រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣ សីហា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានឃាត់ខ្លួនពាណិជ្ជករខ្មែរម្នាក់បញ្ជូនទៅកាន់សាលាដំបូងដោយជាប់ពាក់ព័ន្ធពីបទរំលោភលើសេចក្តីទុកចិត្ត (ឆបោកប្រាក់អ្នកដទៃ) ។ ជនជាប់ចោទពាក់ព័ន្ធករណីខាងលើនេះឈ្មោះទ្រី រតនៈ ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅផ្ទះលេខ៩៧ ផ្លូវលេខ២៧៨ សង្កាត់អូរឡាំពិក ខណ្ឌចំការមន ។
ការឃាត់ខ្លួនជនសង្ស័យឈ្មោះទ្រី រតនៈ ពីបទរំលោភលើសេចក្តីទុកចិត្តត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌឱ្យដឹងថា យោងលើពាក្យបណ្តឹងរបស់ឈ្មោះឡោក រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៤E ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ជាមន្ត្រីរាជការ និងមានការសម្របសម្រួលពីស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញ។ ប្រភពបន្តថា ពាក្យបណ្តឹងរបស់ឈ្មោះឡោក រដ្ឋា បានបញ្ជាក់ថា កាលពីថ្ងៃទី៧ ធ្នូ ២០១១ វេលាម៉ោង៣រសៀលឈ្មោះទ្រី រតនៈ បានទាក់ទងជាមួយឈ្មោះឡោក រដ្ឋា នេះ ដើម្បីដាក់ទុនរកស៊ីភាគហ៊ុនទិញលក់កាតទូរស័ព្ទ០៩៧ ពេលនោះដើមបណ្តឹងក៏យល់ព្រមតាមការណែនាំរបស់ឈ្មោះទ្រី រតនៈ ទៅ ។ ពេលឯកភាពគ្នាហើយទ្រី រតនៈ បានសន្យាថា នឹងចែកប្រាក់ភាគលាភក្នុង១ខែ៦៦០ដុល្លារឱ្យទៅឈ្មោះឡោក រដ្ឋា គ្រាន់តែតម្រូវឱ្យឈ្មោះរដ្ឋា ដាក់ប្រាក់ចំនួន៥.៥០០ដុល្លារមុន ។ ប្រភពឱ្យដឹងទៀតថា ខណៈពេលដាក់ទុនរកស៊ីហើយចំនួន៣ខែដំបូងឈ្មោះទ្រី រតនៈ បានឱ្យភាគលាភទៅឈ្មោះឡោក រដ្ឋា ដូចដែលបានសន្យាគ្នានោះមែន ។ តែដល់ថ្ងៃទី២៨ កុម្ភៈ ២០១២ ឈ្មោះទ្រី រតនៈ តម្រូវឱ្យឡោក រដ្ឋា បន្ថែមប្រាក់៨.៥០០ដុល្លារបញ្ចូលក្នុងក្រុមហ៊ុនទៀត ដើម្បីពង្រីកមុខរបរឱ្យបានចំណេញកាន់តែច្រើន។ សរុបទៅទឹកប្រាក់ដែលឈ្មោះឡោក រដ្ឋា ប្រគល់ឱ្យទៅទ្រី រតនៈ ចំនួន១៤.០០០ដុល្លារ និងនៅកំប៉ិកកំប៉ុកក្រៅ២.៤៤៦ដុល្លារទៀត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ