ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកួត​​បាល់​ទះ​​ពាន​រង្វាន់​​ Leo-Cup ឆ្នាំ​2012​ ក្រុម​ក្រសួង​មហា​ផ្ទៃ​លេខ​1

13 ឆ្នាំ មុន

រាជធានី​​ភ្នំពេញ ៖​​ ​បន្ទាប់​​ពី​​​ចាប់​ផ្តើម​​​កាល​​ពី​​ថ្ងៃ​​ទី​​២៨ កក្កដា ការ​​ប្រកួត​​​កីឡា​​បាល់​ទះ​​ពាន​រង្វាន់​​ Leo-Cup National Volleyball សម្រាប់​ឆ្នាំ​២០១២ បាន​បញ្ចប់​ហើយ​នៅល្ងាច​​ថ្ងៃទី​៤ សីហា នៅ​ទី​លាន​​បុរីសុភមង្គល​​ Beeline Arena ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សី​កែវ ដោយ​មាន​ការ​ចូល​រួម​​ប្រគល់​ពាន​រង្វាន់​​ពី​សំណាក់​លោក​ឡាក់ សំអាត អគ្គ​នាយក​នៃ​អគ្គ​
នាយក​ដ្ឋាន​​​កីឡា​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា និង​ជា​អនុ​ប្រធាន​សហ​ព័ន្ធ​កីឡា​​បាល់​ទះ​កម្ពុជា តំណាង​ក្រុម​ហ៊ុន​ស្រា​បៀរ​​លី​អូ ព្រមទាំង​មន្ត្រី​ផ្នែក​កីឡា​​ជា​ច្រើន​រូប​ទៀត ។

នៅ​ក្នុង​ការ​ប្រកួត​​អស់​រយៈ​ពេល​៨​ថ្ងៃ​កន្លង​ទៅ​នេះ ជ័យ​ជម្នះ​​​ចំណាត់​ថ្នាក់​លេខ​១ គឺ​បាន​ទៅ​លើ​ក្រុម​កីឡា​ក្រសួង​មហា​ផ្ទៃ​ ដោយ​យក​​ឈ្នះ​ក្រុុមកីឡា​​បញ្ជា​ការ​ដ្ឋាន​​អង្គរក្ស​ក្នុង​លទ្ធ​ផល​៣​សិត​ទល់​នឹង​០​​ ។ ចំណាត់​ថ្នាក់​លេខ​២ បាន​ទៅ​ក្រុម​កីឡា​​បញ្ជា​ការ​ដ្ឋាន​កង​អង្គ​រក្ស​ និង​ចំណាត់​ថ្នាក់​លេខ​៣ បាន​ទៅ​ក្រុម​​កីឡា​កង​ពល​ធំ​អន្ត​រា​​គមន៍​​លេខ​​៣​ដែល​ប្រកួត​ចុង​ក្រោយ​ឈ្នះ​ក្រុម​សាលា​ខេត្ត​កំពង់​ចាម​ ។ សម្រាប់​ក្រុម​ក្រសួង​មហា​ផ្ទៃ​ដែល​ដណ្តើម​​បាន​ជើង​ឯក​​បាន​ទទួល​​​រង្វាន់​១០.០០០​ដុល្លារ (៤០​លាន​រៀល) ។

មាន​ប្រសាសន៍​ក្នុង​ពិធី​បិទការ​ប្រកួត​បាល់​ទះ​នេះ លោក​ឡាក់ សំអាត បាន​កោត​សរ​សើរ​ក្រុម​កីឡា​​ករ​ទាំង​អស់ដែល​បាន​ចំណាយ​​អស់​កម្លាំង​កាយ​ចិត្ត​​នៅ​ក្នុង​ការ​ប្រកួតហើយ​​​ចំពោះ​​ក្រុម​ដែល​ដណ្តើម​​បាន​ជ័យ​ជម្នះ​ក្នុង​ថ្ងៃ​នេះ​​ គឺ​ដោយ​​សារ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​កម្លាំង​ និង​បច្ចេក​ទេស​អស់​ពី​សមត្ថភាព​ ។ ឯ​ក្រុម​ដែល​មិន​បាន​ទទួល​ជ័យ​​ជម្នះ​​ត្រូវ​ចាត់​ទុក​ថា ​នេះ​ជា​បទ​ពិសោធន៍​​បច្ចេក​ទេស​​ដែល​ត្រូវ​ព្យា​យាម​​ហ្វឹក​​ហាត់​ឱ្យ​បាន​ល្អ​ថែម​ទៀត​ដើម្បី​ទទួល​បាន​​ជ័យ​ជម្នះ​​ដូច​ក្រុម​ដែល​​ឈ្នះ​ក្នុងថ្ងៃ​នេះ​ដែរ ។

គួរ​បញ្ជាក់​ថា ព្រឹត្តិ​​ការណ៍​​នៃ​ការ​ប្រកួត​​បាល់​ទះ​ដណ្តើម​ពាន​រង្វាន់​​​ Leo-Cup Nationl Volleyball នេះ​ ចែក​ជា​២​ដំណាក់​កាល​ ដែល​ដំណាក់​កាល​ទី​១ ប្រកួត​ជម្រុះ​តាម​ភូមិ​ភាគ​ចំនួន​៥​មាន​​ មណ្ឌល​រាជ​ធានី​ភ្នំពេញ មណ្ឌ​​លខេត្ត​បាត់​ដំបង មណ្ឌល​ខេត្ត​សៀម​រាប មណ្ឌល​ខេត្ត​​កំពង់​ចាម និង​មណ្ឌល​​ខេត្ត​ព្រះ​សីហនុ ។ ក្នុង​ការ​ប្រកួត​ដំណាក់​កាល​ទី​១​នេះ រាជ​ធានី​​ភ្នំពេញយក​​៨​ក្រុម​ ឯ​ភូម​ិ​ភាគ​៤​ទៀត​យក​តែ​៤​ក្រុម​ប៉ុណ្ណោះ ក្នុង​មួយ​ភូមិ​ភាគ​​ ។ សរុប​ទាំង​៥​ភូមិ​ភាគ​​មាន​ចំនួន​២៤​ក្រុម​សម្រាប់​​ឡើង​មក​ប្រកួត​ដំណាក់​​​កាល​ទី​២​នៅ​រាជ​ធានី​ភ្នំពេញ​ ហើយ​ការ​ប្រកួត​តាម​ភូមិ​ភាគ​​គឺ​តាំង​ពី​ថ្ងៃ​ទី​១៤ ឧសភា មក​ម៉្លេះ ។ នៅ​ក្នុង​ការ​ប្រកួត​នេះ សម្រាប់​ក្រុម​​ដែល​ដណ្តើម​បាន​ជើង​ឯក​​ទទួល​​​រង្វាន់​ចំនួន​៤០​លាន​រៀល ៕