រាជធានីភ្នំពេញ ៖ ម៉ោង៤និង១០នាទីរសៀលថ្ងៃទី៣ សីហា នៅចំណុចស្តុបកៅដាយ តាមមហាវិថីម៉ៅសេទុងកែងផ្លូវលេខ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងដាច់ហ្វ្រាំងបើកឡើងចិញ្ចើមផ្លូវជ្រុលទៅបុករះបង្គោលភ្លើងស្តុបបាក់ រួចបន្តទៅបុកបង្គោលភ្លើងគោមបំភ្លឺផ្លូវបណ្តាលឱ្យទ្រេត ហើយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកដើមអង្កាញ់របើកមួយផ្ទាំងទៀតទើបអស់ល្បឿនតែមិនបណ្តាលឱ្យមនុស្សម្នាក់រងរបួសទេ ។
តាមសម្តីអ្នកបើករថយន្តបានឱ្យដឹងថា មុនពេលកើតហេតុគាត់បើករថយន្តតាមមហាវិថីម៉ៅសេទុងពេលមកដល់ចំណុចភ្លើងស្តុបរថយន្តដាច់ហ្វ្រាំងមិនដឹងគេចទៅណា ទើបសម្រេចចិត្តបើកឡើងលើចិញ្ចើមផ្លូវជ្រុលទៅបុកបង្គោលភ្លើងស្តុបបាករាបដល់ដី ហើយជ្រុលទៅបុកបង្គោលដងគោមបំភ្លឺផ្លូវទ្រេតបន្តិច ហើយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកដើមអង្កាញ់ដែលមានទំហំមុខកាត់ប្រមាណ៧តឹក បណ្តាលឱ្យរបើកសម្បកមួយផ្ទាំងទើបរថយន្តអស់ល្បឿនទៅមុខលែងរួច ។
អ្នករត់ម៉ូតូឌុបឈ្មោះសុខ សាវ៉េត ភេទប្រុសអាយុ២៦ឆ្នាំ បានឱ្យដឹងថា ពេលនោះគាត់កំពុងអង្គុយនៅលើម៉ូតូសង់កូរ៉េ ពណ៌ក្រហម រង់ចាំដឹកម៉ូយនៅចិញ្ចើមផ្លូវជិតស្តុប ស្រាប់តែឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍ ពណ៌សលាយទឹកប៊ិច បើកតាមមហាវិថីម៉ៅសេទុង ពីត្បូងទៅជើង លឿនស្លេវគ្មានបង្អង់សោះ សំដៅមកគាត់ក៏លោតចេញពីលើម៉ូតូ តែសំណាងល្អរថយន្តមិនបានកិនលើម៉ូតូគាត់ទេ ដោយរេចង្កូតទៅបុកបង្គោលភ្លើងស្តុបកិនដួលរាបដល់ដី រួចបន្តទៅបុកបង្គោលភ្លើងគោមបំភ្លឺផ្លូវ និងដើមអង្កាញ់ទៀត ទើបរថយន្តអស់ល្បឿន ។
ក្រោយពេលកើតហេតុអ្នកបើករថយន្តបានចុះរត់ចោលរថយន្តគេចខ្លួនបាត់ បន្ទាប់មកទើបមានតំណាងក្រុមហ៊ុនចេញមុខមកដោះស្រាយ ។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងដំណំ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោកដើម្បីដោះស្រាយសំណងតាមផ្លូវច្បាប់។ ការបើកបរដោយមិនបានត្រួតពិនិត្យសុវត្ថិភាពយានយន្តដូចជាសម្បកកង់ ឬហ្វ្រាំងជាដើមតែងបង្កគ្រោះថ្នាក់បែបនេះឯង ៕



ចែករំលែកព័តមាននេះ