រាជធានីភ្នំពេញ ៖ ពលករ ពលការិនីចំនួន១៩នាក់ ចង់ទៅធ្វើការនៅប្រទេសកូរ៉េពួកគេបានចំណាយប្រាក់ក្នុងម្នាក់ៗចាប់ពីជាង១ពាន់ដុល្លាររហូតដល់៣ពាន់ដុល្លារទៅឱ្យមេខ្យល់ក្នុងភាពជឿជាក់បំផុត ប៉ុន្តែក្រោយមកស្រាប់តែមានការជ្រួលច្របល់កើតឡើងដោយសារតែដល់ពេលត្រូវណាត់គ្នាឡើងយន្តហោះចេញដំណើរទៅប្រទេសកូរ៉េ បែរជាគ្មានយន្តហោះជិះ ចំណែកឯមេខ្យល់ធំបានគេចខ្លួនបាត់ស្រមោលនៅសល់តែបក្សពួក៤នាក់ប៉ុណ្ណោះ ក៏បានប្តឹងឱ្យសមត្ថកិច្ចប៉ូលិសខណ្ឌពោធិ៍សែនជ័យ និងប៉ូលិសប៉ុស្តិ៍សង្កាត់កាកាប ឃាត់ខ្លួនដើម្បីសួរនាំ និងរកដំណោះស្រាយ កាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី៣ សីហា ២០១២ នៅក្នុងផ្ទះល្វែងបុរីអាកាសចរណ៍មុខអាកាសយានដ្ឋានភ្នំពេញ អន្តរជាតិ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ពលករ ពលការិនីទាំងនោះបានឱ្យដឹងថា មេខ្យល់ដែលបោកពួកគេថា នាំទៅធ្វើការនៅប្រទេសកូរ៉េនោះមេខ្លោងធំមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ស្គាល់តែបក្សពួកប៉ុណ្ណោះ គឺ១-ឈ្មោះឡុក ស៊ីដូ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកលក់ដូរនៅផ្សារជម្ពូវ័ន មានទីលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះគុជ សុផា ភេទស្រី អាយុប្រមាណ៣៥ឆ្នាំ ៣-ឈ្មោះពុត សុផល ភេទស្រី អាយុ២៦ឆ្នាំ និង៤-ឈ្មោះម៉េង សាវ៉ុន ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំង៣ជាកម្មករមានទីលំនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្រុមពលករ ពលការិនី ទាំងនោះបានឱ្យដឹងទៀតថា កន្លងមកក្រុមមេខ្យល់ខាងលើបានអះអាងថា ពួកគេបានក្រុមហ៊ុននាំទៅធ្វើការនៅក្រៅប្រទេសត្រឹមត្រូវ និងបានធ្វើការបំផុសបំផុលឱ្យពួកគេចុះឈ្មោះចូលធ្វើការដោយប្រាប់ថា បានប្រាក់ខែថ្លៃទៀតផង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ