ខេត្តកំពង់ស្ពឺ ៖ ស្នូរផ្ទុះគ្រាប់មួយបានកើតឡើងនៅចំណុចដីក្រុមហ៊ុនម៉ូហ៊ីបា ស្ថិតក្នុងភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច កាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី៣ សីហា ២០១២ បណ្តាលឱ្យក្មេងជំទង់ម្នាក់ស្លាប់ភ្លាមមួយរំពេច និងកុមារ៣នាក់ទៀតរងរបួសធ្ងន់ និងស្រាលត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនក្នុងស្រុក ។
ទាក់ទិនករណីផ្ទុះគ្រាប់បែកនេះសមត្ថកិច្ចពុំទាន់ដឹងថា ជាគ្រាប់ប្រភេទអ្វីនៅឡើយទេ ។ នៅរសៀលថ្ងៃទី៣ សីហា ២០១២ ក្មេងជំទង់ម្នាក់ និងកុមារ៣នាក់ ក្នុងនោះមានកុមារីម្នាក់ផងបានទៅឃ្វាលគោនៅចំណុចដីចំការក្បែរក្រុមហ៊ុនម៉ូហ៊ីបា ហើយប្រទះឃើញគ្រាប់ដែលគេគ្របស្លឹកឈើចោលរង់ចាំការបំផ្លាញរបស់សមត្ថកិច្ច ។ បន្ទាប់ពីឃើញហើយក្មេងជំទង់ម្នាក់អាយុច្រើនជាងគេ ឈ្មោះឆែម បូរ៉ា អាយុ១៧ឆ្នាំ រស់នៅភូមិសំបួរ ឃុំតាំងស្យា ស្រុកភ្នំស្រួច បានរើសគ្រាប់នោះមកបង្ហាញកុមារ៣នាក់ទៀត ១-ឈ្មោះយឿង សុខណេង អាយុ១០ឆ្នាំ ភេទស្រី ២-ឈ្មោះវ៉ាត់ តុង ភេទប្រុស អាយុ១០ឆ្នាំ និង៣-ឈ្មោះឆែម សុវណ្ណ ភេទប្រុស អាយុ៨ឆ្នាំ ក្មេងទាំងអស់រស់នៅភូមិ-ឃុំជាមួយគ្នា ។ ប្រភពបន្តថា ខណៈពេលយកមកបង្ហាញ ក្មេងជំទង់ឈ្មោះឆែម បូរ៉ា បានគប់ទៅដីលេងក៏បណ្តាលឱ្យផ្ទុះលាន់កក្រើកដីផ្សែងខ្មៅ ខ្មួលខ្មាញ់ដួលរដូករណែលស្លាប់ម្នាក់ឈ្មោះឆែម បូរ៉ា និង៣នាក់ទៀតរងរបួសធ្ងន់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ