ប្រវត្តិអន់ក្នុងការស៊ុតបាល់ប៉េណាល់ទីរបស់ក្រុមម្ចាស់ផ្ទះចក្រភពអង់គ្លេសពិតជាមិនអាចកែប្រែបានមែនរហូតមកដល់ពេលនេះ ។ នៅក្នុងការប្រកួតវគ្គ 1/4 ក្រុមចក្រភពអង់គ្លេសបានទទួលបរាជ័យយ៉ាងឈឺចាប់បំផុតក្នុងការស៊ុតបាល់ប៉េណាល់ទីចាញ់ក្រុមកូនបិសាចក្រហមអាស៊ី កូរ៉េខាងត្បូងដោយលទ្ធផល 5-4 នៅក្នុងពហុកីឡដ្ឋាន Millenniun កាលពីរាត្រីថ្ងៃសៅរ៍ទី៤ សីហា ឆ្នាំ២០១២ ។
នៅក្នុងដំណើរការប្រកួតតង់ទី១ ក្រុមភ្ញៀវកូរ៉េខាងត្បូងបាននាំមុខម្ចាស់ផ្ទះ 1-0 ក្នុងនាទីទី២៩ ស៊ុតបាល់បញ្ចូលទីដោយកីឡាករ Dong- Won Ji ក្រោយពីមានការបញ្ជូនបាល់ដ៏ល្អពីកីឡាករ Sung-Yongki ។ ការនាំមុខ 1-0 របស់ក្រុមកូរ៉េខាងត្បូងបានត្រឹមតែ៧នាទីប៉ុណ្ណោះ គឺនៅនាទីទី៣៦ កីឡាករខ្សែបម្រើ Ramsey មានឱកាសស៊ុតបាល់ប៉េណាល់ទីបាន១គ្រាប់តាមយកស្មើ 1-1 ។ រយៈពេល៩នាទីមុននឹងបញ្ចប់ការប្រកួតក្រុមទាំង២មិនអាចរកបាល់បញ្ចូលទីបានធ្វើឱ្យចប់ការប្រកួតតង់ទី១ ក្រុមទាំងពីរទទួលបានលទ្ធផលត្រឹមតែស្មើ 1-1 ។
ចូលមកដល់តង់ទី២ ទោះបីជាមានការវាយសម្រុកគ្នាយ៉ាងណាក្តី ក៏ក្រុមទាំងពីរមិនអាចស៊ុតបាល់បញ្ចូលទីគ្នាបានដែរ ធ្វើឱ្យចប់ការប្រកួតរយៈពេល៩០នាទី ក្រុមទាំងពីរ រក្សាបានលទ្ធផលស្មើ 1-1 ដដែល ។ ដោយសារមិនអាចរកជ័យជម្នះបានក្នុងការប្រកួតរយៈពេល៩០នាទីការប្រកួតបានអូសបន្លាយដល់ការបន្ថែមម៉ោង១៥នាទី២ដង ក៏ប៉ុន្តែក្រុមទាំងពីរនៅតែមិនអាចរកជ័យជម្នះបានទៀត ទើបការប្រកួតបានបន្តមកដល់ការកាត់សេចក្តីស៊ុតបាល់ប៉េណាល់ទី៥គ្រាប់ ។
នៅក្នុងការកាត់សេចក្តីស៊ុតបាល់ប៉េណាល់ទី កីឡាករ Sturridge ស៊ុតបាល់មិនបានសម្រេចធ្វើឱ្យក្រុមកូរ៉េខាងត្បូងយកឈ្នះចក្រភពអង់គ្លេសដោយលទ្ធផល 5-4 មានកៅអី១ឡើងទៅប្រកួតនៅវគ្គ 1/2 ជួបជាមួយប្រេស៊ីល ខណៈក្រុមម៉ិកស៊ិកត្រូវជួបជាមួយជប៉ុន នៅថ្ងៃអង្គារទី៧ សីហា ឆ្នាំ២០១២ ៕


ចែករំលែកព័តមាននេះ