីអូអិលធីឌីដូចគ្នា ។ វិញ្ញាសាឯកត្តជនបុរស ក្របខណ្ឌក១ ចំណាត់ថ្នាក់លេខ១ កីឡាករណៃ សារ៉ាវៃ លេខ២ កីឡាករ តាំង ហាវ និងលេខ៣ កីឡាករ សូ អៀមសុង ទាំង៣នាក់មកពីសមាគមចិននៅកម្ពុជាជាមួយគ្នា ។
វិញ្ញាសាប្រកួតជាគូបុរស ក្របខណ្ឌក២ ចំណាត់ថ្នាក់លេខ១ កីឡាករអ៊ឹង ស្រូយហួរ និងកីឡាករ គឹម សុវណ្ណា មកពីក្រុមហ៊ុនរ័ត្នសុខន ខបភើរេសិន ស៊ីអូអិលធីឌី ចំណាត់ថ្នាក់លេខ២ កីឡាករ សឺន តុលា និងកីឡាករ អ៊ុក ចាន់រតនា មកពីក្រុមហ៊ុនរ័ត្នសុខនខបភើរេសិនស៊ីអូអិលធីឌី និងលេខ៣ កីឡាករឈួ ឈីយី និងកីឡាករ អៀ យ៉េកឃាង មកពីក្លិបស៊ីធីស្ព័តទាំង២នាក់ ។ វិញ្ញាសាប្រកួតជាគូបុរស ក្របខណ្ឌក១ ចំណាត់ថ្នាក់លេខ១ កីឡាករស្រ៊ុន ឡូត និងកីឡាករ ជុំ សំអឿន មកពីក្លិបផាវ៉េសុខៈ លេខ២ កីឡាករ ចាន់ ពិសិដ្ឋ និងកីឡាករ ហួត សុវឌ្ឍនៈ មកពីក្លិបផាវ៉េសុខៈ និងលេខ៣ កីឡាករ សំ បូរិន្ទ និងសំ បូរ័ត្ន មកពីក្លិបខ្លាគី ។
វិញ្ញាសាប្រកួតជាក្រុមបុរស ក្របខណ្ឌក១ ចំណាត់ថ្នាក់លេខ១ បានទៅសមាគមចិននៅកម្ពុជា លេខ២ ក្លិបផាវ៉េសុខៈ និងលេខ៣ ក្លិបខ្លាគី ។ វិញ្ញាសាប្រកួតជាក្រុមបុរសក្របខណ្ឌក២ ចំណាត់ថ្នាក់លេខ១ ក្រុមហ៊ុនរ័ត្នសុខន ខបភើរេសិន ស៊ីអូអិលធីឌី លេខ២ សាលារៀនចិនទួនហ្វា ២អូឡាំពិក និងលេខ៣ សាលារៀនចិនទួនហ្វា១ផ្សារកណ្តាល ។ វិញ្ញាសា ប្រកួតជាក្រុមនារី ចំណាត់ថ្នាក់លេខ១ បានទៅក្រុមហ៊ុនរ័ត្នសុខន ខបភើរេសិន ស៊ីអូ អិលធីឌី លេខ២ ក្លិបស៊ីធីស្ព័ត និងលេខ៣ ក្លិបអង្គការមិត្តសម្លាញ់ ។
មានប្រសាសន៍ក្នុងពិធីបិទការប្រកួតនាព្រឹកនោះ លោកប៊ូ ជុំសេរី បានថ្លែងថា រយៈពេលប្រកួត៦ថ្ងៃនេះ គឺជាម៉ែត្រដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ទេពកោសល្យ ដែលកីឡាករ កីឡាការិនីម្នាក់ៗបានហ្វឹកហាត់ ហើយអ្នកដែលទទួលបានជ័យលាភីថ្ងៃនេះ សូមគោរពវិន័យឱ្យបានល្អ និងយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ណែនាំ ។ លោកក៏បានលើកទឹកចិត្តអ្នកដែលមិនបានទទួលជ័យលាភីនាពេលនេះ សូមកុំអស់សង្ឃឹម ត្រូវប្រែក្លាយភាពបរាជ័យ ដោយបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឈានទៅដណ្តើមជ័យលាភីនៅថ្ងៃខាងមុខ ។
សួមបញ្ជាក់ថា ក្លិបនិងសមាគមដែលចូលរួមប្រកួតមានចំនួន១៣ គឺសមាគមចិននៅកម្ពុជា ក្លិបវាយកូនឃ្លីលើតុអន្តរទ្វីបអាមេរិកាំង ក្លិបផាវ៉េសុខៈ អង្គការភាពញញឹមនៃកុមារ ក្លិបអនុវិទ្យាល័យទឹកល្អក់ ក្លិបអង្គការមិត្តសម្លាញ់ ក្លិបស៊ីធីស្ព័ត ក្រុមហ៊ុនរ័ត្នសុខន ខបភើរេសិន ស៊ីអូ អិលធីឌី មជ្ឈមណ្ឌលអប់រំកាយអាមេរិកាំង(AEC) ខេត្តព្រះសីហនុ សាលារៀនចិនទួនហ្វា១ផ្សារកណ្តាល សាលារៀនចិនទួនហ្វា២អូឡាពិក និងក្លិបប៉េងប៉ុងខ្លាគី ដោយមានកីឡាករកីឡាការិនីចូលរួមប្រកួតចំនួន៩៩នាក់ ក្នុងនោះកីឡាការិនី២២នាក់ ។ សម្រាប់ការប្រកួត គឺចែកជាក្របខណ្ឌក១ និងក្របខណ្ឌក២ ដោយមានវិញ្ញាសាឯកត្តជន វិញ្ញាសាវាយគូ និងវិញ្ញាសាប្រកួតជាក្រុម ៕
ចែករំលែកព័តមាននេះ