ជាមួយនឹងលទ្ធផល២សិតទល់នឹងសូន្យលើនាងម៉ារីយ៉ា សារ៉ាប៉ូវ៉ា កាលពីថ្ងៃសៅរ៍ទី៤សីហានាំឱ្យនាងស៊េរីណា វីលៀម ទទួលបានមេដាយមាសអូឡាំពិកលើវិញ្ញាសាវាយកូនបាល់ជាលើកដំបូងក្នុងអាជីព ។ វាជាប្រវត្តិសាស្ត្រមួយហើយសម្រាប់កីឡាការិនីអាមេរិករូបនេះដែលបានយកឈ្នះនាងសារ៉ាប៉ូវ៉ាក្នុងលទ្ធផល ៦-០និង៦-១ដោយប្រើអស់ថិរវេលាតែ៦៣នាទីប៉ុណ្ណោះ ។
បន្ទាប់ពីទទួលបានជ័យជម្នះ កីឡាការិនីវ័យ៣០រូបនេះនិយាយថា៖«អូហ៍!ព្រះជាម្ចាស់ ខ្ញុំដណ្តើមបានមេដាយមាសអូឡាំពិកហើយ។ ខ្ញុំស្ទើរតែមិនជឿក្នុងរឿងនេះ ។ ខ្ញុំមិនដែលសង្ឃឹមថា អាចដណ្តើមបានមេដាយមាសលើវិញ្ញាសាវាយកូនបាល់ឯកត្តជននេះឡើយ ។ ខ្ញុំមិនបានគិតថា ការប្រកួតរបស់ខ្ញុំល្អប្រសើរជាងនៅក្នុងក្របខណ្ឌធំ Wimbledonនោះទេ ។ ខ្ញុំមិនដែលប្រកួតបានល្អឡើយក្នុងព្រឹត្តិការណ៍អូឡាំពិក ។ ខ្ញុំធ្លាប់តែរីករាយជាមួយនឹងមេដាយមាសវាយគូ ប៉ុន្តែក្នុងពេលនេះ ខ្ញុំទទួលបានភាពរីករាយជាមួយមេដាយមាសឯកត្តជន។ ពិតណាស់ អ្វីគ្រប់យ៉ាងគឺជ័យជម្នះលើវិញ្ញាសាវាយកូនបាល់» ។
ចំណែកកីឡាការិនីរុស្ស៊ី សារ៉ាប៉ូវ៉ា បានបន្ថែមថា ៖«ពិតមែនហើយ ស៊េរីណា លេងបានល្អហួសពីការស្មាន ។ ការលេងរបស់នាងស្ថិតនៅក្នុងទម្រង់ដ៏អស្ចារ្យមួយ ខ្លាំងនិងរឹងមាំ »។ សម្រាប់ស៊េរីណា ជ័យជម្នះមេដាយមាសលើកនេះអាចជាការប៉ះប៉ូវមួយយ៉ាងល្អទៅនឹងភាពអាម៉ាស់របស់ដែលនាងបានទទួលកាលពី២ខែកន្លងទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង ។ កាលនោះ នាងត្រូវវេចសម្ពាយដើរចេញទាំងជុំដំបូងក្នុងក្របខណ្ឌ French Openបន្ទាប់ពីបរាជ័យក្រោមថ្វីដៃកីឡាការិនីបារាំង Virginie Razzano។
ដោយឡែក នៅក្នុងការប្រកួតវិញ្ញាសាវាយកូនបាល់ឯកត្តជនក្នុងព្រឹត្តិការណ៍អូឡាំពិកលើកទី៦របស់នាងលើកនេះ ស៊េរីណាពិតជាធ្វើបានល្អគួរសម ដោយឆ្លងកាត់គូប្រកួត៤នាក់មាននាង សារ៉ាប៉ូវ៉ា នាងវិចតូរីយ៉ា អាហ្សារេនកា នាងការ៉ូលីន វ៉ូនីអាកគី និងនាងជេឡេណា ជែនកូវិច ស៊េរីណាចាញ់ពិន្ទុតែ ១៧វគ្គប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ