រាជធានីភ្នំពេញ ៖ ឡៅ ស៊ីណាត មកពីក្លិបទ័ពពិសេសឆត្រយោង៩១១ និងឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្តកីឡា បានចាញ់ហាលខោទាំង២នាក់នៅវគ្គប្រកួតជម្រុះក្នុងជុំទី១ នៃព្រឹត្តិការណ៍ប្រកួតដណ្តើមប្រាក់ធនាគារទម្ងន់៦៧គីឡូក្រាមនៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ កាលពីរសៀលថ្ងៃសៅរ៍ទី៤ សីហា កន្លងមកនេះ ។
ឡៅ ស៊ីណាត បានសម្រេចចិត្តបោះបង់ចោលការប្រកួតនៅមុនស្នូរជួងបញ្ចប់ទឹកទី៤ បន្ទាប់ពីដឹងថា មិនអាចទៅរួចជាមួយកីឡាករថៃ Pongtong Jetsada ចំណែកឡុង សុវណ្ណឌឿន បានសន្លប់ក្រោមកណ្តាប់ដៃកីឡាករ ប្រេស៊ីល Adayton នៅត្រឹមទឹកទី១ ប៉ុណ្ណោះ។
ស៊ីណាត ធ្លាប់សន្លប់នៅក្រោមកណ្តាប់ដៃកីឡាករថៃ Jetsada ចំនួន២លើកទាំងលើកនេះធ្វើឱ្យកីឡាករថៃរូបនេះបង្កើនស្ថិតិជ័យជម្នះចំនួន៥លើកជាប់គ្នាសម្រាប់ការមកប្រកួតនៅស្រុកខ្មែរទាំង៥លើក ។ ការជួបស៊ីណាតលើកមុន Jetsada បានធ្វើឱ្យស៊ីណាត សន្លប់នៅមុនស្នូរជួងបញ្ចប់ទឹក៣ ឯការជួបគ្នាលើកនេះទៀតថ្វីដ្បិតតែស៊ីណាត ព្យាយាមវាយសង្គ្រប់ទៅលើ Jetsada តាំងពីទឹកទី១រហូតដល់ទឹកទី៣ ដោយប្រើស្នៀតកណ្តាប់ដៃវាយចូលផ្ទៃមុខពេញៗ និងព្យាយាមវាយជង្គង់បន្ថែមទៀតយ៉ាងណាក៏ដោយ ប៉ុន្តែ Jetsada ហាក់មិនខ្លាចឡើយគេបានបញ្ជូនស្នៀតជង្គង់ និងស្នៀតជើងទាត់សងវិញយ៉ាងសាហាវបំផុត នៅចុងទឹកទី៣ និងទឹកទី៤ ។ នៅទឹកទី៣ស្នៀតជង្គង់ហោះរបស់ Jetsada បានបុកចូលទ្រូងស៊ីណាតពេញទំហឹង និងធាក់១ជើងទៀតចំពោះបណ្តាលឱ្យដួលក្រោកលែងរួច ត្រូវអាជ្ញាកណ្តាល លោកទេស សារិន រាប់៨ម្តង ។
ចូលដល់ទឹកទី៤ ស៊ីណាត រងនូវការវាយប្រហារកាន់តែសាហាវជាងមុនរហូតដល់ថ្នាក់ទ្រាំលែងបាន ត្រូវអាជ្ញាកណ្តាលរាប់៨សាជាថ្មីម្តងទៀត ។ ស៊ីណាត បាននិយាយថា ទាំងកម្លាំង និងស្នៀតប្រយុទ្ធរបស់ Jetsada ពិតជាខ្លាំងមែន ខ្លួនមិនអាចទប់ទល់បានឡើយ ហើយបើខ្លួនមិនបោះបង់ចោលការប្រកួតទេ ខ្លួនច្បាស់ជាត្រូវសន្លប់មិនខានឡើយ ។
ចំណែកឡុង សុវណ្ណឌឿន វិញ បានសន្លប់ក្រោមកណ្តាប់ដៃរបស់ Adayton ២លើកទាំងលើកនេះ ។ ការជួបគ្នាលើកនេះគ្រាន់តែស្នូរជួងទឹកទី១ មិនទាន់បញ្ចប់សំឡេងបានស្រួលបួលផង សុវណ្ណឌឿន ត្រូវ Adayton វាយចូលមុខ១ដៃពេញទំហឹងបណ្តាលឱ្យដួលផ្ងារជើង ប៉ុន្តែក្រោយពីអាជ្ញាកណ្តាលរាប់៨រួច ទើបគេអាចក្រោកប្រកួតបានវិញ ។ Adayton មើលឃើញសុវណ្ណឌឿន ដូចជាកូនឈ្លុសមួយក្បាលអីុចឹង គេបានស្ទុះចូលដេញវាយប្រហារគ្មានកោតញញើតបន្តិចសោះឡើយ ។ ម្តងនេះជង្គង់របស់ Adayton បានបុកចូលពោះទឹករបស់សុវណ្ណឌឿន ពេញៗ និងបានម៉ាត់ចូលមុខជាច្រើនដៃទៀត ធ្វើឱ្យសុវណ្ណឌឿន ដួលសន្លប់ក្រោកលែងរួចតែម្តង ។
ព្រឹត្តិការណ៍នៃការប្រកួតដណ្តើមប្រាក់ធនាគារដែលស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានរៀបចំធ្វើឡើងនាពេលនេះ គឺមានកីឡាករ៨រូបចូលរួម ។ Adayton និង Pongtong Jetsada ដែលទទួលជ័យជម្នះលើកនេះត្រូវរង់ចាំជួបអ្នកឈ្នះ២រូបទៀតដែលត្រូវឡើងមកប្រកួតជម្រុះនៅសប្តាហ៍ក្រោយ ។ កីឡាករទាំង៤រូបដែលត្រូវឡើងមកប្រកួតជម្រុះនៅសប្តាហ៍ក្រោយមាន២នាក់ជាកីឡាករខ្មែរ គឺពេជ្រ សីហា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងភេឌី ម៉ឺនសុភា មកពីក្លិបយុវជនអង្គរ ។ រីឯ២នាក់ទៀតជាកីឡាករបរទេស ម្នាក់មកពីអីុតាលី គឺកីឡាករ Simon Cecchini និង ម្នាក់ទៀត មកពីអ៊ូហ្គង់ដា គឺកីឡាករ Semata Uma ៕
ចែករំលែកព័តមាននេះ