ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេន វណ្ណា ផ្តួល​​កន ចន្ថា ឱ្យ​សន្លប់​​នៅ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​5 ខណៈ​​ ខុន ចាន់​ថន ផ្តួល​​ ពុទ្ធ ឆាយរិទ្ធី ត្រឹម​ទឹក​ទី​3នៅ CTN

13 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ ៖​​ ​នេន​ វណ្ណា មក​​ពី​​ក្លិប​​​កង​​ពល​​ធំ​​អន្ត​រា​​គ​មន៍​​លេខ៣​ព្រះ​វិហារ ផ្តួល​កន ចន្ថា ​​មកពី​ក្លិប​​អាជ្ញា​ធរ​ជាតិ​អាវុធ​គីមី​​ ឱ្យ​សន្លប់​​នៅ​មុន​ស្នូរ​ជួង​​បញ្ចប់​ទឹក​ទី​៥ ចំណែក​​ខុន ចាន់​ថន មក​ពី​ក្លិប​​កង​ពល​ធំ​អន្ត​រាគមន៍​លេខ​៣ព្រះ​វិហារ​ផ្តួល​ពុទ្ធ ឆាយរិទ្ធី ​ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​៣ ក្នុង​​ព្រឹត្តិ​ការណ៍​​ប្រកួត​ប្រដាល់ក្បាច់​ខ្មែរ​បុរាណ​​ និង​សាកល​​ជា​លក្ខណៈ​​មិត្ត​ភាព​​នៅ​លើ​សង្វៀន​ស្ថានីយ​​ទូរ​ទស្សន៍​ CTN កាល​ពី​ថ្ងៃ​សៅរ៍​ទី៤ សីហា កន្ល​ង​មក ដោយ​​​ទទួល​​ការ​ឧបត្ថ​ម្ភ​​ពី​ក្រុម​ហ៊ុន​ K-cement ។

នេន វណ្ណា បើ​ទោះ​បី​ជា​គេ​មាន​ប្រៀប​ខាង​កម្ពស់​ជាង​កន ចន្ថា បន្តិច​​មែន ប៉ុន្តែ​នៅ​ត្រឹម​ទឹក​ទី​១ និង​ទី២ គេ​​មិ​ន​ហ៊ាន​​សម្រុក​​ចូល​ផ្តេស​ផ្តាស​ឡើយ ព្រោះ​​ចន្ថា មិន​មែន​ជា​សាច់​ជ្រូក​៣​ជាន់​ងាយ​ចិញ្ច្រាំ​​តាម​ចិត្ត​​ឡើយ កណ្តាប់​ដៃ​របស់​គេ​អាច​​វាយ​ចេញ​បាន​ត្រង់​ល្អ​ខ្លាំង​ណាស់ ជា​ពិសេស​រាល់​លើក​​ដែល​វណ្ណា​​ចូល​កៀក​​ម្តង​ៗ ត្រូវ​ចន្ថា​វាយ​ចូល​មុខ​ពេញ​ៗ​​តែ​ម្តង ។ នៅ​ទឹក​ទី​៣ និង​ទី​៤ ចន្ថា ព្យា​យាម​ទាត់​ជើង​ក្រោម​វណ្ណា​ជា​ញឹក​ញាប់​ក្នុង​បំណង​​រារាំង​ការ​ចូល​កៀក​​ដើម្បី​បញ្ចេញ​ផ្លែ​ជង្គង់​​របស់​ណ្ណា ។ ប៉ុន្តែ​ទោះ​ជា​យ៉ា​ង​ណា នេន វណ្ណា ​នៅ​តែ​អាច​រក្សា​គោល​ជំហរ​ក្នុង​ការ​វាយ​តប​ត​បាន​យ៉ាង​ល្អ​ដដែល មិន​តែ​ប៉ុណ្ណោះ​វណ្ណា មាន​ឱ​កាស​ចូល​កៀក​​វាយ​កែង និង​​បុក​ជង្គង់​​ចូល​ពោះ​ទឹក​ចន្ថា​​ពេញ​ទំហឹង​​​​ទៀត​ផង​ ។ ​នៅ​​​ទឹក​ទី​៤ ចន្ថា  ត្រូវ​​វណ្ណា​​ វាយ​ឱ្យ​រាប់​៨​រហូត​ដល់​ទៅ​២​លើក​ឯណោះ លុះ​ចូល​ដល់​ទឹក​ទី​៥ មិន​ទាន់​បាន​​ពាក់​កណ្តាល​​ទឹក​ស្រួល​បួល​ផង​ វណ្ណា បាន​សម្រុក​ចូល​កៀក​​​វាយ​ចន្ថា​​​ផ្ទប់​​នឹង​ខ្សែ​រេញ​រហូត​ដល់​ថ្នាក់​តដៃ​លែង​កើត ទើប​អាជ្ញា​កណ្តាល​​បញ្ឈប់​​ការ​ប្រកួត​តែ​ម្តង​ ។

តក់ សោភ័ណ្ឌ មក​ពី​ក្លិប​អេភូថងកីឡា បាន​យក​ឈ្នះ​ពិន្ទុ​ ទី ​ពន្លែត​ មក​ពី​ក្លិបសឹក​រង​ខេត្ត​សៀម​រាប ​ទាំង​លំ​បាក ។ ទឹក​ទី​១ និង​ទី២ សោភ័ណ្ឌ មើល​ទៅ​ដូច​ជា​ចាញ់​ប្រៀប​​ពន្លែត ដាច់​តែ​ម្តង ព្រោះ​គេ​ឃើញ​​ពន្លែត សម្រុក​ចូល​កៀក​បញ្ជូន​​ស្នៀត​កណ្តាប់​ដៃ​វាយ​​ចូល​ផ្ទៃ​មុខ​​​ពេញ​ៗ​​ ប៉ុន្តែ​​ចិត្ត​របស់​​សោភ័ណ្ឌ​​សឿង​គ្រាន់​បើ ទោះ​បី​ជា​រង​ការ​វាយ​​ប្រហារ​មិន​ដក​ដៃ​ពី​​ពន្លែត ក្នុង​ទឹក​ទី​២​យ៉ាង​ក៏​ដោយ ។ សោភ័ណ្ឌ បាន​វាយ​បក​សង​វិញ​នៅ​ទឹក​ទី​៣ និង​ទី​៤ ធ្វើ​ឱ្យ​ពន្លែត​​បាត់​បង់​ឱ​កាស​វាយ​តបត​​ម្តង​ៗ​​ដែរ ប៉ុន្តែ​​ការ​វាយ​សម្រុក​​របស់​សោភ័ណ្ឌ​ ក៏​គេ​មិន​ភ្លេច​​ការ​​ពារ​ដែរ ព្រោះ​ថា​ពន្លែត ក៏​មាន​ឱ​កាស​វាយ​បក​សង​វិញ​​ម្តងៗ​ដែរ ធ្វើ​ឱ្យ​សោភ័ណ្ឌ​​គេច​ចេញ​​ស្ទើរ​មិន​ទាន់​ ។ ​ទោះ​ជា​យ៉ាង​ណា​ សោភ័ណ្ឌ​ ឈ្នះ​ពន្លែត លើក​នេះ​ក៏​មិន​សូវ​ស្រួល​ខ្លួន​ប៉ុន្មាន​ឡើយ ។

ខុន ចាន់​ថន មក​ពី​ក្លិប​​កង​ពល​ធំ​អន្ត​រា​គមន៍​​លេខ​៣​ព្រះ​វិហារ​​ ផ្តួល ពុទ្ធ ឆាយរិទ្ធី មក​ពី​ក្លិប​​ពុទ្ធ​សេរី​វង្ស​កីឡា ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​៣ ។ ណៃ ណន មក​ពី​ក្លិប​ខេមរៈ​ខ្លា​ហោះ ប្រកួត​ឈ្នះ​ពិន្ទុ សុខ ចំរនើស្រ៊ុន មក​ពី​ក្លិប​​មជ្ឈ​មណ្ឌល​កម្ចាត់​មីន​កម្ពុជា ។ ឡៅ ចន្ទ្រា មក​ពី​ក្លិប​កង​ពល​តូច​ឆត្រ​យោង​៩១១​ បាន​ផ្តួល​​ឌួង ស៊ីដេត មក​ពី​ក្លិប​​ពន្លឺ​វិបុល ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​២ និង​ឈូក ចាន់​សុភ័ក្រ មក​ពី​សមា​គម​​កីឡា​ប្រដាល់​​ក្រសួង​​​មហា​ផ្ទៃ​ ប្រកួត​ជា​លក្ខណៈ​សាកល​ឈ្នះ​ពិន្ទុ ​ខន វិចិត្រ មក​ពី​ក្លិប​​តាឡី​ដំរី​មាន​ឫទ្ធិ ៕