រាជធានីភ្នំពេញ ៖ មន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានប្រាប់ថា មន្ត្រីសវនកម្មជាតិពីរនាក់បងប្អូនត្រូវជនសង្ស័យប្រដាប់អាវុធភ្ជង់គំរាមប្លន់យកចិញ្ចៀនពេជ្រ និងកាបូបលុយបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៤ សីហា ២០១២ នៅមុខនាយកដ្ឋានភាពយន្តផ្លូវលេខ២០០ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្រោយពីជនរងគ្រោះចេញពី ហាងលក់បបរ.ស យីហោតាយតាយ បម្រុងឡើងរថយន្ត ។
ជនរងគ្រោះដែលជួបសំណាងអាក្រក់ត្រូវជនប្រដាប់អាវុធភ្ជង់ប្លន់មិនរំខានដល់នគរបាលប៉ុស្តិ៍បឹងរាំង នេះ ត្រូវបានគេស្គាល់ឈ្មោះវង្ស វិសាល ភេទប្រុស អាយុ៣០ឆ្នាំ ធ្វើការនៅសវនកម្មជាតិ និងបងស្រីឈ្មោះវង្ស បទុម អាយុ៣២ឆ្នាំ ។ បុរសរងគ្រោះបានឱ្យកងរាជអាវុធហត្ថដឹងថា មុនពេលកើតហេតុខ្លួន និងបងស្រីបានជិះរថយន្តម៉ាកតូយ៉ូតាហាយប្រ៊ីត ស៊េរី២០០៩ ពណ៌ទឹកប្រាក់ មកឈប់លើកំណាត់ផ្លូវលេខ២០០ មុខនាយកដ្ឋានភាពយន្ត ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ គោលបំណងទៅហូបអាហារនៅហាងតាយតាយដែលមានទីតាំងកែងផ្លូវលេខ២០០ និងមហាវិថីព្រះមុនីវង្ស ។
បន្ទាប់ពីស្រស់ស្រូបអាហាររួចជនរងគ្រោះទាំង២នាក់ នាំគ្នាមកកន្លែងចតរថយន្តហើយបានបើកទ្វាររថយន្តបម្រុងចូល ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ មកឈប់ក្បែរ ហើយដកកាំភ្លើងមិនចាំម៉ាកភ្ជង់ និងវាយមួយស្នាប់កាំភ្លើងចំកញ្ចឹង.កគំរាមឱ្យដោះចិញ្ចៀនពេជ្រ ។ មិនតែប៉ុណ្ណោះក្រុមចោរប្រដាប់អាវុធនេះបានដណ្តើមយកកាបូបលុយពីស្ត្រីម្នាក់ដែលជាបងរបស់បុរសរងគ្រោះខាងលើទៀតផង ។ ក្រោយពីធ្វើសកម្មភាពប្លន់ដោយសុវត្ថិភាព ហើយនោះ ក្រុមចោរបានជិះម៉ូតូដែលសាក្សីអះអាងថា មានបិទរូបម្រាមដៃប្រាំនៅនឹងស្លាកលេខគេចខ្លួនបាត់។ ជនរងគ្រោះទាំងពីរនាក់បងប្អូនបានបញ្ជាក់ប្រាប់ឱ្យសមត្ថកិច្ចដឹងថា ចិញ្ចៀនពេជ្រដែលចោរប្លន់យកទៅបាត់មានតម្លៃប្រហែលជា២.០០០ដុល្លារ ហើយក្នុងកាបូបនោះមានលុយប្រហែល៣.០០០ពាន់ដុល្លារ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ